អានតួអត្ថបទ

កូរ៉េខាងជើង​លុបចោល​ជំនួប​ខ្លី នៅព្យុងឆាង ជាមួយ​អនុប្រធានាធិបតី​អាមេរិក

ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យដឹង​ថា ជំនួបខ្លីមួយ រវាង​លោក​អនុប្រធានាធិបតី​អាមេរិក និង​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង ត្រូវ​បាន​គ្រោង​ធ្វើ នៅ​ក្នុង​អំឡុង​ពិធី​បើក​ការប្រកួតកីឡា​អូឡាំពិក​នៅ​កូរ៉េ​ខាង​ត្បូង។ ក៏ប៉ុន្តែ ជំនួប​នេះ​ត្រូវ​បានភាគី​កូរ៉េ​ខាងជើង​លុបចោល​ទៅវិញ​ ក្រោយ​ពី​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence ​បាន​រិះគន់​របបក្រុងព្យុងយ៉ាង ដោយ​ចាត់ទុកថា​ជា « របបឃាតក”។

លោកអនុប្រធានាធិបតី​អាមេរិក Mike Pence នៅ​លើវេទិកា​កិត្តិយស​​ក្នុង​កម្មវិធី​បើក​កីឡាអូឡាំពិក​នៅ​ព្យុងឆាង
លោកអនុប្រធានាធិបតី​អាមេរិក Mike Pence នៅ​លើវេទិកា​កិត្តិយស​​ក្នុង​កម្មវិធី​បើក​កីឡាអូឡាំពិក​នៅ​ព្យុងឆាង © Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

នា​ឱកាស​អញ្ជើញ​ទៅ​ចូល​រួម​បើក​កម្មវិធី​កីឡាអូឡាំពិក​រដូវ​រងារ​នៅកូរ៉េខាង​ត្បូង អនុប្រធានាធិបតី​អាមេរិក លោក បាន​ត្រៀម មាន​ជំនួប​​ជាមួយ​​កូរ៉េខាង​ជើង​ ដើម្បី​បាន​បញ្ជាក់​អំពី​ភាព​ចាំបាច់​នៃ​ការ​បោះបង់​កម្មវិធីមីស៊ីល​បាលីស្ទិក និង​​នុយក្លេអ៊ែរ​​ហើយ​ តែ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េខាង​ជើង បែរ​ប្តូរ​ចិត្ត​នៅ​នាទី​ចុងក្រោយ លុប​ចោល​គម្រោង​ជំនួប​ដ៏​ខ្លី​នោះ​ទៅ​វិញ។ នេះ​បើ​សេចក្តី​ថ្លែងការណ៍​របស់អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​អាមេរិក​ ដែល​បាន​បន្ថែម​ទៀត​ថា អាមេរិក​សោកស្តាយ​ដែល​កូរ៉េខាង​ជើង​មិន​ចេះ​ឆក់​ឱកាស តែ​អាមេរិក​មិន​ឈប់​ធ្វើការ​រិះគន់​ រំលឹក​អំពី​ការ​គោរព​សិទ្ធិមនុស្ស​ទេ​។

នៅមុន​នេះ​បន្តិច អគ្គលេខា​របស់លោក​អនុប្រធានាធិបតី​ក៏​បាន​ចេញ​ថ្លែងការណ៍​ស្តីអំពី​ ការ​ខក​ខាន​ជំនួប​នេះ​ដែរ​ ដោយ​បានអះអាង​ថា កូរ៉េខាង​ជើង​ចង់​មាន​ជំនួប ដោយ​សង្ឃឹម​ថា​លោក​អនុប្រធានាធិបតីអាច​​​បន្ទន់​សារ ដើម្បី​ព្យុងយ៉ាង​បាន​ឱកាស​ប្រើ​ឆាក​អូឡាំពិក​សម្រាប់​បំបោង​ឃោសនា​នយោបាយ។ ប៉ុន្តែ​ លោក Mike Pence មិនត្រឹម​តែ​មិន​បន្ទន់​ឥរិយាបថ​ទេ តែ​ថែម​ទាំង​បានបន្ត​ការ​រិះគន់សកម្មភាព​​រំលោភ​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ​គ្មាន​ដូច ដោយ​ចាត់​ទុក​របប​ព្យុងយ៉ាង ថា​ជា​រប​បឃាតករ និង​ប្រកាស​កម្មវិធី​ដាក់​ទណ្ឌកម្ម​មួយ​ខ្សែទៀត។ គឺ​ទំនង​ដោយ​សារ​មូលហេតុ​នេះហើយ បាន​ជា​កូរ៉េខាង​ជើង​ដក​ថយ​ ឬ​ក៏​ទំនង​មក​ពី​ពួកគេ​គ្មាន​ភាព​ស្មោះ​ត្រង់​នឹង​បើក​ជំនួប។ នេះ​បើ​តាម​​អគ្គលេខា​របស់​លោកអនុ​ប្រធានាធិបតី​ដដែល។

​រដ្ឋបាល​លោក​ត្រាំ មាន​ជំហរ​យ៉ាង​ច្បាស់​លាស់​ ប្រឆាំង​ដាច់​ខាត​នឹង​គំនិត​របស់​គីមជុងអ៊ុន​ដែល​ចង់​ប្រើ​កីឡាអូឡាំពិក​សម្រាប់​មកលុប​លាង​ខ្លួន​បាន​ឡើយ។ ក្នុង​អំឡុង​ពេល​បើក​ប្រកួត​កីឡាអូឡាំពិក​នៅ​ព្យុងឆាង កូរ៉េខាងជើងបាន​បើក​ប្រតិបត្តិការ​ចែចង់​ បញ្ជូន​កីឡាករ សិល្បករ អ្នករាំ និង​ប្រតិភូ​ជាន់​ខ្ពស់បាន​​ទៅ​កូរ៉េខាង​ត្បូង ក្នុង​នោះ​ម្នាក់​ជា​ប្អូន​ស្រី​បង្កើត​លោក​គីមជុងអ៊ុនផង។ ប្រធានាធិបតី​កូរ៉េខាង​ត្បូង បាន​ចាប់​ដៃ​ លោកស្រី គីម ជុងយ៉ូ​ និង​ប្រតិភូ​ផ្សេងៗ​ទៀត​ ជា​សាធារណៈ។ ឯ​លោក​អនុប្រធានាធិបតី​អាមេរិក​ដែល​អង្គុយក្បែរ​នោះ គ្មាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ជាមួយ​ប្រតិភូ​កូរ៉េខាង​ជើង​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ