អានតួអត្ថបទ

ឥណ្ឌូណេស៊ី​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បន្ទន់​ជំហរ​ជុំវិញ​ឧស្សាហកម្ម​ដូងប្រេង

ឥណ្ឌូណេស៊ី​ ដែល​ជា​ប្រទេស​​ដាំដូងប្រេង​លំដាប់​លេខមួយ​នៅ​លើ​ពិភពលោក កំពុង​ខិត​ខំ​ចរចា​សុំ​សហភាព​អឺរ៉ុប​ឱ្យ​ឈប់​ប្រកាន់​យក​បទដ្ឋានបរិស្ថាន​អឺរ៉ុប​ដ៏​តាន​តឹង​ ប្រឆាំង​នឹង​ឧស្សាហកម្ម​ដូង​ប្រេង​។ សម្រាប់​សហភាព​អឺរ៉ុប ឧស្សាហកម្មដូងប្រេង​ ជា​ចំណែក​មួយ​នៃ​ការ​កាប់បំផ្លាញ​​ព្រៃឈើ​។ អឺរ៉ុប​គ្រោង​នឹង​ហាមឃាត់​ការ​ចម្រាញ់​ប្រេង​ពី​ដំណាំ​ដូងប្រេង​នេះ​ចាប់​ពី​ឆ្នាំ​២០២១​ទៅ។

​​កោះ Bornéo របស់​ឥណ្ឌូណេស៊ី​ ​​ប្តូរ​ទិដ្ឋភាព​ពី​ព្រៃ​ទៅ​ជា​ចំការ​ដំណាំ​ដូងប្រេង
​​កោះ Bornéo របស់​ឥណ្ឌូណេស៊ី​ ​​ប្តូរ​ទិដ្ឋភាព​ពី​ព្រៃ​ទៅ​ជា​ចំការ​ដំណាំ​ដូងប្រេង BAY ISMOYO / AFP
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​និង​ឥណ្ឌូណេស៊ី ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​​កំពុង​បើក​កិច្ចចរចាផ្តោះប្តូរ​ពាណិជ្ជកម្ម​​រវាង​គ្នា​ ដែល​អាច​មាន​ទំហំ​ទឹក​ប្រាក់ដល់​ទៅ​ដល់​ទៅ ៣៥​ពាន់​លាន​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។ ជា​ចរចា​ដំណាក់កាល​ចុងក្រោយ​ផង។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឥណ្ឌូណេស៊ី បាន​ស្នើ​សុំ​ទៅ​សហភាពអឺរ៉ុប ឱ្យ​ប្រកាន់​យក​ច្បាប់​ របស់​ឥណ្ឌូណេស៊ី​ ស្តី​អំពី​ការ​គោរពបទដ្ឋាន​អភិវឌ្ឍន៍​បរិស្ថាន និង​ឈប់​ប្រើ​ច្បាប់​ដ៏​តឹង​រឹង​របស់​អឺរ៉ុប​ ទាក់ទង​នឹង​ឧស្សាហកម្ម​ដូង​ប្រេង ដូច​ដែល​សហភាព​បាន​ស្នើ​ឡើង​កាលពី​ខែ​មេសាមុន។ នេះ​បើ​តាម​ឯកសារ​សម្ងាត់​ដែល​ភ្នាក់ងារ​ព័ត៌មាន​បារាំង​ទទួល​បាន។

​ជាប់​លំដាប់​លេខ​មួយ​ពិភពលោក​ខាង​នាំ​ចេញ​ផលិត​ដូងប្រេង ​ ​ឥណ្ឌូណេស៊ី​​បាន​ដុត​បំផ្លាញ​ព្រៃ​រាប់​រយ​ពាន់​ហិចតារ​ក្នុង​មួយ​ឆ្នាំៗ ភាគ​ច្រើន​ដោយ​ខុស​ច្បាប់ ដើម្បី​វាត​ដីដាំ​ដូងប្រេង ដែល​​​ជា​វិស័យ​យុទ្ធសាស្ត្រផ្នែក​នាំ​ចេញ​​របស់​ប្រទេស និង​មាន​បទដ្ឋាន​សុវត្ថិភាព​បរិស្ថាន​ធូររលុង​ខ្លាំង ហើយ​មិន​សូវ​មាន​​គោរព​តាម​ទៀត។

ប៉ុន្តែ​សម្រាប់​សហភាព​អឺរ៉ុប ដំណាំដូងប្រេង​ បាន​ទាំង​បំផ្លាញ​ព្រៃ​ត្រូពិក និង​គំរាម​កំហែង​ការ​ផុត​ពូជ​នៃ​សត្វ​ព្រៃ​មួយចំនួន​ដូច​ជា សត្វស្វា​អ៊ូរ៉ង់អ៊ូតង់ និង​សត្វ​ខ្លា​ស៊ូម៉ាត្រា ជា​ដើម។ ហេតុដូច្នេះ​ហើយ បាន​សភាអឺរ៉ុប ចង់​ហាមឃាត់​ការ​ធ្វើ​ឧស្សាហកម្ម​ដូង​ប្រេង​ដើម្បី​ចម្រាញ់ជា​ប្រេង​ឥន្ធនៈ​ចាប់​ពី​ឆ្នាំ​២០២១​ទៅ​។

ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ដែល​ក៏​ជា​ប្រទេស​នាំ​ចេញ​ផលិតផល​ដូង​ប្រេង​ដ៏​សំខាន់​មួយ​ដែរ ធ្លាប់​បាន​សម្តែង​ការ​ប្រឆាំង​នឹង​គម្រោង​ច្បាប់​អឺរ៉ុប​​រួច​ហើយ ដោយ​ពន្យល់​ថា​ការ​ហាមឃាត់​ដំណាំ​ដូង​ប្រេងនឹង​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាសហគមន៍​ក្រីក្រ​តាម​ជនបទ​។ នៅ​ពេល​នេះ ក្រៅ​អំពី​ស្នើ​សុំ​ឱ្យ​សហភាព​អឺរ៉ុប​បន្ធូរ​បន្ថយ​ជំហរ ហ្សាការតាក៏​បាន​សុំ​ឱ្យ​អឺរ៉ុប​ចាត់​វិធានការ​បិទ​បញ្ចប់​ការ​ឃោសនា​អវិជ្ជមានថា​ដូងប្រេង​មាន​ឥទ្ធិពល​មិន​ល្អ​ចំពោះ​សុខភាព​។

សូម​បញ្ជាក់​ថា​ផលិតផល​ដូងប្រេង អាចប្រើ​បាន​ច្រើន​​យ៉ាង ​ ចម្រាញ់​ជាប្រេង​ឥន្ធនៈ ​និង​ដោយ​ទូលំទូលាយជា​គ្រឿង​ផ្សំ​ប្រេង​ក្នុង​​ចំណី​អាហារ​ ជា​ផលិតផលកែសម្ផស្ស ដែលអឺរ៉ុប​​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់ទៅ​ហើយ ​​ក្រោម​សម្ពាធ​អ្នក​បរិស្ថាន។​ ​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​និង​តំណាង​សហភាព​អឺរ៉ុប បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ទាក់​ទង​នឹង​ប្រធានបទ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ