rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា ថៃ ជីវិតឯកជន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រមុខ​យោធា​ភូមា​ទទួល​មេដាយ​កិត្តិយស​ពីរាជាថៃ

media
ឧត្តមសេនីយ៍ Min Aung Hlaing ប្រមុខ​យោធា​ភូមា Handout / MYANMAR ARMED FORCES / AFP

ប្រមុខ​យោធា​ភូមា លោកឧត្តមសេនីយ៍ Min Aung Hlaing មិន អ៊ុងឡាំង ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ ថ្ងៃសុក្រ​​នេះ បាន​ទទួល​មេដាយ​កិត្តិយស​ពី​ព្រះ​មហាក្សត្រ​ថៃ​។ ការ​ផ្តល់​កិត្តិយស​នេះ ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​ដែល​ទាហាន​​ភូមា ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ រង​ការ​រិះគន់​និង​ចោទ​ប្រកាន់​ពី​សហគមន៍​អន្តរជាតិ​ថាបាន ប្រព្រឹត្ត​ទង្វើ​សម្លាប់​រង្គាល​បោស​សម្អាត​ពូជសាសន៍​រ៉ូហ៊ីងយ៉ា​។


នៅក្នុង​ទំព័រ​សង្គម​ហ្វេសប៊ូក ដែល​ក្លាយ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​ជា​ប្រពៃណី​របស់អ្នក​ដឹកនាំ​ភូមា ឧត្តមសេនីយ៍​​ មិន អ៊ុងឡាំង បាន​បង្ហោះ​​រូបថត​លោក​ ឈរ​ញញឹម​ពព្រាយ​ ក្បែរ​សមភាគី​ថៃ ទទួល​​​មេដាយ​កិត្តិយសជាន់ខ្ពស់​​រូប​ដំរីស ​របស់​ព្រះ​មហាក្សត្រថៃ។ កម្មវិធី​បំពាក់​មេដាយ​កិត្តិយស​ដល់​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​បរទេស ជា​ប្រពៃណី​របស់​ថៃ​តាំ​ងពី​យូរ​យា​មក​ហើយ​ ដើម្បី​ជា​កិច្ច​តប​ស្នង​គុណ​​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិត​ល្មួត​រវាង​ស្ថាប័ន​យោធា​ទាំង​ពីរ​​ប្រទេស។ នេះ​បើ​​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ថៃ។

បើ​តាម​ប្រភព​រាជវាំង​ថៃ ​ព្រះ​មហាក្សត្រ​ មហាវជ្ជរ៉ាឡុងកន បាន​ផ្តល់​​កិត្តិយស​​ បំពាក់មេដាយ​​ជូន​ប្រមុខ​យោធា​ភូមា លោក ឧត្តមសេនីយ៍​ មិន​អ៊ុងឡាំង ​ដែល​​បាន​ជួយ​គាំទ្រ​យោធា​ថៃ​។ រាជវាំង​ថៃ​បានជូន​ដំណឹង​​នេះ កាល​ពី​​ថ្ងៃទី ២១​សីហា ២០១៧ ពោល​គឺ​ពីរ​បី​ថ្ងៃ​មុន​ការ​បើក​យុទ្ធនាការ​យោធា​នៅភាគ​ខាង​លិច​ប្រទេស​ភូមា​ម្ល៉េះ។

ប៉ុន្តែ​ការ​ផ្តល់​មេដាយ​កិត្តិយស​នេះ កំពុង​ធ្វើ​ឱ្យក្រុម​​អ្នក​ការពារ​សិទ្ធិ​មនុស្សភ័នភាំង​យ៉ាង​ខ្លាំងណាស់ ព្រោះសម្រាប់​អង្គការការពារសិទ្ធិមនុស្ស​​Fortify Rights ​លោក មីន អ៊ុងឡាំង ជា​មេដឹកនាំ​យោធា ដែល​បាន​សម្លាប់​មនុស្ស​ទាំង​ហ្វូង ដោយ​គ្មាន​រអារ​នឹ​ងទោសទណ្ឌអ្វី​ទេ។ ​ភូមា​បាន​ជាប់​ចោទ​ថា​បាន​ប្រព្រឹត្ត​​អំពើ​បោស​សម្អោត​ពូជសាសន៍​ តាំង​ពី​ចុង​ខែ​សីហាមក តាម​រយៈ​ប្រតិបត្តិការ​យោធា​ កម្ចាត់​ពួក​ឧទ្ទាម​បះបោរ​រ៉ូហ៊ីងយ៉ា ដែល​បាន​ធ្វើ​ឱ្យ​ជនភាគតិច​​កាន់​សាសនា​អ៊ីស្លាមមួយ​​​ក្រុម ​នាំ​គ្នា​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នៅ​បង់ក្លាដែស​ជិត​ខាង។ យោធា​និង​យុទ្ធជន​ប្រដាប់​អាវុធ​ពុទ្ធសាសនា​ ជាប់​ចោទ​ថា​បាន​សម្លាប់ រំលោភ​ ធ្វើទារុណកម្ម ធ្វើ​ឃាត ដុត​បំផ្លាញ​ភូមិដ្ឋាន​រ៉ូហ៊ីងយ៉ា រួច​ឈូស​បំបាត់​តែ​ម្តង។

កាលពីថ្ងៃអង្គារ​អង្គការ​សហប្រជាជាតិបាន​បង្ហាញ​ការ​សោក​ស្តាយ​ ​ជា​សាធារណៈ​ចំពោះ​សម្ពាធ​និ​ងការ​គំរាម​កំហែង​ឥត​ឈប់​​​របស់​អាជ្ញាធរ​ភូមា​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅក្នុង​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​​ដ៏​កម្រ ​ស្តី​ជា​វិបត្តិ​មនុស្សធម៌។ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​ថែម​ទាំង​បរិហារ ការ​សម្លាប់​រង្គាល​ ធ្វើ​ទុក​បុក​ម្នេញ​ កប់​មនុស្ស​ទាំង​រស់​នៅភូមា ដោយ​ហៅ​សកម្មខ្លះ​ថា​ជា​ទង្វើ​​ព្រៃផ្សៃ៕