rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ អំពើពុករលួយ ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អតីត​ស្នងការ​ប៉ូលិស​ជាតិ​ថៃត្រូវ​កោះហៅ​ឲ្យឆ្លើយបំភ្លឺ ពី​លុយ​​ដែល​ខ្ចី​ពី​មេបន

media
លោកសម យុទ្ធ ពុមប៉ាន់មួង កាល​នៅ​ធ្វើ​ជា​ប្រធាន​ប៉ូលិស​ជាតិ​ថៃ មុន​នឹង​មក​ក្លាយ​​ជា​ប្រធាន​សមាគម​​បាល់ទាល់​ © AFP PHOTO / PORNCHAI KITTIWONGSAKUL

ក្រុមស៊ើបអង្កេត​ថៃ​នៃ​ការិយាល័យ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​កោះហៅ​អតីត​ស្នងការ​ប៉ូលិស​ជាតិ​ថៃ ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ ពី​ប្រាក់​ដែល​បាន​ខ្ចី​ពី​មេបន ដ៏​ល្បីឈ្មោះ ក្នុង​ក្រុង​បាងកក។ សំណុំរឿង​នេះ​បាន​ឆ្លុះបញ្ចាំង​ជាថ្មី ពី​ការស៊ុំគ្រលំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ថៃ ដែល​បាន​បិទភ្នែក បណ្តោយ​ឲ្យឧស្សាហកម្ម​ផ្លូវភេទ រីក​កាក់កប ជាថ្នូរ​នឹង​ការសូកប៉ាន់ របស់​ក្រុមមេបន។

 


លោក​សម យុទ្ធ ពុមប៉ាន់មួង អតីត​មេប៉ូលិស​ជាតិ​ថៃ បាន​បង្ហាញ​ខ្លួន នៅថ្ងៃ​នេះ នៅចំពោះ មុខ​ក្រុមអ្នកស៊ើបអង្កេត​របស់​ការិយាល័យ​ប្រយុទ្ធប្រឆាំង​ការជួញដូរ ដែល​ចង់​ដឹង​អំពី​ទឹកប្រាក់ ជិត ១០​លាន​ដុល្លារ ដែល​លោក​សម យុទ្ធ បាន​ខ្ចី​ពី​ម្ចាស់បន ដ៏​ល្បី​ឈ្មោះ​មួយ​កន្លែង របស់​ក្រុង​បាងកក។

 

ការិយាល័យ​ប្រយុទ្ធប្រឆាំង​ការជួញដូរ បាន​កោះហៅ​អតីត​ស្នងការ​ប៉ូលិស​ជាតិ​ថៃ នៅ​បន្ទាប់​ពី​ប៉ូលិស​បាន​បើកការបង្រ្កាប បិទ​ផ្ទះបន​ដ៏​មហាសាល​មួយ ក្នុង​ក្រុងបាងកក កាលពី​ខែ មករា​មុន។ នៅ ប្រទេស​ថៃ ពេស្យាចារ​ជា​អំពើ​ខុសច្បាប់ ប៉ុន្តែ គេ​កម្រ​នឹង​ឃើញ​ការបង្រ្កាប​ទៅលើ​ផ្ទះបន ដែល​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ផ្លូវភេទ រីកដុះដាល និង​ជា​ប្រភព​ជំនួញ មាន​បាន របស់​មហាសេដ្ឋី​ថៃ។

សូមអាន៖ឧបនាយករដ្ឋមន្រ្តី ថៃ​ជួប​រឿង​អាស្រូវ​ពុករលួយ​ដោយសារ​ពាក់​នាឡិកា​ម៉ាក​ថ្លៃ

 

ប៉ូលិស​ថៃ អន្តរាគមន៍ ចេញមុខ​បង្រ្កាប ផ្ទះបន តែ​នៅពេល​ណា​ដែល​គេ​លឺ​ថា មាន​កុមារ​ក្រោមអាយុ​បម្រើការ​ផ្លូវភេទ តែប៉ុណ្ណោះ។ ជាក់ស្តែង នៅ​ខែ​មករា ប៉ូលិស​បាន​សម្រុក​បិទ​ផ្ទះបន Victoria Secret ដ៏​ធំសម្បើម​ក្នុង​ក្រុង​បាងកក។ នៅក្នុង​ចំណោម​ស្រ្តី​បម្រើផ្លូវភេទ ១០០​នាក់ ដែល​ប៉ូលិស​ឃាត់ខ្លួន មាន​១៣​នាក់ ជាជនរងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស។ នៅក្នុង​ប្រតិបត្តិកា​ចុះបិទ​ផ្ទះបន គេ​រកឃើញ​ផងដែរ​បញ្ជីរ​រាយ​ឈ្មោះ​ប៉ូលិស និង​មន្រ្តី​រដ្ឋាភិបាល ដែល​បាន​ទទួល​សំណូក តាំង​ពី​អាហារ ភេសជ្ជៈ ឬ​ម៉ាស្សា​របស់​ផ្ទះបន។

 

នៅ​សប្តាហ៍មុន លោក​សមយុទ្ធ ដែល​ពេល​នេះ​បាន​ក្លាយ​ជា​ប្រធាន​សមគម​បាល់ទាត់ នៅ​ប្រទេស​ថៃ បាន​លើកឡើង​ពី​មិត្តភាព​ដ៏ល្អូកល្អឺន​​របស់លោក​ជាមួយ​ Kampol Wirathepsuporn ម្ចាស់ផ្ទះបន ដែល​បាន​ឲ្យ​លោក​ខ្ចី​ប្រាក់​ដល់​ទៅ​ជិត​ ១០​លាន​ដុល្លារ កាល​លោក​នៅ ធ្វើ​ជា​ប្រធាន​ប៉ូលិស​ជាតិ​ថៃ។ សម្រាប់​អតីត​ស្នងការប៉ូលិស​ជាតិ​ថៃ​រូបនេះ ដំណើរការ​ខ្ចីប្រាក់​ពី​មិត្ត​របស់​លោក បាន​ធ្វើឡើង​តាមផ្លូវច្បាប់ ហើយ​លោក​ក៏​មិន​បាន​ជជីក​សួរ មិត្ត​របស់លោក ពី​ប្រភព​ប្រាក់ចំណូល ដែល​គេ​បាន​ឲ្យ​លោក​ខ្ចី​នោះដែរ។ Kampol Wirathepsuporn ម្ចាស់ផ្ទះបន ហើយ​និង​ប្រពន្ធ​ត្រូវ​បានប៉ូលិស​ចាប់​ឃុំខ្លួន នៅក្នុង​ប្រតិបត្តិការ​ចុះ​បិទផ្ទះបន Victoria secretនៅ​ខែ​មករា។

 

រឿងអាស្រូវ ពុករលួយ​របស់​ប៉ូលិស ដែល​ទាក់ទង​នឹង​ការជួយញដូរ​មនុស្ស ឬ​ពេស្យាចារ មិនមែន​ជា​រឿង​ថ្មី​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ សំណុំរឿង​លើកនេះ កំពុង​បន្ថែម​ធ្វើ​ឲ្យ​របបសឹក​ថៃ បាក់មុខ​មួយកម្រិតទៀត។ របបសឹកថៃ របស់​លោក​ប្រាយុទ្ធ ចាន់អូចារ​ដែលបាន​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ រដ្ឋាភិបាល​របស់លោកស្រី​យីងឡាក់ នៅ​ឆ្នាំ ២០១៤ បាន​សន្យា​បោសសម្អាត​អំពើពុករលួយ​ក្នុង​ជួររដ្ឋាភិបាល​របស់លោក។ ប៉ុន្តែ រឿងអាស្រូវ​ពុករលួយ ជា​បន្តបន្ទាប់​របស់​មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល ដែលនៅក្នុង​នោះ​មានផងដែរ ឧបនាយក​រដ្ឋមន្រ្តី​ថៃ ដែល​ជា​ ដៃស្តាំ​របស់​លោក​ប្រាយុទ្ធ ចាន់អូចារ កំពុង​ធ្វើ​ឲ្យ​មុខមាត់​របស់​របបសឹក កាន់តែ​ធ្លាក់ចុះ មួយកម្រិតទៀត៕