អានតួអត្ថបទ
ថៃ

ថៃ​ប្រើបច្ចេកវិទ្យា​ថតភ្នែក​របស់​កម្មករ​បម្រើការ លើ​ទូត​នេសាទ ក្នុង​សមុទ្រ

នៅក្នុង​ឱកាស​អបអរ​កំណែទម្រង់ នៅក្នុង​ផ្នែក​ឧស្សាហកម្ម​នេសាទ​សមុទ្រ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បានលើកឡើង​ថា ក្រសួង​បានប្រើ​បច្ចេកវិទ្យា​ថត​ភ្នែក​របស់​កម្មករ​លើ​ទូកនេសាទ ក្នុង​ក្របខ័ណ្ឌ​នៃការចុះ​ឈ្មោះ​ពលករ ដែល​បម្រើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​នេសាទ​ថៃ។ នៅពី​ឆ្នាំ ២០១៥ សហភាព​អឺរ៉ុប​បាន​គំរាម​លែង​ឲ្យ​នាំចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ថៃ បើសិន​អាជ្ញាធរ​ថៃ​មិន​ព្រម​លុបបំបាត់​ទាសភាព និង​ការជួញដូរ​មនុស្ស ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​បានលើកឡើង​ថា នៅ​តែ​បន្ត​កើតមាន​ទៅលើ​កម្មករ​ដែល​ធ្វើការ​លើទូក​នេសាទ​ថៃ។ 

កម្មករ​បរទេស​បម្រើការ​នៅលើ​ទូកនេសាទ​ថៃ នៅ​ខេត្ត​សាមុត សាកន នៅខែ​មករា ២០១៨
កម្មករ​បរទេស​បម្រើការ​នៅលើ​ទូកនេសាទ​ថៃ នៅ​ខេត្ត​សាមុត សាកន នៅខែ​មករា ២០១៨ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ដ៏​ខ្លី​ជាមួយ​អ្នកកាសែត នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ថៃ បាន​និយាយ​ថា តាំង​ពី​ខែ​តុលា​ឆ្នាំមុន គេ​បានប្រើ​បច្ចេកវិទ្យា​ថតភ្នែក​របស់​កម្មករ ប្រមាណ ៧ម៉ឺននាក់ ដែល​កំពុង​ធ្វើការ​នៅ​លើ​ទូក​នេសាទថៃ។ នេះ​ជា​ផ្នែក​មួយ​នៃការចងក្រង​ទិន្នន័យ ដែល​នឹង​អាច​ជួយ​គេ​កំណត់​អត្តសញ្ញាណ របស់​ពលករ​ដែល​បម្រើការ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​នេសាទ។ ក្រៅតែ​ពី​ប្រើបច្ចេកវិទ្យា​ថតភ្នែក អាជ្ញាធរ​ថៃ គ្រោង​នឹង​ចុះ​ប្រមូល​ផងដែរ ក្រយៅដៃ និង​ថតមុខ​កម្មករ​នៅលើ​ទូកនេសាទ។

 

លោក ពេតចារ៉ាត ស៊ីណយ Petcharat Sinauy អនុលេខា​អចិន្រ្តៃយ៍​របស់​ក្រសួង​ការងារ​វិញ​បាន​អះអាងថា បច្ចេកវិទ្យា បាន​ជួយ​ឲ្យ​អាជ្ញាធរ​ចុះស្រង់ ដោយ​ប្រសិទ្ធិភាព តួលេខ​កម្មករ​ដែល​បម្រើការ​នៅលើ​ទូកនេសាទ​ថៃ។ ការថតមុខ ឬ​ថតភ្នែក​របស់​កម្មករ ធ្វើឡើង​ដើម្បី​ឲ្យ​គេ​ច្បាស់​ក្នុង​ចិត្ត​ថា កម្មករ​ធ្វើការ​តែ​នៅលើ​ទូកមួយ ដែល​គេ​បាន​ចុះឈ្មោះ ប៉ុន្តែ មិនអាច​ទៅធ្វើការ​នៅ​លើ​ទូក​មួយទៀត ក្នុង​ពេល​តែ​មួយនោះទេ។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដើម្បីទប់ស្កាត់ ការលក់ ជួញដូរ កម្មករ​បរទេស ក្នុង​ចំណោម​ម្ចាស់ទូក​នេសាទ​ថៃ។

 

ជំនួញ​ផ្នែក​នេសាទ​ថៃ ជាប់​ចំណាត់ថ្នាក់​លេខ ៤ ធំ​លើ​លោក ប៉ុន្តែ ពឹង​អាស្រ័យ​ខ្លាំង​ទៅលើ​កម្លាំង​ពលករ​បរទេស មក​ពី​ប្រទេស​កម្ពុជា ភូមា និង​ឡាវ។ នៅ​ឆ្នាំ ២០១៥ សហភាព​អឺរ៉ុប​បាន​ចេញ​កាតលឿង ព្រមាន លែង​ឲ្យ​នាំចូល​គ្រឿងសមុទ្រ ពី​ប្រទេស​ថៃ នៅក្រោយ របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​លើកឡើង​ពីការរំលោភ​សិទ្ធិ​មនុស្ស ការលក់ដូរ​កម្មករ និង​អំពើហិង្សា ទៅលើ​កម្មករ​អន្តោប្រវេសន៍ នៅលើ​ទូក​នេសាទ​ថៃ។ នៅ​ឆ្នាំ ២០១៦ គេ​វាយតម្លៃថា ការនាំចេញ គ្រឿងសមុទ្រ​ថៃ ទៅអឺរ៉ុប មាន​តម្លៃ ៤២៧​លាន​អឺរ៉ូ។

រដ្ឋាភិបាល​របបសឹក​ថៃ បាន​ចាប់​បើក​ការបង្រ្កាប ដោយ​ចាប់ឃាត់ខ្លួន​ជនសង្ស័យ ជួញដូរ​មនុស្ស​១០០នាក់ និង​បាន​រំដោះ​ជនរងគ្រោះ ១៦០នាក់។ នៅក្នុង​របាយការណ៍​របស់​ខ្លួន ចេញផ្សាយ​នៅ​ខែ​មករា មុន អង្គការ ​Human Rights Watch បាន​វាតយម្លៃថា នៅ​៣​ឆ្នាំ​ក្រោយ​នៃ​ការដាក់​សម្ពាធ​ពី​សហភាព​អឺរ៉ុប សកម្មភាព​បង្រ្កាប​របស់​អាជ្ញាធរ​ថៃ ផ្តល់​លទ្ធផល​បាន​តិចតួច និងថា អំពើហិង្សា ការកេងកម្លាំង បង្ខំ​ឲ្យ​កម្មករ​អន្តោប្រវេសន៍ ធ្វើការ គ្មានស្គាល់​យប់ថ្ងៃ និង​ក្នុង​តម្លៃ​ពលកម្ម​ដ៏ទាប នៅ​តែ​បន្តមាន លើ​ទូកនេសាទ​ថៃ។

 

នៅ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៥ អត្ថបទ​អង្កេត​របស់​កាសែត​អង់គ្លេស The Guardian និង​ទីភ្នាក់ងារ​អាមេរិកាំង​Associated Press​បាន​បង្ហាញ​ថា ជារឿយៗ ជនអន្តោប្រវេសន៍ ដែល​មកពី​ភូមា កម្ពុជា​ជាដើម​បាន ចាញ់បោក​មេខ្យល់ ​ធ្លាក់ក្នុង​អន្ទាក់ របស់​ពួកឈ្មួញ​ជួញដូរ មនុស្ស ដែល​បាន​លក់​ពួកគេ ទៅ​ឲ្យម្ចាស់ទូក​នេសាទថៃ។ សាក្សី​ជាច្រើន​បាន​និយាយ​ថា នៅពេល​កម្មករ​បរទេស បាន​ឡើង​ដល់​ទូក ពួកគេ​ត្រូវ​ចាត់ទុក​ជា​ទាសករ ដែល​អាច​ត្រូវ​ម្ចាស់ទូក វាយធ្វើបាប ឬ​ក៏អាច​ត្រូវ​គេ​សម្លាប់ បំបិទដាន ទៅក្នុង​ទឹកសមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ