អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូរ៉េខាងជើង

អនុប្រធានាធិបតី អាមេរិក​ប្រកាស​ជំហរ​ចង់​​ចរចា​ជាមួយ​កូរ៉េខាងជើង

រដ្ឋបាល​អាមេរិក​នឹង​នៅ​តែ​បន្ត​ដាក់​គំនាប​ខ្លាំង​បំផុត ដើម្បី ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ ប៉ុន្តែ បើសិន​កូរ៉េខាងជើង​ចង់​ចរចា នោះ អាមេរិក​នឹង​អាច​ចរចា​ជាមួយ​បាន។ អនុ​ប្រធានាធិបតី អាមេរិក លោក​Mike Pence បាន​និយាយ​យ៉ាងដូច្នេះ នៅថ្ងៃ​ចន្ទ​នេះ គឺ​នៅ​បន្ទាប់​ពីលោក​បាន​ចូលរួម​បើកសម្ពោធ ការប្រកួត​កីឡាអូឡាំពិក រដូវត្រជាក់ នៅ​ទីក្រុង​ព្យុងឆាង។ ព្យុងឆាង ដែល​កត់សំគាល់​ដោយ​ការខិតចូល​ជិត​គ្នា រវាង​បងប្អូន​កូរ៉េ ទាំងពីរ ដែល​មិនធ្លាប់មាន នៅក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ។

លោកអនុប្រធានាធិបតី អាមេរិក​អង្គុយ​នៅ​ជិត​​ ពីមុខ​ប្អូនស្រី​របស់​លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅថ្ងៃ​បើកសម្ពោធ​កីឡាអូឡាំពិក​រដូវត្រជាក់​នៅថ្ងៃ​សុក្រ​ទី​៩​កុម្ភៈ​២០១៨
លោកអនុប្រធានាធិបតី អាមេរិក​អង្គុយ​នៅ​ជិត​​ ពីមុខ​ប្អូនស្រី​របស់​លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅថ្ងៃ​បើកសម្ពោធ​កីឡាអូឡាំពិក​រដូវត្រជាក់​នៅថ្ងៃ​សុក្រ​ទី​៩​កុម្ភៈ​២០១៨ © Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​យន្តហោះ ដឹកលោក​ចេញពី ទីក្រុង​សេអ៊ូល សំដៅ​ទឹកដី​អាមេរិក លោក​អនុប្រធានាធិបតី អាមេរិក Mike Pence បាន​និយាយ​ប្រាប់​អ្នកកាសែត​ម្នាក់ របស់​Washington Post ថា រដ្ឋាភិបាល​អាមេរិក​នៅតែ​បន្ត​ការប្តេជ្ញាចិត្ត ក្នុង​ការដាក់​សម្ពាធ​ជា​អតិបរមា លើ​កូរ៉េខាងជើង រហូត​ដល់​ថ្ងៃ​ដែល​ប្រទេស​នេះ សុខចិត្ត​លះបង់​ចោល​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ការដាក់​សម្ពាធ​នឹង​នៅ​តែ​បន្តមាន ប៉ុន្តែ ជាមួយ​គ្នានោះ អាមេរិក​ក៏​នឹង​បើកទ្វារ ឲ្យ​មាន​ការចរចា ត្រីភាគី គឺ​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​អាមេរិក។ ការចរចា ដែល​បើតាម​លោក​ Mike Pence នឹង​អាច​បើកផ្លូវ​ឲ្យ​មាន​ជំនួប​ដោយ​ផ្ទាល់​រវាង​អាមេរិក ហើយ​និង​កូរ៉េខាងជើង។

អនុប្រធានាធិបតី អាមេរិក លោក​Mike Pence បាន​ធ្វើដំណើរ​ទៅ ព្យុងឆាង ក្នុង​បំណង​រារាំង កុំ​ឲ្យ​កូរ៉េខាងជើង ទាញ​យក​ផលចំណេញ ពី​ការប្រកួត​កីឡាអូឡាំពិក។ លោក​ធ្លាប់​បាន​ព្រមាន​រួចហើយ កុំ​ឲ្យ​ព្យុងយ៉ាង យក​ការប្រកួត​កីឡាអូឡាំពិក​ជា​ចំណាប់ខ្មាំង​សម្រាប់​ការចរចា​ណាមួយ។ ប៉ុន្តែ តាំង​ពី​ថ្ងៃ បើកប្រកួត​កីឡាអូឡាំពិក គ្រប់គ្នា រួម​ទាំង​អនុប្រធានាធិបតី​អាមេរិក​សុទ្ធ​តែ​បាន​ឃើញថា ថ្នាក់ដឹកនាំ និង​កីឡាករ​របស់​ប្រទេស​កូរ៉េ​ទាំងពីរ​បាន​បង្ហាញ​ភាពស្និទ្ធស្នាល មិនធ្លាប់​មាន។

នៅថ្ងៃ​សៅរ៍ ប្អូនស្រី​ពៅ​របស់មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅ​បាន​ជូនសំបុត្រ​របស់​បងប្រុស ដែលនៅក្នុង​នោះ លោក​គីម ជុងអ៊ុន​បាន​អញ្ជើញ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចៃអ៊ីន​ឲ្យ​ធ្វើទស្សនកិច្ច នៅ​ក្រុងព្យុងយ៉ាង។

សូមអាន៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​អរគុណ​​លោក​ត្រាំ​ដែល​បាន​​ជួយ​ឱ្យ​មាន​ជំនួប​ចរចា​ជាមួយ​កូរ៉េ​ខាងជើង

អាមេរិក លើក​ឡើង​ពី​លទ្ធភាព​ចង់​ចរចា​ជាមួយ​កូរ៉េខាងជើង នៅពេលនេះ ព្រោះថា អាមេរិក ប្រហែល ជា​លែង​អាច​ទប់​ជាប់ ចំណង់​របស់​កូរ៉េខាងត្បូង ដែល​ចង់​បាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​កូរ៉េខាងជើង ដែល​បាន​ក្លាយ​ជា​បងប្អូន​សត្រូវ​នឹងគ្នា តាំង​ពី​សង្រ្គាម​កូរ៉េ ឆ្នាំ ១៩៥៣។ នៅថ្ងៃចន្ទនេះ អនុប្រធានាធិបតី អាមេរិក បានបញ្ជាក់​ថា អាមេរិក និង​កូរ៉េខាងត្បូង បាន​និយាយ​ត្រូវរ៉ូវ​គ្នា​រួចហើយ​ពី​នយោបាយ​ការទូត ដែល​គេ​ត្រូវ​ធ្វើ​ជាមួយ កូរ៉េខាងជើង។ គេ​អាច​កាត់យល់​បានថា កូរ៉េខាងត្បូង​និយាយចរចា​ជាមួយ​កូរ៉េខាងជើង មែន ប៉ុន្តែ កូរ៉េខាងត្បូង ត្រូវ​តែ​អនុវត្ត ដើរតាម​ខ្សែបន្ទាត់​នយោបាយ​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ