អានតួអត្ថបទ

ប្រមុខការទូត​អង់គ្លេស​ទៅ​ភូមា ដើម្បី​និយាយ​ពី​វិបត្តិ​រ៉ូហ៊ីងយ៉ា

ប្រមុខ​ការ​ទូតអង់គ្លេស​កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ី ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​សំណុំ​រឿង​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។ នៅ​ថ្ងៃអាទិត្យ ទី ១១​កុម្ភៈ នេះ បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​លោកស្រី អ៊ុងសានស៊ូជី ដើម្បី​ជជែក​អំពី​ប្រធានបទរ៉ូហ៊ីងយ៉ា ​ដ៏​រសើប​បំផុត រដ្ឋមន្រ្តីការបរទេស​អង់គ្លេស លោក បូរីស ចនសាន់ បាន​បន្ត​ដំណើរចុះ​​ទៅដោយ​ផ្ទាល់​ដល់​​​រដ្ឋ រ៉ាក់ឃីនទៀត។ ដំណាក់កាល​បន្ទាប់ លោក​​ឆ្លង​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ។

ប្រមុខ​ការទូត​អង់គ្លេស​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ប្រទេស​បង់ក្លាដែស ថ្ងៃទី ១០ កុម្ភៈ ២០១៨
ប្រមុខ​ការទូត​អង់គ្លេស​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ប្រទេស​បង់ក្លាដែស ថ្ងៃទី ១០ កុម្ភៈ ២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ពិភាក្សា​គ្នា នា​ទីក្រុង​ណៃពិដោ លោក បូរីស ចនសាន់ និងលោកស្រី អ៊ុង សានស៊ូជី បាន​ជជែក​គ្នា​ដោយ​ច្បាស់ៗ​និង​ចំ ប្រកប​ដោយ​ភារៈ អំពី​ស្ថានភាព​ទូទៅ​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន ព្រមទាំង​អំពី​ដំណើរ​វិល​ត្រលប់​របស់​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ទៀត​ផង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ប្រភព​ការទូត​​ភូមា ចេញ​ផ្សាយ​នៅ​ក្នុង​ទំព័រ​សង្គម​ហ្វេសប៊ូក។

ប៉ុន្តែ​គ្មាន​សោះ​ការ​លេច​ធ្លាយ​ខ្លឹមសារ​លម្អិត​ណាមួយ​ ថា​តើជំនួប​រវាង​​​ប្រមុខ​ការ​ទូត​ទាំង​ពីរ ជជែក​អំពី​​ប្រធានបទ​អ្វី​ទេ បើ​ទោះ​បី​ជា​ពេល​នេះអង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រកាន់​ក្រុម​យោធា​ភូមា ពីបទ​បោស​សម្អាត​ជាតិ​ពិន្ធុ​នៅភាគ​ខាង​លិច​ប្រទេស រហូត​ជំរុញ​ឱ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាង​៧០​ម៉ឺននាក់ តាំង​ពី​ខែ​សីហា​២០១៧មក​​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែល​ជិត​ខាង។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង់គ្លេស​ មុន​នឹង​មក​ដល់​ភូមា លោក​ប្រមុខ​ការទូត​អង់គ្លេស បាន​ឆៀង​ចូល​ប្រទេស​បង់ក្លាដែស។ នៅទីនោះ​លោក​បាន​ជួប​ និង​បាន​ចុះទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ជំរំ​ ដែល​ប្រមូល​ផ្តុំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ ប្រមាណ​កន្លះ​លាន​នាក់​ ដើម្បី​ស្តាប់ឮ​ដោយ​ផ្ទាល់​អំពីភាព​លំបាក​លំបិន​របស់​ពួកគេ។ លោក បូរីស ចនសាន់ បាន​ប្រកាស​ថា វា​គឺ​ជា​ការ​ចាំបាច់​ដែល​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ត្រូវ​ត្រលប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់ពួកគេ​វិញ នៅ​រដ្ឋ​រ៉ាឃីន ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការ​ស្ម័គ្រ​ចិត្ត​ ​​ក្នុង​ក្របខ័ណ្ឌ​​សុខ​សុវត្ថិភាព​គ្រប់គ្រាន់ និង​ដោយ​សក្តិសម។

សូម​បញ្ជាក់​ថា ដំណើរ​មក​កាន់​ភូមា​របស់​ប្រមុខ​ការទូត​អង់គ្លេស ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​ភូមា​ហាក់​កំពុង​បាត់​បង់​ទំនុក​ចិត្ត​លើ​​សហគមន៍​អន្តរជាតិ ដោយ​យល់​ថា​សហគមន៍​នេះ កាន់​ជើង​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជ្រុល។ ចំណែក​ខាង​យោធា ដែល​រង​ការ​ចោទ​ប្រកាន់​ខ្លាំង​ជាង​គេ ទើបបាន​ទទួល​ស្គាល់​ថា ទាហាន​និង​អ្នក​ភូមិ​កាន់​សាសនាព្រះពុទ្ធ​ ពិត​ជា​បាន​ចាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដោយ​គ្មាន​អាណិត​អាសូ​រមែន។ ជា​ភាសា​សារភាព​ជា​សាធារណៈ​ដំបូង ចំពោះទង្វើ​រំលោភសិទ្ធិមនុស្ស បន្ទាប់​ពី​បដិសេធដាច់​ខាត​អស់​ជា​ច្រើន​ខែ។ ប៉ុន្តែការ​អង្កេត​ នៅ​ជួប​​ការ​លំបាក​ខ្លាំង ព្រោះអ្នកកាសែត​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ​បានទេ។ អ្នកកាសែត​របស់​ភ្នាក់ងារReuters​ពីរ​នាក់ កំពុង​ជាប់​ឃុំឃាំង តាំ​ងពី​ជាង​ពីរ​ខែ​មក​ហើយ ដោយ​សារ​តែ​បាន​ដឹកនាំ​អង្កេត​ស្តីពី​ការ​សម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ពី​សំណាក់យោធា និង​អ្នកភូមិកាន់​ពុទ្ធសាសនា។ អ្នក​ទាំ​ងពីរ​អាច​នឹង​ត្រូវ​ទទួល​ជាប់​ពន្ធនាគារ​១៧​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ