rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

JO ព្យុងឆាង ៖ គីមជុងអ៊ុន អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅព្យុងយ៉ាង

ដោយ អៀង សុខម៉ិញ

ក្នុងខណៈ​​ដែល​វិញ្ញាសាប្រកួត​​​កីឡាដណ្តើម​មេដាយ​​ បាននិង​កំពុង​​ចាប់​ផ្តើម វិញ្ញាសាការទូត​អូឡាំពិក​ក៏​បាន​និង​កំពុង​បន្ត​សកម្មភាព​របស់​ខ្លួន​យ៉ាង​សកម្ម​ដែរ។ លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ម៉ូន ចែអ៊ីន បាន​ជួប​សន្ទនា​ជា​មួយ​តំណាង​ប្រតិភូ​ជាន់​ខ្ពស់​ពិសេស​របស់​កូរ៉េខាង​ជើង រួម​មាន លោកស្រី គីម យូជុង ​ប្អូន​ស្រី​ពៅ​របស់​ប្រមុខ​គីមជុនអ៊ុន និង​ប្រធាន​សភាជាតិ​ លោក គីម យ៉ុងណាម នៅ​វិមាន​ប្រធានាធិបតី នៅ​ថ្ងៃ​សៅរ៍​ទី ១០​ កុម្ភៈ ២០១៨។

លោក ម៉ូន ចែអ៊ីន បាន​ថែមទាំង​បាន​ទទួល​ការ​អញ្ជើញ​ពី​សំណាក់​ប្រមុខ​គីម អ៊ុនជុន ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង​ទៀត​ផង។​

បន្ទាប់​ពី​បាន​ចាប់​ដៃ​​តំណាង​ប្រតិភូ​កូរ៉េខាង​ជើង ជា​សាធារណៈ កាលពី​ថ្ងៃ​ម្សិលមិញ ក្នុង​កម្មវិធី​បើក​ប្រកួត​កីឡាអូឡាំពិក​ នៅ​ថ្ងៃ​នេះ ប្រធានាធិបតី​កូរ៉េខាង​ត្បូង ម៉ូន ចែអ៊ីន បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​​លោក គីម យ៉ុងណាម ប្រធានសភា​ជាតិ​ ដែល​ជា​តាម​ពិធីការ​ជា​ប្រមុខ​រដ្ឋកូរ៉េខាង​ជើង (តួនាទីកិត្តិយស) និង​ជាពិសេស​លោកស្រី គីម យ៉ូជុង ជា​​​ប្អូន​ស្រីរបស់​បុរសខ្លាំង​​កូរ៉េខាង​ជើង នៅ​វិមាន​ប្រធានាធិបតី នា​ទីក្រុង​សេអ៊ូល​។

ខាង​កូរ៉េខាង​ត្បូង គេ​ឃើញ​មាន​វត្តមាន​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី លោក ជុង អើយ៉ុង Chung Eui-yong នាយក​ការិយាល័យប្រធានាធិបតី លោក លីម ចុងសើក Lim Jong-seok និង​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េទាំង​ពីរ លោក Cho Myong-gon។

លោកស្រី គីម យ៉ូជុង តំណាង​ពិសេសរបស់កូរ៉េខាងជើង

នេះ​ជា​ជំនួប​ជាន់ខ្ពស់​បំផុត ដែលកូរ៉េខាង​ត្បូង​មាន​ជំនក់​ចិត្ត​តាម​ដាន​បំផុត​ ព្រោះ​នេះ​ជា​លើក​ទី​មួយហើយ​ ​ដែល​តំណាង​គ្រួសារ​អ្នក​កាន់​អំណាចផ្ទាល់​​នៅ​កូរ៉េខាង​ជើង​​បាន​ធ្វើ​ដំណើរ​មក​ភាគ​ខាង​ត្បូង គិត​ចាប់​តាំង​ពី​កូរ៉េ​ទាំង​ពីរ​បាន​បែក​គ្នា​មក។ ជា​ជំនួប​ប្រកប​ដោយ​ភាព​រាក់ទាក់ រីករាយ​ស្រស់ស្រាយ អបដោយ​​ពិធី​ពិសារ​អាហារ​ថ្ងៃត្រង់​រួម​គ្នា​។ កិច្ច​ពិភាក្សា​ មាន​រយៈ​ពេល​ប្រមាណ​បី​ម៉ោង។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​កំពុង​ពិភាក្សា​ជាមួយប្រតិភូ​ព្យុងយ៉ាង​លោក Kim Yong-nam (ស្តាំ) និងលោកស្រី Kim Yo-jongប្ទូន​ស្រី​គីមជុងអ៊ុន ថ្ងៃទី ១០ កុម្ភៈ២០១៨ Yonhap via REUTERS

ថ្វី​បើ​លោក​ស្រី គីម យ៉ូជុង មាន​តួនាទី​តាម​ផ្លូវពិធីការ​ទាប​ជាង លោក គីម ជុងណាម មែន ប៉ុន្តែ​ដំណើរ​មក​កាន់​ក្រុង​សេអ៊ូល​របស់​លោកស្រី មាន​តម្លៃ​ជា​និម្មិតរូប​ខ្លាំងអស្ចារ្យ​មែន​ទែន ព្រោះ​លោកស្រី​ជា​សមាជិក​គ្រួសារ​ត្រកូល​គីម​ ដំបូង​គេ​បង្អស់​ ដែល​បាន​ដាក់​ជើង​ជាន់​ដី​កូរ៉េខាង​ត្បូង គិត​ចាប់​តាំងពី​សង្គ្រាម​បែង​ចែង​កូរ៉េជា​ពីរ​មក មិន​តែ​ប៉ុណ្ណោះ លោកស្រី ដែល​មាន​វ័យ​ទើប​ប្រមាណ​២៨​ឆ្នាំ និងដែល​ទើប​ត្រូវ​បាន​បង​ប្រុស​គីមជុងអ៊ុន ប្រគល់​តួនាទី​ជា​សមា​ជិក​ការិយាល័យ​នយោបាយ​ កាលពី​ខែ​តុលា ២០១៧ ជា​អ្នក​ដឹកនាំ​នាយក​ដ្ឋាន​ឃោសនា​នយោបាយ​របស់​បក្ស​ពលករ​កូរ៉េខាង​ជើង។ គីម​ជុងអ៊ុន និង​គីម យ៉ូជុង ជា​កូន​សំណព្វចិត្ត​របស់​លោក​គីម​ជុងអ៊ីល។ លោកស្រី​គឺ​ជា​តំណាង​ពិសេស និង​ដ៏​សក្តិសម​របស់​ប្រមុខ​គីម​ជុងអ៊ុន។​ នា​ឱកាសទទួល​ទាន​អាហារ​ពិភាក្សា​គ្នា​នេះ លោកស្រី ​បាន​ប្រគល់​លិខិត ​របស់​លោក គីម​ ជុងអ៊ុន អញ្ជើញលោក ម៉ូន ចែអ៊ីន ទៅ​ព្យុងយ៉ាង​ ដើម្បីជួប​ចរចា​គ្នា​ស្តារទំនាក់ទំនង​រវាង​កូរ៉េទាំង​ពីរ​បាន​ប្រសើរ​ឡើង។

បើ​តាម​អ្នក​នាំ​ពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខា​ងត្បូង ប្រមុខ​ដឹកនាំព្យុងយ៉ាង​ចង់​ឱ្យ​រៀប​ចំ​ឱ្យ​មាន​ជំនួប​រវាង​លោក​ ម៉ូន ចែអ៊ីន និង​លោក គីម​ជុងអ៊ុន នៅ​ក្នុង​ពេល​ដ៏​ឆាប់ៗ​ខាង​មុខ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ក៏​ប៉ុន្តែ​លោកប្រធានាធិបតី​កូរ៉េខាង​ត្បូង មិន​ទាន់​បាន​ផ្តល់​ចម្លើយ​តប​វិញទេ។ លោក ម៉ូន ចែអ៊ីន បាន​ត្រឹម​តែ ទទួល​យក​សំណើ​នេះ ប្រកប​ដោយ​កា​រពេញ​ចិត្ត និង​​ផ្តល់​សញ្ញា​វិជ្ជមាន ថា​កូរ៉េទាំង​ពីរ​នឹង​​បន្ត​ខិតខំ​ធ្វើ​រួម​គ្នា ដើម្បី​ធ្វើ​យ៉ាង​ណា​ស្វែង​រក​លក្ខខណ្ឌ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រួល​ឱ្យ​មាន​ជំនួប​ នៅ​ព្យុងយ៉ាង សម្រេច​បាន​ដូច​បំណង។

ប្រសិន​បើ​លោក ម៉ូន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង​ ដើម្បី​មាន​ជំនួប​ជាមួយ​ប្រមុខ​គីម ជុងអ៊ុន​ មែន នោះ​ពិត​ជា​ព្រឹត្តិការណ៍​ដ៏​កម្របំផុត និង​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​​ពី​ឆ្នាំ​២០០៧​មក ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​និង​ខាង​ត្បូង​បាន​ជួប​គ្នា និង​ជា​លើក​ទី​បី​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិ​ជម្លោះ​កូរ៉េ។ ជំនួប​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ ធ្លាប់​ប្រព្រឹត្ត​ទៅ​ពីរ​លើក​ដែរ នៅ​ទីក្រុង​ព្យុងយ៉ាង ទី​មួយ គឺ​រវាង​លោក គីម ជុងអ៊ីល ជា​ឪពុក​ ជាមួយ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក Kim Dae-jungកាលពី​ឆ្នាំ ២០០០ និង​ជាមួយប្រធានាធិបតី​ លោក Roh Moo-Hyun នៅ​ឆ្នាំ​២០០៧។

ប្រសិន​បើ​លោក​ម៉ូន​ ទៅ​ព្យុងយ៉ាង​មែន នោះ​ក៏​ជា​តំណាង​ជោគជ័យ​នៃ​នយោបាយការទូត​របស់​លោក​ប្រធានាធិបតី​ ដែល​​សន្យា​ប្រកាន់​នយោបាយ​បើក​ចំហ​ទៅ​រក​កូរ៉េខាង​ជើង។

ជំហរ​រឹង​ចែស​របស់​​សហរដ្ឋ​អាមេរិក

ជាប់​ឆ្នោត​ជា​ប្រធានាធិបតីកូរ៉េខាង​ត្បូង កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧ លោក ម៉ូន ចែអ៊ីន មាន​និន្នាការ​នយោបាយ​គាំទ្រ​ជា​និច្ច​ការចរចា​ជាមួយ​នឹង​ខាង​ជើង ! លោក​មិន​បាន​សំចៃ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​លោក​ ដើម្បី​ប្រែក្លាយ​ឱកាស​នៃ​ការ​រៀប​ចំ​កីឡា​អូឡាំពិក​រដូវ​រងា​ នៅ​ព្យុងឆាង​ ពី​ថ្ងៃទី ៩ ដល់​ថ្ងៃ​២៥​កុម្ភៈ សម្រាប់​បន្ធូរបន្ថយ​សម្ពាធ​ក្នុងឧបទ្វីប ដែល​បង្ក​ឡើង​ដោយ​មហិច្ឆតា​នុយក្លែអ៊ែរ និង​បាលីស្ទិក​​របស់​ព្យុងយ៉ាង​ទេ។ ប៉ុន្តែ​លោក​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ភាព​មិន​ចុះ​សម្រុង​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​មួយ​រយៈ​កាល​ចុងក្រោយ​នេះ បាន​ប្រើពាក្យ​ជេរ​ទ្រគោះ​បោះបោក​ចំៗ គំរាម​ចង់​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​ត្រកូល​គីម។

​អាមេរិក​ មិន​បាន​សារទ​នឹង​អ្វី​ដែល​កូរ៉េខាង​ត្បូងកំពុង​ប្រឹង​ធ្វើ​នេះ​ទេ ! សហរដ្ឋ​អាមេរិក តំណាង​ដោយ​លោក​អនុប្រធានាធិបតី​ Mike Pence ក៏បាន​និង​កំពុង​បង្ហាញ​វត្តមាន​នៅ​ព្យុងឆាង កន្លែង​ប្រកួត​កីឡាអូឡាំពិក​រដូវ​រងា​ដែរ។ ប៉ុន្តែ​លោក Mike Pence ​ បាន​ឆ្លៀត​យក​ឱកាស​នេះ សម្រាប់​ធ្វើ​ការ​រិះគន់ ជា​ច្រើនលើក​ច្រើន​សា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េខាង​ជើង។

ក្នុង​កម្មវិធី​បើក​កីឡាអូឡាំពិក​ម្សិលមិញ លោក បាន​បដិសេធ​មិន​ចាប់​ដៃ ប្រតិភូ និង​​អ្នក​ទទួល​ខុស​ត្រូវ​ កូរ៉េខាង​ជើង ដែល​អង្គុយ​ពីក្រោយ​លោក​ទេ​។ លោក បាន​ធ្វើ​គ្រប់​យ៉ាង​ បញ្ចៀស​មិន​ឱ្យ​មាន​ការ​ជួប ឬ​ទាក់ទង​ជាមួយ​នឹង​តំណាង​កូរ៉េខាង​ជើង​ឡើយ។ លោក​ថែម​ទាំង​បាន​បដិសេធ​ មិន​ងើប​ឈរ​ ស្វាគមន៍ នៅ​ពេល​ឃើញ​អត្តពលករ​កូរ៉េទាំង​ពីរ​ ដើរ​ដង្ហែក្បួន​​រួម​គ្នា ក្រោម​ទង់​ប្រទេស​កូរ៉េ​បង្រួបបង្រួម​​​ទេ។ កាយ​វិការ​នេះ​បាន​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​ អាក់អន់​ចិត្ត​យ៉ាង​ខ្លាំង។

យប់​មិញ​ លោក Pence ក៏​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​កម្មវិធី​ទទួល​ទានអាហារ​ពេល​ល្ងាច​ ដែល​ម្ចាស់​ផ្ទះ​រៀប​ចំ​ទទួល​ប្រមុខ​រដ្ឋ -រដ្ឋាភិបាល​ទាំង​ឡាយ ព្រោះ​មិន​ចង់​​ឃើញ​មុខប្រតិភូ​​កូរ៉េខាង​ជើង។ ការ​ធ្វើ​ពហិការ​របស់លោក​អនុប្រធានាធិបតី បាន​រក​ការ​បក​ស្រាយ​ ខំមិន​យ៉ាង​ខ្លាំង​ក្នុង​ទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក។

លោកអនុប្រធានាធិបតី ហាក់​បាន​បញ្ជាក់​ជំហរ​ ដាច់​ខាត​​ របស់​​អាមេរិកចំពោះ​សំណុំ​រឿង​កូរ៉េខាង​ជើង ដោយ​ មិន​ឱ្យ​តម្លៃ​ យ៉ាង​ចំហ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ក្នុង​បន្ធូរ​បន្ថយ​សម្ពាធ​ជាមួយ​កូរ៉េខាង​ជើង។ ឥរិយាបថ​បែប​នេះបំផុស​ឱ្យ​មាន​ការរិះគន់ និង​អត្ថាធិប្បាយ​ខ្លាំង នៅ​កូរ៉េខាងត្បូង។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក NBC លោកបាន​ទន្ទេញ​ពាក្យ​ដដែល បង្ហាញ​ជំនឿ​ទុក​ចិត្ត​​របស់​លោក និង​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ លើ​រូប​លោក ម៉ូនចែអ៊ីន ថា​នឹងរក្សា​ជំហរ​ម៉ឺង​ម៉ាត់ ​ដាក់​គំនាប​លើ​របប​ព្យុងយ៉ាង​រហូត​ដល់​ទី​បំផុត ដោយ​ យក​ការ​រំលាយ​អាវុធនុយក្លេអ៊ែរ ជា​លក្ខខណ្ឌ​មុន​នឹង​ឈាន​ដល់​ជំនួប​រវាង​កូរ៉េទាំងពីរ៕

អគ្គលេខាធិការ​អសប៖ សោកនាកដម្ម​នៅ ហ្គូតា ជា​នរក​នៅ​លើ​ផែនដី

ក្រោម​សម្ពាធ​​​មតិ​​សាធារណជន​​ ​លោក​ដូណាល់ ត្រាំ បន្ទន់​ជំហរ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាវុធ​​​

អង្គការសហប្រជាជាតិ​បើក​កិច្ចចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​ពិភពលោក

ហេតុអ្វី បាន​ជារុស្ស៊ី​បិទបាំង ពី​វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី នៅ​ស៊ីរី?

រដ្ឋអាជ្ញា​អាមេរិក ចោទ​ជនជាតិ​រុស្ស៊ី​១៣​នាក់ ក្នុង​សំណុំ​រឿង​នៃ​ការ​លូកដៃ​របស់​រុស្ស៊ី​មក​ក្នុង​ការ​បោះឆ្នោត​

រឿង​អាស្រូវផ្លូវភេទ​ជា​ស្នាម​ដ៏អាម៉ាស់​មុខ​របស់​​អង្គការមនុស្សធម៌ Oxfam

​អាហ្វ្រិក​ខាងត្បូង មាន​ប្រធានាធិបតី​ថ្មី ជា​ក្តី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ចជាតិ ?

ប៉ូលិស​​អ៊ីស្រាអែល​​ផ្តល់​អនុសាសន៍​​​​​អោយ​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​​​​ពីបទ​​​​ពុករលួយ​​​​​​​​​​

ហេតុអ្វី​បាន​ជា​បក្ស​កាន់អំណាច​ជំរុញ​ឲ្យ​ប្រធានាធិបតី​ហ្ស៊ូម៉ា​លាលែង​ពី​មុខតំណែង?

​សន្និសីទ​អន្តរជាតិ​ស្តីពី​ការកសាង​អ៊ីរ៉ាក់ ឡើងវិញ ចាប់​បើក​ធ្វើ​នៅ​កូវ៉ែត

​អ៊ីស្រាអែល​ព្រមាន​អ៊ីរ៉ង់​នៅក្រោយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ផ្ទុះធ្លាក់​ដោយសារ​មីស៊ីល​ស៊ីរី

កីឡាអូឡាំពិក​រដូវរងា​បើកសម្ពោធ​ជាមួយ​វត្តមាន​របស់​ប្អូនស្រីពៅ​របស់​គីម ជុងអ៊ុន

ឧបទ្វីបកូរ៉េ៖​កូរ៉េខាងជើង​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​ពេល​ដែល​កូរ៉េខាងត្បូង​កំពុង​ត្រៀម​សម្ពោធ​កីឡាអូឡាំពិក

យានអវកាស​ដ៏​ខ្លាំង​ជាងគេ​លើ​លោក​ហោះ​ចេញ​ជា​លើក​ទីមួយ ដោយ​ជោគជ័យ

តម្លៃភាគហ៊ុន​នៅ​អាមេរិក​ធ្លាក់​ចុះ​បាន​ធ្វើ​ឲ្យ​ទីផ្សារភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​​ជ្រួលច្របល់

សវនាការ​កាត់ទោស​​​ភេរវជន Salah Abdeslam ​ចាប់ផ្តើម​បើក​នៅ​តុលាការ​ព្រុចសែល

នយោបាយថ្មី​របស់​អាមេរិក​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​បាន​ទទួល​រងការ​រិះគន់​ចាស់ដៃ​ពី​រុស្ស៊ី និង​ចិន

លោក​ដូណាល់ ត្រាំ ​ចង់​ប្រកាស​សង្រ្គាម​ជាមួយ ​FBI និង​ស្ថាប័ន​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក?

ចិន​ចរចា​បង្កើត​មូលដ្ឋាន​ទ័ព នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន