អានតួអត្ថបទ

សកម្មជន​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​កុំ​ឱ្យ​លើក​ថ្ងៃ​បោះឆ្នោត​សភា

នៅ​ថ្ងៃ​សៅរ៍​នេះ សកម្មជន​ប្រជាធិបតេយ្យ​ថៃ​ប្រមាណ​ជាង​បួន​រយ​នាក់ បាន​នាំ​គ្នាជំនះ​​ធ្វើ​បាតុកម្ម​ នៅ​ក្បែរ​វិមាន​ប្រជាធិបតេយ្យ​ នៅ​កណ្តាល​ក្រុង​បាងកក ដើម្បី​ទាមទារ​ឱ្យ​របប​សឹក​ កុំ​លើក​ពេល​រៀប​ចំ​បោះឆ្នោត ជា​ថ្មី​ទៀត។ តាម​ធម្មតា ការ​បោះឆ្នោត ត្រូវ​គ្រោង​ធ្វើ នៅ​ខែ​វិច្ឆិកា ២០១៨។

សកម្មជន​ប្រជាធិបតេយ្យ​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នាទីក្រុង​បាងកក ថ្ងៃទី ១០ កុម្ភៈ​២០១៨
សកម្មជន​ប្រជាធិបតេយ្យ​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នាទីក្រុង​បាងកក ថ្ងៃទី ១០ កុម្ភៈ​២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​រៀប​ចំ​បោះឆ្នោត​សភា ដែល​ជា​ដំណើរ​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ ត្រូវ​បាន​លើក​ពេល​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ! ហើយជា​ចុងក្រោយ ​របប​សឹក​ដឹកនាំ​ដោយ​​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ​ចាន់អូចា ដែល​បាន​ឡើង​ក្រសោប​អំណាច​តាម​រយៈ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​ យីងឡាក់ បាន​ប្រកាស​សន្យាកាលពី​ខែ​តុលា ឆ្នាំ​២០១៧ ថា​នឹង​រៀប​ចំ​បោះឆ្នោតសភា​ ​នៅ​ខែវិច្ឆិកា​ចុង​ឆ្នាំ២០១៨​នេះ។

ប៉ុន្តែ​ កាលកំណត់​នេះ ទំនង​ជា​នឹង​មិន​អាច​រក្សា​​ឱ្យ​នៅ​ដដែល​បាន​ឡើយ ! ការ​ធ្វើ​កំណែទម្រង់​ច្បាប់បោះឆ្នោត​ ទើប​អនុម័ត​កាលពី​ខែ​មករា ជា​សារ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​កាត់​យល់​ បាន​ថា ថ្ងៃ​កំណត់បរិច្ឆេទ​​បោះឆ្នោត​ ​នេះ​​​នឹង​ត្រូវ​ពេល​ ទៅ​ធ្វើ​នៅ​ដើម​ឆ្នាំ ២០១៩​វិញ ​!​

ទស្សនៈ​វិស័យ​បែប​នេះ កំពុង​បំផុស​​កំហឹង​និង​ភាព​មិន​សប្បាយ​ចិត្ត​របស់​ក្រុម​សមាគម​ការពារ​លទ្ធិប្រជាធិបតេយ្យ​ ដែល​ចង់​ឃើញ​ប្រទេស​វិល​ត្រលប់​​មក​គ្រប់​គ្រង​ដោយ​របប​ស៊ីវិល។

ក្តីព្រួយ​បារម្ភ​ និង​ការ​​ស្រែក​ឃ្លាន​ប្រជាធិបតេយ្យ កាន់​តែរីក​ខ្លាំង បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ថៃ​​​​ជា​ច្រើន​រយ​នាក់​ ជំនះ​បម្រាមរបស់​រដ្ឋាភិបាល ដែល​បាន​ហាមឃាត់​ តាំ​ងពី​ជាង​បី​ឆ្នាំ​កន្លះ​មក​មិន​ឱ្យ​មាន​ប្រជុំ​គ្នា​លើស​ពី​៥​នាក់ ដោយ​ហ៊ាន​​ប្រមូល​ផ្តុំ​គ្នាកាន់​តែ​ច្រើនឡើងៗ លើក​បដា​ បង្ហាញ​ភាព​ស្អប់ខ្ពើម​របប​ផ្តាច់ការ និង​ស្រែក​ដង្ហើយ​ឱ្យ​លោក ប្រាយុទ្ធ​ចាន់​អូចា ស្តាប់​សំឡេង​រាស្ត្រ ឈប់​លើក​ថ្ងៃ​បោះឆ្នោត... ប៉ុន្តែ​កម្លាំង​បាតុករ​មិន​អាច​រុល​ចូល​ទៅ​ដល់​ទីលាន​ប្រជាធិបតេយ្យ​ តំណាង​ទីលាន​បាតុកម្ម​បាន​ឡើយ ដោយ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិសបាំង​និង​ ព័ទ្ធ​ហ្វូងបាតុករ យ៉ាង​សន្ធឹកសន្ធាប់។

កាលពីចុង​​ខែ​មករា បាតុករ​៣៩​នាក់ ត្រូវ​ចាប់​ខ្លួន ដោយ​ហេតុ​បាន​​ប្រមូល​ផ្តុំ​គ្នា​ ធ្វើ​បាតុកម្ម​ក្នុង​បុព្វហេតុ​តែ​មួយ​នេះ ក្នុង​ចំណោម​នោះ​ខ្លះ​ត្រូវ​ជាប់​បទ​ចោទ​ប្រកាន់ ដែល​អាច​មាន​ទោស​​​ជាប់​​ក្នុង​ពន្ធនាគារ​ដល់​ទៅ​៧ឆ្នាំ។ នៅ​ថ្ងៃ​សុក្រ​ម្សិលម្ង៉ៃ ប៉ូលិស​ថៃ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​បួន​នាក់​។ ម្នាក់​ត្រូវ​ចាប់​ខ្លួន​នាព្រឹក​ថ្ងៃ​សៅរ៍ ឯ​បី​នាក់​ផ្សេងទៀត លេច​មុខ​ក្នុង​ចំណោម​ហ្វូង​បាតុករ​ថ្ងៃ​នេះ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ