អានតួអត្ថបទ
ភូមា

អ្នកកាសែត Reuters ២នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ភូមា​ពី​បទ​ស៊ើបអង្កេត​លើ​ការ​សម្លាប់​ពួក​រ៉ូហ៊ីងយ៉ា

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កុម្ភៈ​ថា អ្នកកាសែត Reuters ចំនួន ២នាក់​ដែល​ត្រូវ​បាន​រដ្ឋអំណាច​ភូមា​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ​តាំង​ពី ២ខែ​កន្លង​មក​បាន​ជាប់ចោទ​ពី​បទ​បាន​ស៊ើបអង្កេត​ក្នុង​រឿង​សម្លាប់​រង្គាល​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ចំនួន ១០នាក់​ពី​សំណាក់​ទាហាន​ភូមា រួម​ដៃ​ជាមួយ​អ្នកស្រុក អ្នកភូមិ​ជនជាតិ​ភូមា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។ នេះ​ជា​លើក​ទី១ ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​លើក​ឡើង​ជា​សាធារណៈ​លើ​ព័ត៌មាន​មួយ​នេះ។

លោក វ៉ា ឡូន អ្នកកាសែត Reuters ដៃ​ជាប់ខ្នោះ​ត្រូវ​បាន​រដ្ឋអំណាច​ភូមាឃុំ​ពី​បទ​​ស៊ើបអង្កេត​រឿង​សម្លាប់​ពួក​រ៉ូហ៊ីងយ៉ា
លោក វ៉ា ឡូន អ្នកកាសែត Reuters ដៃ​ជាប់ខ្នោះ​ត្រូវ​បាន​រដ្ឋអំណាច​ភូមាឃុំ​ពី​បទ​​ស៊ើបអង្កេត​រឿង​សម្លាប់​ពួក​រ៉ូហ៊ីងយ៉ា Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកកាសែត Reuters ជាប់​ឃុំ​ទាំង​ពីរ​នាក់​ជា​ជនជាតិ​ភូមា​ដែល​មាន​ឈ្មោះ​វ៉ា​ឡូន​អាយុ ៣១ឆ្នាំ និង​ឈ្មោះ​យ៉ សូ អូ​អាយុ ២៧ឆ្នាំ។ អ្នក​ទាំង​ពីរ​រូប​ត្រូវ​បាន​រដ្ឋអំណាច​ភូមា​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃទី១២ ធ្នូ។ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ចាប់​ខ្លួន​រូប​អ្នកកាសែត Reuters ទាំង​ពីរ ទ័ពភូមា​បាន​ប្រកាស​ទទួល​សារភាព​ថា ទាហាន រួម​ជាមួយ​អ្នកស្រុក អ្នកភូមិ​ជនជាតិ​ភូមា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ពិត​ជា​បាន​សម្លាប់​ឥត​ត្រាប្រណី​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ចំនួន ១០នាក់។ នៅ​ក្នុង​ការងារ​ស៊ើបអង្កេត​របស់​ខ្លួន អ្នកកាសែត Reuters ជនជាតិ​ភូមា​ទាំង​ពីរ​នាក់​បាន​លើក​ឡើង​ចំៗ​ពី​ការ​ចូលរួម​របស់​ទាហាន និង​អ្នកស្រុក អ្នកភូមិ​កាន់​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ទង្វើ​សម្លាប់​រង្គាល​លើ​ពួក​រ៉ូហ៊ីងយ៉ា​ក្នុង​ស្រុក Inn Dinn។

ទន្ទឹម​គ្នា​នេះ លោក​វ៉ា​ឡូន និង​លោក​យ៉ សូ អូ​ក៏​បាន​បង្ហាញ​ពី​រូបថត​របស់​បុរស​រ៉ូហ៊ីងយ៉ា​ទាំង ១០នាក់​ដែល​ដៃជាប់​ខ្នោះ និង​កំពុង​លត់ជង្គុង​ផ្ទាល់ដី។ បន្ទាប់​មក ក៏​មាន​រូបថត​សាកសព​បុរស​រ៉ូហ៊ីងយ៉ា​ទាំង ១០នាក់​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ចូល​ក្នុង​រណ្តៅ​តែ​មួយ​គ្រប​ដណ្តប់​ដោយ​ឈាម​ជាមួយ​នឹង​ស្នាម​របួស​គ្រប់​កន្លែង និង​ដែល​មាន​ម្នាក់​ត្រូវ​បាន​គេ​កាត់ ក។ ទីភ្នាក់ងារ Reuters បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា គឺ​ការ​ស៊ើបអង្កេត​លើ​ទង្វើ​សម្លាប់​រង្គាល​ជនជាតិ​រ៉ូហ៊ីងយ៉ា​នោះ​ឯង​ដែល​បាន​បង្ខំ​ប៉ូលិស​ភូមា​ឲ្យ​ចាប់​ខ្លួន​អ្នកកាសែត Reuters ទាំង​ពីរ​នាក់។

តែ​យ៉ាង​ណា​ក៏​ដោយ កងទ័ព​ក៏​ដូច​ជា​រដ្ឋាភិបាល​ភូមា​នៅ​តែ​បន្ត​អះអាង​ថា អ្នក​ដែល​ពួក​គេ​សម្លាប់​ចោល​នៅ​ក្នុង​យុទ្ធនាការ​យោធា​តាំង​ពី​ដំណាច់​ខែ​សីហា​ឆ្នាំ ២០១៧ សុទ្ធសឹង​ជា​ពួក​ឧទ្ទាម។ នៅ​ថ្ងៃទី១ កុម្ភៈ តុលាការ​ភូមា​បាន​បដិសេធ​ដោះលែង​អ្នកកាសែត Reuters ទាំង​ពីរ​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​តម្កល់ប្រាក់ ហើយ​សវនាការ​ថ្មី​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៤ កុម្ភៈ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ