rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កីឡាអូឡាំពិក​រដូវរងា​បើកសម្ពោធ​ជាមួយ​វត្តមាន​របស់​ប្អូនស្រីពៅ​របស់​គីម ជុងអ៊ុន

ដោយ ឈាង បុប្ផា

ការប្រកួត​កីឡាអូឡាំពិក​បាន​បើក​សម្ពោធ នៅ​យប់​ថ្ងៃ​សុក្រ នៅ​ទីកុ្រង​ព្យុងឆាង ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ ការប្រកួតកីឡាអូឡាំពិក​រដូវត្រជាក់ នៅ​កូរ៉េខាងត្បូង លើកនេះ ត្រូវ​បាន​កត់​សំគាល់​ដោយ​វត្តមាន​ ជា​ប្រវត្តិសាស្រ្ត​របស់​ប្អូនស្រីពៅ​របស់​លោកគីម ជុងអ៊ុន នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង។ លោកស្រី​គីម យ៉ូជុង ប្អូនស្រី​បង្កើត​របស់មេដឹកនាំ​កូរ៉េខាងជើង ស្ថិតក្នុង​ចំណោម​គណៈប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង ដែល​ចូលរួម​នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក ដែល​កូរ៉េ​ទាំងពីរ​បាន​ចាត់ទុក ជា​កីឡាអូឡាំពិក​ដើម្បី​សន្តិភាព។

ការប្រកួត​កីឡាអូឡាំពិក​រដូវរងា​នៅ​ព្យុងឆាង បាន​ចាប់ផ្តើម ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់​ខ្លាំង មិនធ្លាប់​មាន​នៅ​កូរ៉េខាងត្បូង គឺ​ដល់​ទៅ ដក ១០ អង្សា។ ដោយសារ​អាកាសធាតុ ត្រជាក់ខ្លាំង កីឡាករ​ជាច្រើននាក់ បាន​អវត្តមាន គ្មានមុខ​នៅក្នុង​ពិធី បើកសម្ពោធ​នៅយប់​ថ្ងៃសុក្រនេះទេ។ អ្នករៀបចំ​កីឡាអូឡាំពិក បាន​គ្រោង​ចែក​កញ្ចប់​កំដៅ ការពារ​ត្រជាក់ ដល់​ទស្សនិកជន​ដែល​ត្រូវចូលរួម​អបអរ​កម្មវិធី​បើក​ជាផ្លូវការ​កីឡាអូឡាំពិក​រដូវ​រងា ដែល​ប្រព្រឹត្ត​ធ្វើ​នៅក្នុង​ស្តាត ដ៏​ល្ហល្ហេវ​នៅ​ព្យុងឆាង។

ការប្រកួត​កីឡាអូឡាំពិក រដូវរងា ត្រូវ​គេ​ផ្តោត​ចាប់អារម្មណ៍​ខ្លាំង​ដោយសារ​វត្តមាន​ចូលរួម​របស់​គណៈប្រតិភូ​កូរ៉េខាងជើង នៅក្នុង​ការប្រកួតកីឡាអូឡាំពិក នៅ​ទឹកដី​កូរ៉េខាងត្បូង។ នៅ​ខែ​ថ្ងៃទី​១​មករា នៅក្នុង​សារ ​ស្វាគមន៍​ឆ្នាំថ្មី មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាន​ប្រកាស ពី​ចេតនា​បញ្ជូន​អត្តពលិករ​ឲ្យ​ទៅចូលរួម​នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក នៅ​ព្យុងឆាង ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ ការប្រកាស​នេះ​បាន​ចូលរួម​កាត់បន្ថយ​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ។ ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ​កើតឡើង ដោយសារ​តែ​ការបាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង និង​ការប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ទៅលើ​របបកុម្មុយនិស្ត​ព្យុងយ៉ាង។

សូមអាន៖​ឧបទ្វីបកូរ៉េ៖​កូរ៉េខាងជើង​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​ពេល​ដែល​កូរ៉េខាងត្បូង​កំពុង​ត្រៀម​សម្ពោធ​កីឡាអូឡាំពិក

នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក នៅ​ព្យុងឆាង កូរ៉េខាងជើង​មាន​អត្តពលិករ​២២​រូប​ចូលរួម ក្នុង​ការប្រកួត ប៉ុន្តែ ជាសរុប កូរ៉េខាងជើង​បាន​បញ្ជូន​គណៈប្រតិភូ ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ៥០០​នាក់ ដើម្បី​ទៅ​ចូលរួម នៅក្នុង​កីឡាអូឡាំពិក ដែល​នៅក្នុង​នោះ មាន​ផងដែរ ប្អូនស្រី​ពៅ​របស់លោក គីម ជុងអ៊ុន។

គីម យ៉ូជុង ម្ចាស់ក្សត្រី​នៃ​កូរ៉េខាងជើង

ការប្រកួតកីឡាអូឡាំពិក​នៅ​កូរ៉េខាងត្បូង លើកនេះ ត្រូវ​បាំង​លុបជិត ដោយ​សកម្មភាព​នយោបាយ​ការទូត​កូរ៉េ ដោយហេតុ​ថា នៅក្នុង​ចំណោម​គណៈប្រតិភូ​កូរ៉េខាងជើង សម្រាប​ការប្រកួត​កីឡាអូឡាំពិក​នៅ​ព្យុងឆាង មាន​ផងដែរ លោកស្រី គីម យ៉ុងជុង ប្អូនស្រី​ពៅ របស់​លោក​គីម ជុងអុន ដែល​ជា​ឥស្សរជន​នយោបាយ​ដ៏មាន​ឥទ្ធិពលម្នាក់ នៅ​កូរ៉េខាងជើង។ ជាផ្លូវការ លោក​គីម យ៉ុង ណាម ដែល​ជា​ប្រធាន​សភា​ជាតិ​កូរ៉េខាងជើង ជា​អ្នកដឹកនាំ​គណៈប្រតិភូ​កូរ៉េខាងជើង ដែល​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន បាន​ចាប់ដៃ និង​ទទួល ជាផ្លូវការ សម្រាប់​អាហារ​ពេលល្ងាច​ថ្ងៃនៅ​ថ្ងៃ​សុក្រ។ ប៉ុន្តែ នៅ​ការពិតជាក់ស្តែង គឺ​លោកស្រី គីម យ៉ូជុង ដែល​ជា​តារា ភ្លឺចិញ្ចាចចិញ្ចែង ដែល​គេ​យកចិត្ត​ទុកដាក់​តាមដាន​ជាប់​មិន​ឲ្យ​ដាច់​ពីក្រសែភ្នែក។ នៅ​លើ​វេទិកា​កិត្តិយស លោកស្រី​គីម យ៉ូជុង ត្រូវ​បាន​លោក​មូនចាំអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង​ចាប់ដៃ​ស្វាគម មួយភ្លែត នៅ​ថ្ងៃ​សុក្រនេះ។

លោក​Mike Pence អនុប្រធានាធិបតី​អាមេរិក ត្រូវ​បាំង​ជិត​ដោយ​រូបភាព ព័ត៌មាន​របស់​ប្អូនស្រី​របស់​គីម ជុងអ៊ុន

ក្រៅតែ​ពី​គណៈប្រតិភូ​កូរ៉េខាងជើង ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ទទួលថ្នាក់ដឹកនាំ​ប្រទេស​ផ្សេងទៀត សម្រាប់​អាហារពេលល្ងាច នៅមុន​ការបើកសម្ពោធ​កីឡាអូឡាំពិក ដែល​មាន​ដូចជា​នាយករដ្ឋមន្រ្តី​ជប៉ុន និង​អនុប្រធានាធិបតី​អាមេរិក លោក​Mike Pence ជាដើម។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក​Mike Pence អនុប្រធានាធិបតី​អាមេរិក បាន​ដើរ​ចេញ ពី​បន្ទប់​លាងសាយភោជន៍ បន្ទាប់​ពី​ចាប់ដៃ ជាមួយ​ថ្នាក់ដឹកនាំ​បរទេស។ អនុប្រធានាធិបតី​អាមេរិក​អាច​ដើរចេញ មិនទទួល​ទាន​អាហារ​ទទួល​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ព្រោះថា លោកអាច​មិន​សប្បាយចិត្ត ការចាត់ចែង​ប្លង់តុ។ តាមប្លង់តុ​របស់​វិមានប្រធានាធិបតីកូរ៉េខាងត្បូង ដែល​ទូរទស្សន៍ កូរ៉េខាងត្បូង ថត​ចាប់បាន គឺ​ លោកអនុប្រធានាធិបតី​អាមេរិក ត្រូវ​អង្គុយ នៅតុ ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ុន្តែ កន្លែង​របស់​លោក ស្ថិត ​នៅ​ទល់​មុខ​តែម្តង នឹង​កៅអី​អង្គុយ​របស់​ប្រធាន​គណៈប្រតិភូ​កូរ៉េខាងជើង លោក​គីម យ៉ុងណាម។

លោក​Mike Pence​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​អាមេរិក​ទៅក្នុង​ការប្រកួត​កីឡាអូឡាំពិក​រដូវរងា​នៅ​ព្យុងឆាង។ លោកអនុប្រធានាធិបតី​អាមេរិក​បាន​អមដំណើរ​ដោយ​ឪពុក​របស់​និស្សិត​អាមេរិកាំង Warmbier ដែល​បាន​ស្លាប់ នៅក្រោយ​ការទទួល​ទារុណកម្ម នៅកូរ៉េខាងជើង។

នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅមួយថ្ងៃ​មុន​បើក​ការប្រកួត​កីឡា​អូឡាំពិក នៅ​ព្យុងឆាង នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​អនុប្រធានាធិបតី​អាមេរិក បាន​អំពាវនាវ​ឲ្យ​ក្រុង​សេអ៊ូល​នៅ​បន្ត​ដាក់សម្ពាធ​លើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​លះបង់​ចោលមហិច្ឆតា​នុយក្លេអ៊ែរ​យោធា។ អនុប្រធានាធិបតី​អាមេរិក​ដែល​បាន​គំរាម​ថា នឹង​ប្រកាស​ដាក់​ទណ្ឌកម្មម​សេដ្ឋកិច្ច​ខ្លាំង​បន្ថែមទៀត លើ​កូរ៉េខាងជើង ធ្លាប់បាន​ព្រមាន​កុំ​ឲ្យ​ក្រុងព្យុងយ៉ាង​យក​កីឡាអូឡាំពិក​រដូវ​រងារ ធ្វើ​ជា​ចំណាប់ខ្មាំង នៅក្នុង​ការចរចា​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

សូមអាន៖ អាមរិក​​​នឹង​ធ្វើការ​​ដាក់​​ទណ្ឌកម្ម​​ជាទម្ងន់បំផុត​​​​​​ប្រឆាំង​ទល់​នឹង​​កូរ៉េ​ខាងជើង

លោកអនុប្រធានាធិបតី​អាមេរិកបាន​ដំឡើង​សំឡេង​ខ្លាំងៗ​ដាក់​កូរ៉េខាងជើង នៅ​មុន​ការបើកកីឡាអូឡាំពិក ប៉ុន្តែ សំឡេង និង​រូបភាព​របស់​លោក​មិនសូវ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍ សរសេរ​ច្រើន នៅ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​នោះទេ។ ទាំង​លោក និង​ការប្រកួតកីឡាអូឡាំពិក​នៅ​ព្យុងឆាង​គឺ​ត្រូវ​បាន​បាំង​លុបជិត ដោយ​រូបភាព​និង​វត្តមាន​ជា​ប្រវត្តិសាស្រ្ត​របស់​ប្អូនស្រី​ពៅ​របស់​លោកគីម ជុងអ៊ុន នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង៕

តើ​គីម យ៉ូជុង ជាអ្នកណា?

មានអាយុខ្ទង់ ៣០​ឆ្នាំ លោកស្រី គីម យ៉ូជុង ជា​ប្អូនស្រី ពៅ បង្កើត របស់​លោក គីម ជុងអ៊ុន។ គីម យ៉ូជុង ត្រូវ​បាន​គេ​មើលឃើញថា ជា​មនុស្ស​ដែល​ស្និទ្ធ​ខ្លាំង នឹង​បងប្រុស គឺ​លោក​គីម ជុងអ៊ុន ដែល​លោកស្រី​ធ្លាប់​រស់ និង​រៀន​ជាមួយ គ្នា នៅ​ប្រទេស​ស៊្វីស នៅ​ទសវត្សរ៍​ឆ្នាំ ២០០០។ គីម យ៉ូជុង បាន​លេចមុខ ដំបូង នៅក្នុង​ឆ្នាំ ២០០៧ ដោយ​អមដំណើរ​លោកគីម ជុងអ៊ីល ជា​ឪពុក នៅ​ពេល​ចុះ​ទៅ​ទស្សនកិច្ច​នៅ​ទីមូលដ្ឋាន។ នៅក្នុង​ពិធីបុណ្យ​សព​ឪពុក គឺ​លោក​គីម ជុអ៊ីល គេ​ឃើញ គីម យ៉ូជុង អង្គុយ​នៅ​ក្បែរ​បងប្រុស លោកគីម ជុងអ៊ុន។

តាំង​ពី​ចូល​កាន់តំណែង​ជាមេដឹកនាំ​កូរ៉េខាងជើង នៅ​ឆ្នាំ ២០១១ គីម ជុងអ៊ុន​បាន​ដំឡើង​មុខងារ​ឋានៈ​ឲ្យ​ប្អូនស្រី​ជាបន្តបន្ទាប់។ គីម យ៉ូជុង ធ្លាប់​ជា​អនុប្រធាន​គណៈកម្មាធិការ​ឃោសនា ដែល​ទទួល​បន្ទុក ខាង​ការពារ​រូបភាព​ល្អ​របស់​បងប្រុស មិនថា នៅ​បរទេស ឬ​នៅ​កូរ៉េខាងជើង។ នៅ​ខែ​តុលា​ឆ្នាំមុន គីម យ៉ូជុង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​របស់​ការិយាល័យ​នយោបាយ​ដែល​ជា​ស្ថាប័ន​ដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង។

ទៅ​កូរ៉េខាងត្បូង​លើកនេះ គីម យ៉ូជុង ត្រូវ​បាន​បងប្រុស ទុកចិត្ត ជ្រើសរើស ឲ្យ​បញ្ចេញ​ថ្វីដៃ សម្រាប់​ដឹកនាំ​ការទូត​នៅលើ​ឆាក​អន្តរជាតិ​ជា​លើកទី១។ តាម​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្អូនស្រី​របស់​លោក​គីម ជុងអ៊ុន​នឹង​អាច​ជួប​ប្រធានាធិបតី​មូន ចៃអ៊ីន នៅថ្ងៃ​សៅរ៍​ស្អែក។ ដោយសារ​តែ​សារៈសំខាន់ និង​ឥទ្ធិពល​អំណាច​របស់​លោកស្រី គីម យ៉ូជុង ដែល​ជាប្អូនស្រី​របស់​លោកគីម ជុងអ៊ុន គេ​អាច​ចាត់ទុក​ជំនួប​នៅថ្ងៃ​ស្អែក ថា ជា​ជំនួប​លើក​ទី១ ដែល​ធ្វើឡើង​ដោយ​ថ្នាក់ដឹកនាំ​កំពូល​របស់​កូរ៉េ​ទាំងពីរ ដែលកម្រ​នឹង​មាន​ណាស់ រវាង​បងប្អូសត្រូវ​កូរ៉េ​ទាំងពីរ។ នៅក្នុង​ឱកាសនោះ លោកស្រី​អាច​ពាំនាំ​សារ​ពីបងប្រុស ដែល​ចង់​ឲ្យ​មាន​ការផ្សះផ្សារ​រវាង​បងប្អូន​កូរ៉េទាំងពីរ​ឡើងវិញ ដោយ​ចាប់ផ្តើម​ដំបូង​ពីការរួបរួមគ្នា​ដើម្បី​រៀបចំ​កីឡាអូឡាំពិក​ដើម្បី​សន្តិភាព នៅ​ព្យុងឆាង៕

អគ្គលេខាធិការ​អសប៖ សោកនាកដម្ម​នៅ ហ្គូតា ជា​នរក​នៅ​លើ​ផែនដី

ក្រោម​សម្ពាធ​​​មតិ​​សាធារណជន​​ ​លោក​ដូណាល់ ត្រាំ បន្ទន់​ជំហរ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាវុធ​​​

អង្គការសហប្រជាជាតិ​បើក​កិច្ចចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​ពិភពលោក

ហេតុអ្វី បាន​ជារុស្ស៊ី​បិទបាំង ពី​វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី នៅ​ស៊ីរី?

រដ្ឋអាជ្ញា​អាមេរិក ចោទ​ជនជាតិ​រុស្ស៊ី​១៣​នាក់ ក្នុង​សំណុំ​រឿង​នៃ​ការ​លូកដៃ​របស់​រុស្ស៊ី​មក​ក្នុង​ការ​បោះឆ្នោត​

រឿង​អាស្រូវផ្លូវភេទ​ជា​ស្នាម​ដ៏អាម៉ាស់​មុខ​របស់​​អង្គការមនុស្សធម៌ Oxfam

​អាហ្វ្រិក​ខាងត្បូង មាន​ប្រធានាធិបតី​ថ្មី ជា​ក្តី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ចជាតិ ?

ប៉ូលិស​​អ៊ីស្រាអែល​​ផ្តល់​អនុសាសន៍​​​​​អោយ​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​​​​ពីបទ​​​​ពុករលួយ​​​​​​​​​​

ហេតុអ្វី​បាន​ជា​បក្ស​កាន់អំណាច​ជំរុញ​ឲ្យ​ប្រធានាធិបតី​ហ្ស៊ូម៉ា​លាលែង​ពី​មុខតំណែង?

​សន្និសីទ​អន្តរជាតិ​ស្តីពី​ការកសាង​អ៊ីរ៉ាក់ ឡើងវិញ ចាប់​បើក​ធ្វើ​នៅ​កូវ៉ែត

​អ៊ីស្រាអែល​ព្រមាន​អ៊ីរ៉ង់​នៅក្រោយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ផ្ទុះធ្លាក់​ដោយសារ​មីស៊ីល​ស៊ីរី

JO ព្យុងឆាង ៖ គីមជុងអ៊ុន អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅព្យុងយ៉ាង

ឧបទ្វីបកូរ៉េ៖​កូរ៉េខាងជើង​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​ពេល​ដែល​កូរ៉េខាងត្បូង​កំពុង​ត្រៀម​សម្ពោធ​កីឡាអូឡាំពិក

យានអវកាស​ដ៏​ខ្លាំង​ជាងគេ​លើ​លោក​ហោះ​ចេញ​ជា​លើក​ទីមួយ ដោយ​ជោគជ័យ

តម្លៃភាគហ៊ុន​នៅ​អាមេរិក​ធ្លាក់​ចុះ​បាន​ធ្វើ​ឲ្យ​ទីផ្សារភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​​ជ្រួលច្របល់

សវនាការ​កាត់ទោស​​​ភេរវជន Salah Abdeslam ​ចាប់ផ្តើម​បើក​នៅ​តុលាការ​ព្រុចសែល

នយោបាយថ្មី​របស់​អាមេរិក​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​បាន​ទទួល​រងការ​រិះគន់​ចាស់ដៃ​ពី​រុស្ស៊ី និង​ចិន

លោក​ដូណាល់ ត្រាំ ​ចង់​ប្រកាស​សង្រ្គាម​ជាមួយ ​FBI និង​ស្ថាប័ន​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក?

ចិន​ចរចា​បង្កើត​មូលដ្ឋាន​ទ័ព នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន