អានតួអត្ថបទ
ហ្វីលីពីន

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការ​ស៊ើបអង្កេតបឋម​លើ​សំណុំរឿង​ចោទ​លោក​ប្រមុខរដ្ឋ​ហ្វីលីពីន​ឌុយទែរតេ

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោក​ហារី រ៉ុក អ្នកនំាពាក្យ​របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កុម្ភៈ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​បឋម​លើ​សំណុំរឿង​ចោទ​លោក​ឌុយទែរតេ​ពី​បទ​បាន​ធ្វើ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់នាក់​នៅ​ក្នុង​នយោបាយ​ប្រឆាំង​គ្រឿងញៀន​របស់​លោក។

លោក​ហារី រ៉ុក អ្នកនំាពាក្យ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ
លោក​ហារី រ៉ុក អ្នកនំាពាក្យ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ JAY DIRECTO / AFP
ផ្សាយពាណិជ្ជកម្ម

លោក​ហារី រ៉ុក​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ចំពោះ​មុខ​ហ្វូង​អ្នក​កាសែត​ក្នុង​ទីក្រុង​ម៉ានីល​ដោយ​បន្ថែម​ថា ការ​សម្រេច​បើក​ការ​ស៊ើបអង្កេត​បឋម​ពី​សំណាក់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ពេល​នេះ​ត្រូវ​បាន​រដ្ឋអាជ្ញា​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​ប្រាប់​ទៅ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ប្រទេស​ហូឡង់​ថ្មីៗ​កន្លង​ទៅ។ សូម​ជម្រាប​ជូន​ថា សំណុំរឿង​ចោទ​ប្រកាន់​លោក​ប្រមុខរដ្ឋ​ហ្វីលីពីន​ឌុយទែរតេ​ត្រូវ​បាន​មេធាវី​ជនជាតិ​ហ្វីលីពីន​លោក Jude Sabio ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​កាល​ពី ១០ខែ​មុន និង​ដែល​នៅ​ក្នុង​បណ្តឹង​កាល​ណោះ មេធាវី​ហ្វីលីពីន​បាន​ចោទ​លោក​ឌុយទែរតេ​ពី​បទ​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៨ ០០០នាក់​នៅ​ក្នុង​នយោបាយ​ប្រឆាំង​គ្រឿងញៀន។

តែ​លោក​ហារី រ៉ុក អ្នកនំាពាក្យ​របស់​លោក​ឌុយទែរតេ​បាន​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពេល​នេះ​ថា ជា​ការ​ខាត​បង់ពេល​វេលា និង​ចំណាយ​លុយកាក់​ឥតប្រយោជន៍។ តាម​លោក​ហារី រ៉ុក លោក​ឌុយទែរតេ​បាន​ប្រើ​កម្លាំង​ស្របច្បាប់​ដើម្បី​ប្រឆាំង​នឹង​អ្នក​រត់ពន្ធ និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​បាន​គំរាមកំហែង​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ។ គួរ​រម្លឹក​ជូន​ឡើង​បន្តិច​ថា តាំង​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៦ មក ប៉ូលិស​បាន​សម្លាប់​អ្នករត់ពន្ធ និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ប្រមាណ​ជា ៤ ០០០នាក់ រួម​ទាំង ២ ០០០នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​សម្លាប់។

តែ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​បាន​អះអាង​ថា ចំនួន​អ្នក​ស្លាប់​ពិត​ប្រាកដ​អាច​មាន ២ដង​ច្រើន​ជាង​តួលេខ​ផ្លូវការ​ផ្តល់​ដោយ​រដ្ឋាភិបាល។ យ៉ាង​ណា​ក៏​ដោយ លោក​មេធាវី Jude Sabio បាន​ត្រេកត្រអាល និង​ចាត់​ទុក​សេចក្តីសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថា ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​ដោយ​សង្ឃឹម​អាច​ឈាន​ទៅ​ចាប់​ខ្លួន​លោក​ឌុយទែរតេ ឬ​យ៉ាង​ហោច​ណាស់ ក៏​ធ្វើ​ឲ្យ​លោក​ឌុយទែរតេ​អាម៉ាស់​មុខ​ដែរ។ តែ​លោក​ហារី រ៉ុក​បាន​គូស​បញ្ជាក់​ថា បេសកកម្ម​របស់​រដ្ឋាភិបាល​ហ្វីលីពីន​គឺ​បង្ហាញ​ពី​អសមត្ថភាព​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ និង​ពី​ដំណើរការ​ស្រប​ច្បាប់ ត្រឹមត្រូវ​របស់​តុលាការ​ហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ