អានតួអត្ថបទ
ចិន

យន្តហោះ C៩១៩ Made in China ត្រូវ​ផលិត​រួច​រាល់ និង​ប្រគល់​ឲ្យ​អតិថិជន​នៅ​ឆ្នាំ ២០២១

នៅ​ថ្ងៃ​អង្គារ ទី៦ កុម្ភៈ លោក Lu Zheng នាយករង​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ផលិតយន្តហោះ​រដ្ឋ​ចិន Comac បាន​ប្រកាស​ឲ្យ​ដឹង​ថា យន្តហោះ​ដឹកអ្នកដំណើរ​ប្រភេទ C៩១៩ របស់​ចិន​នឹង​ផលិត​រួចរាល់ រួច​អាច​ប្រគល់​ទៅ​ឲ្យ​អតិថិជន​នៅ​ឆ្នាំ ២០២១។ តាម​លោក Lu យន្តហោះ​ចិន C៩១៩ នឹង​មាន​តម្លៃ​ថោក​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ប្រភេទ​យន្តហោះ​ស្រដៀង​គ្នា​នេះ​របស់​ក្រុមហ៊ុន​អាមេរិកាំង Boeing ក្រុមហ៊ុន​អឺរ៉ុប Airbus។

យន្តហោះ C៩១៩ Made in China ត្រូវ​ផលិត​រួច​រាល់ និង​ប្រគល់​ឲ្យ​អតិថិជន​នៅ​ឆ្នាំ ២០២១
យន្តហោះ C៩១៩ Made in China ត្រូវ​ផលិត​រួច​រាល់ និង​ប្រគល់​ឲ្យ​អតិថិជន​នៅ​ឆ្នាំ ២០២១ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​មហិច្ឆិតា​សេដ្ឋកិច្ច និង​យោធា ចិន​កំពុង​ផ្តោត​លើ​មហិច្ឆិតា​អាកាសចរណ៍​តាម​រយៈ​ការ​ផលិត​យន្តហោះស៊ីវិល​ក្រោម​បច្ចេកវិទ្យា​របស់​ចិន ១០០%។ យន្តហោះ​ចិន C៩១៩ ផលិត​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ Comac ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន ១២៨នាក់​នឹង​ចូល​ខ្លួន​ប្រជែង​នឹង​យន្តហោះ​អាមេរិកាំង Boeing B៧៣៧ និង​យន្តហោះ​អឺរ៉ុប Airbus A៣២០។ យន្តហោះ C៩១៩ ធ្លាប់​បាន​ហោះ​សាកល្បង​ចំនួន ២ដង គឺ​ម្តង​ក្នុង​ខែ​ឧសភា និង​ម្តង​ទៀត​នា​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ ២០១៧។

លោក Lu Zheng នាយករង​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Comac បាន​ថ្លែង​ធានា​ពី​ប្រទេស​សិង្ហបុរី​ដែល​លោក​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៌អាកាសចរណ៍​ថា យន្តហោះ C៩១៩ ទី១ នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern នៅ​ឆ្នាំ ២០២១។ លោក Lu បាន​បន្ថែម​ថា ចិន​ជា​ទីផ្សារ​អាទិភាព​ដំបូង​គេ មុន​នឹង​គិត​ពង្រីក​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ តែ​ដើម្បី​អាច​ធ្វើ​ការ​ហោះហើរ​ជា​ផ្លូវការ​ក្នុង​ស្រុក​បាន លុះ​ត្រា​ណា​តែ​ក្រុមហ៊ុន​ទទួល​បាន​វិញ្ញាបនប័ត្រ​ហោះហើរ​ពី​រដ្ឋបាលអាកាសចរណ៍​ស៊ីវិល​ចិន។

ចំណែក​ការ​ហោះហើរ​ក្នុង​ដែនអាកាស​អន្តរជាតិ គឺ​ត្រូវ​មាន​ភ្លើងខៀវ​ពី​ទីភ្នាក់ងារ​អាកាសចរណ៍​សហព័ន្ធ​អាមេរិកាំង​ដែល​លោក Lu ទទួល​ស្គាល់​ថា អាច​មាន​ការ​លំបាក​ជាង​ការ​ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋបាលអាកាសចរណ៍​ស៊ីវិល​ចិន។ កន្លង​មក យន្តហោះ​ខ្នាត​តូច​ប្រភេទ ARJ-២១ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Comac ទទួល​បាន​ភ្លៀវខៀវ​ពី​រដ្ឋបាលអាកាសចរណ៍​ស៊ីវិល​ចិន​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៤ ដើម្បី​ធ្វើ​ចរាចរណ៍​ក្នុង​ស្រុក តែ​នៅ​មិន​ទាន់​ទទួល​បាន​ភ្លើង​ខៀវ​ពី​ទីភ្នាក់ងារ​អាកាសចរណ៍​សហព័ន្ធ​អាមេរិកាំង​នៅ​ឡើយ​ទេ។

សព្វថ្ងៃ ក្រុមហ៊ុន Comac ទទួល​បាន​ការ​កម្ម៉ង់​ទិញ​យន្តហោះ C៩១៩ ចំនួន ៧៨៥គ្រឿង​ដែល​ភាគច្រើន​ជា​កម្ម៉ង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន។ ចំណែក​ការ​កម្ម៉ង់ទិញ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស ពិសេស​ពី​អាល្លឺម៉ង់ និង​ថៃ​មាន​តែ ៣៤គ្រឿង​ប៉ុណ្ណោះ។ តែ​លោក Lu បាន​អះអាង​ថា ទីផ្សារ​ដែល​ក្រុមហ៊ុន Comac សម្លឹង​ឃើញ គឺ​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​អាហ្រ្វិក។ រីឯ​តម្លៃ​របស់ C៩១៩ គឺ​ថោក​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​យន្តហោះ​អាមេរិកាំង Boeing B៧៣៧ និង​យន្តហោះ​អឺរ៉ុប Airbus A៣២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ