rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា អ.ស.ប. រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ.ស.ប.៖ ការ​​ធ្វើទុក្ខបុកម្នេញ​​​ប្រឆាំង​​ទៅ​លើ​​ជនភាគតិច​​រ៉ូហ៊ីងយ៉ា ​​អាច​​បង្ក​​ឲ្យ​​មាន​​ជម្លោះ​​សាសនា​​នៅ​​ក្នុង​​តំបន់​​

media
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាស មកពី​ភូមា នៅក្បែរឆ្នេរ ប្រទេស​ឥណ្ឌូណេស៊ី REUTERS

ឧត្តមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​ទី ៥​កុម្ភៈ​នេះ​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​និង​​បោស​សំអាត​ជាតិ​ពិន្ធុ​ឬ​ក៏​ការ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជន​ភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ភូមា អាច​នឹង​បង្ក​ឲ្យ​មាន​ជម្លោះ​សាសនា​នៅ​ក្នុង​តំបន់​។


ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ លោក Zeid Ra’ad Al Hussein បាន​ថ្លែង​នៅ​ទីក្រុង​ហ្សាកាតា ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ថ្ងៃ​ចន្ទ​នេះ​ថា “ភូមា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​ជាមួយ​នឹង​ផល​ប៉ះពាល់​ដ៏ខ្លាំងក្លា​នៅ​ក្នុង​តំបន់"។​​​

សេចក្តីថ្លែង របស់​ឧត្តមស្នងការ​ អ.ស.ប.នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចេញ​ផ្សាយ​​​នា​សប្តាហ៍​មុន​នូវ​អត្ថបទ​សាព័ត៌មាន​ជា​ច្រើន​ដែល​អះអាង​ថា​ នៅ​ភូមា​មាន​រណ្តៅ​កប់​ខ្មោច​រួម​​នៅ​រដ្ឋ​រ៉ាឃីន​​ភាគ​ខាង​លិច​ប្រទេស​ភូមា។

នៅលើ​ព័ត៌មាន​នេះ ​អាជ្ញាធរ​ភូមា បាន​ធ្វើការ​បដិសេធ​ថា​ពុំ​មាន​ទេទាំង​រណ្តៅ​កប់​ខ្មោច​រួម​និង​​ទាំង​​​​ការ​រំលោភ​សិទ្ធ​មនុស្ស​​ឡើយ​នៅ​ភូមា។​ តែ​អាជ្ញាធរ​ភូមា បាន​គូស​បញ្ជាក់​ប្រាប់​ថា អាជ្ញាធរ​បាន​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​មួយ​ដ៏​ម៉ឹងម៉ាត់​​មួយ​ដើម្បី​ធ្វើការ​ប្រយុទ្ធ​​ប្រឆាំង​ទល់​នឹង​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា។​

នៅខណៈនេះ ​កងទ័ព​ភូមា បាន​ធ្វើការ​ឡោមព័ទ្ធ​បិទ​ស្ទើរ​តែ​ជិត​ឈឹង​ទៅ​ហើយ​នៅ​តំបន់​រ៉ាឃីន​និង​​​ក៏​ពុំ​អាច​អនុញ្ញាត​អោយ​ដល់​​អ្នកកាសែត​ឬ​ក៏​ក្រុម​អ្នក​ស៊ើបអង្កេត​ណា​មួយ​​អាច​ឈានជើង​ចូល​ទៅ​ដល់ទីនោះ​​បាន​ឡើយ។

ឧត្តមស្នងការ​អ.ស.ប. បាន​គូស​បញ្ចាក់​ទៀត​ថា នៅ​ក្រោម​ជំនាន់​របប​សឹកភូមា​ សហគមន៍​​​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​ពួកយោធា ដក​សញ្ជាតិ​ភូមា​ពីពួកគេ​នៅ​ក្នុង​ឆ្នាំ​១៩៨២។ ហើយ​រហូត មកទល់ពេលនេះទៀត ពួក​គេ​នៅ​តែ​​ជា​ជន​រងគ្រោះ​ដដែល​នៃ​ការប្រកាន់​​រើសអ៊ើង​គ្រប់​ជំពូក​ដូច​ជា​​ ពុំ​មាន​អត្តសញ្ញាប័ណ​ឬ​ក៏​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​ណា​បាន​ដោយ​សេរី ឬ​ក៏​ពុំ​មាន​សិទ្ធិ​រៀបចំ​អាព៌ាពិពាហ៍​ទេ​ បើ​ពួកគេ​ពុំ​មាន​ការ​អនុញ្ញាត​ពីអាជ្ញាធរភូមា​នោះ​។

សូមបញ្ជាក់ថា លោក Zeid Ra’ad Al Hussein ឧត្តមស្នងការអសប ​ត្រូវ​ជួប​ចរចា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo ​បណ្តា​​អ្នកទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ក៏ព្រមទាំង​អ្នក​ទទួល​ខុសត្រូវ​នានា​​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​​នៅ​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន​៣​ថ្ងៃ​នៅ​ក្នុង​តំបន់៕​