rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង អំពើពុករលួយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នៅ​កូរ៉េខាងត្បូង សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​កូនប្រុស​ថៅកែ​ក្រុមហ៊ុន Samsung

media
លោក Lee Jae-yong អគ្គនាយករង និង​ជា​កូនប្រុស​ថៅកែ​ក្រុមហ៊ុន Samsung Reuters

នៅ​កូរ៉េខាងត្បូង សាលាឧទ្ធរណ៍​បាន​សម្រេច​នា​ថ្ងៃ​ចន្ទ ទី៥ កុម្ភៈ​នេះ​ដោះលែង​លោក Lee Jae-yong អគ្គនាយករង និង​ជា​កូនប្រុស​ថៅកែ​ក្រុមហ៊ុន Samsung ឲ្យ​មាន​សេរីភាព​វិញ។ ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នឹង​អនុញ្ញាត​ឲ្យ​លោក Lee អាច​ត្រឡប់​ចូល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន Samsung វិញ តែ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ទេ។ សូម​រម្លឹក​ជូន​ថា លោក Lee បាន​ជាប់ចោទ​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​ឈាន​ដល់​ការ​ទម្លាក់​អតីត​ប្រធានាធិបតី​លោកស្រី​ប៉ាក់ គុនហេ។


ចាប់​ពី​ថ្ងៃ​ចន្ទ ទី៥ កុម្ភៈ​នេះ​ទៅ លោក Lee បាន​រក​ឃើញ​ឡើង​វិញ​នូវ​សេរីភាព​ដែល​លោក​បាន​បាត់បង់​អស់​រយៈពេល ១ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ។ ទន្ទឹម​នឹង​ទទួល​បាន​សេរីភាព​ឡើង​វិញ សាលាឧទ្ធរណ៍​ក៏​បាន​កាត់​បន្ថយ និង​បង្វែរ​ពី​ទោស​ជាប់​ពន្ធនាគារ​សម្រេច​ដោយ​សាលាដំបូង​ក្នុង​ខែ​សីហា ឆ្នាំ ២០១៧ មក​ជា​ការ​ព្យួរទោស។ តាម​ធម្មតា សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោក Lee អាច​វិល​ត្រឡប់​ចូល​ទៅ​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន Samsung ជា​ថ្មី។ តែ​បើ​តាម​ការិល័យច្បាប់ Cho & Partners លោក Lee មិន​អាច​ចាកចេញ​ពី​ទឹកដី​កូរ៉េខាងត្បូង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ណា​ម្នាក់​ទេ។

សូម​រម្លឹក​ជូន​ឡើង​វិញ​ថា លោក Lee ដែល​មាន​អាយុ ៤៩ឆ្នាំ ជា​កូនប្រុស​ថៅកែ​ក្រុមហ៊ុន Samsung និង​មាន​តួនាទី​ជា​អគ្គនាយករង​ត្រូវ​បាន​សាលាដំបូង​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន ៥ឆ្នាំ​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧ ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​រំលោភ​អំណាច។ គឺ​រឿង​អាស្រូវ​ពុករលួយ​មួយ​នេះ​ហើយ​ដែល​បាន​ឈាន​ដល់​ការ​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ចេញ​ពី​តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង។ នៅ​ក្នុង​សវនាការ​កាលណោះ សាលាដំបូង​បាន​យល់​ឃើញ​ថា ការ​ដែល​ក្រុមហ៊ុន Samsung បាន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សមាគម​របស់​លោកស្រី Choi Soon-sil ដែល​ជា​មិត្តជិតដិត​របស់​លោកស្រី​ប៉ាក់ គុនហេ​ជា​អំពើ​ពុករលួយ។

តាម​ការ​លើកឡើង​របស់​សាលាដំបូង ក្រុមហ៊ុន Samsung បាន​ដោះដូរ​លុយកាក់​នោះ​ដើម្បី​ឲ្យ​លោកស្រី Choi Soon-sil ជួយ​អន្តរាគមន៍​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​សាខា​ក្រុមហ៊ុន​ពីរ​របស់​ក្រុមហ៊ុន Samsung ក្នុង​ឆ្នាំ ២០១៥។ តែ​ការ​លើកឡើង​របស់​សាលាដំបូង​របៀប​នេះ​ត្រូវ​​បាន​ក្រុម​មេធាវី​របស់​លោក Lee ច្រាន​ចោល​នៅ​សាលាឧទ្ធរណ៍​ដោយ​បញ្ជាក់​ថា ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​សាខា​ក្រុមហ៊ុន​ពីរ​របស់​ក្រុមហ៊ុន Samsung កាល​ណោះ​ហេតុផល​សេដ្ឋកិច្ច​សុទ្ធសាធ ពោល​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ស៊ីសំណូកសូកប៉ាន់​អ្វី​ទេ៕