រដ្ឋាភិបាលភូមាបដិសេធថា គ្មានរណ្ដៅកប់សពជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីនទេ
រដ្ឋាភិបាលភូមា នៅថ្ងៃសៅរ៍ ទី៣កុម្ភៈនេះ បានបដិសេធថា មិនមានសាកសពជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរណ្ដៅកប់សពដែលគេរកឃើញចំនួន៥នៅរដ្ឋរ៉ាក់ឃីនទេ។ គ្មានសាកសពជនជាតិរ៉ូហ៊ីងយ៉ាទេ គឺមានតែភេរវករចំនួន១៩នាក់ ដែលត្រូវបានសម្លាប់ និងដុតសពនៅតំបន់នោះតែប៉ុនណោះ។ នេះបើតាមការអះអាងពីមន្ដ្រីភូមា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៧
ការបដិសេធរបស់រដ្ឋាភិបាលភូមា ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរកឃើញរបស់សារព័ត៌មាន Associated Press ដែលថា មានការសម្លាប់រង្គាលលើជនជាតិរ៉ូហ៊ីងយ៉ាពីសំណាក់ក្រុមទាហាន ក៏ដូចជារណ្ដៅសពជនជាតិរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់៥ នៅក្នុងភូមិ Gu Dar Pyin នៃរដ្ឋរ៉ាក់ឃីន។
នៅក្នុងឃ្លីបវីដេអូចេញផ្សាយដោយសារព័ត៌មាន AP ក្រុមអ្នកកាន់ព្រះពុទ្ធសាសនា និងទាហានភូមាបានប្រើអំពើហិង្សាយ៉ាងសាហាវឃោឃៅទៅលើជនជាតិរ៉ូហ៊ីងយ៉ា ដោយខ្លះប្រើកាំបិត ខ្លះប្រើកាំភ្លើង ហើយខ្លះទៀតមានប្រើដល់ទៅរ៉ុក្កែតនិងគ្រាប់បែកដៃផង។ ជនជាតិរ៉ូហ៊ីងយ៉ា ដែលស្លាប់ ត្រូវគេទម្លាក់ចូលទៅក្នុងរណ្ដៅសាកសព ហើយចាក់ទឹកអាស៊ីតស្រោចពីលើ។ បើតាមទីភ្នាក់ងារសារព័ត៌មាន AP នៅក្នុងការសម្លាប់រង្គាលនេះ អាចមានមនុស្សស្លាប់ច្រើនរហូតដល់ទៅជាង៤០០នាក់ឯណោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក គណៈកម្មាធិការព័ត៌មាននៃរដ្ឋាភិបាលភូមា បានគូសបញ្ជាក់ថា ក្រុមអធិការកិច្ចរបស់រដ្ឋាភិបាលបានចុះទៅស៊ើបអង្កេតពីសំណុំរឿងនេះដល់ភូមិ Gu Dar Pyin ហើយរកឃើញថា ការចុះផ្សាយរបស់សារព័ត៌មាន AP នោះ មិនមែនជាការពិតទេ។ បើតាមសេចក្ដីថ្លែងការណ៍ដដែល ក្រុមអធិការកិច្ចបានរកឃើញសាកសពភេរវករចំនួន១៩នាក់ កប់នៅក្នុងរណ្ដៅ។ ប៉ុន្តែថាតើរណ្ដៅសពនោះមានលក្ខណៈយ៉ាងណា សេចក្ដីថ្លែងការណ៍របស់អាជ្ញាធរភូមាមិនបានបញ្ជាក់ទេ។
គួរជម្រាបថា កងទ័ពភូមា បានរងការចោទប្រកាន់ពីការប្រើអំពើហិង្សាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម នៅរដ្ឋរ៉ាក់ឃីន ហើយបង្ខំឲ្យពួកគេរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសក្បែរខាង។ ចាប់តាំងពីខែសីហាឆ្នាំ២០១៧មក ជនជាតិរ៉ូហ៊ីងយ៉ាងដែលបានឆ្លងដែនទៅប្រទេសបង់ក្លាដែសមានចំនួនជាង៧សែននាក់ ហើយជាង៦៧០០នាក់ទៀតត្រូវបានសម្លាប់។ តាមរយៈអំពើហិង្សានេះ អង្គការសហប្រជាជាតិ ចោទប្រកាន់ពួកយោធាភូមាថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ ប៉ុន្តែរដ្ឋាភិបាលភូមាចាត់ទុកទង្វើរបស់ខ្លួនថា ជាការបង្ក្រាបទៅលើពួកឧទ្ទាម ជាជាងការធ្វើទុក្ខបុកម្នេញទៅលើជនជាតិភាគតិចទៅវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ