អានតួអត្ថបទ
ភូមា

ភូមា៖​អ្នកសារព័ត៌មាន​​Reuters​​២នាក់​ បន្ត​​ជាប់ឃុំ​

នៅ​ភូមា ​សំណើ​​​សុំ​​អោយដោះលែង​​​​ ​​អ្នកកាសែត​Reuters ២នាក់​ អោយ​នៅ​ក្រៅឃុំ ដោយ​មា​នការបង់ប្រាក់​ធានា​នោះ ត្រូវបាន​តុលាការ​ភូមា​ទាត់ចោល​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។ អ្នកកាសែត​​​Reuters ទាំង២​នាក់​បាន​ធ្វើការ​ងារ​ស៊ើបអង្កេត​នៅ​ភាគ​ខាងលិច​ភូមា។ ពួកគេ​​​​រងការ​ចោទប្រកាន់​ថា បាន​ក្នុង​ការ​ស៊ើបអង្កេត​នេះ ពួកគេ​បាន​ធ្វើរឿង​ប៉ះពាល់​ការ​សំងាត់​ជាតិ។

អ្នកកាសែត​ Kyaw Soe Oo ពកូន​ក្នុងដៃ នៅ​តុលាការ​ភូមា ក្រុង​រ៉ង់ហ្គូន ថ្ងៃ​១កុម្ភៈ​នេះ។
អ្នកកាសែត​ Kyaw Soe Oo ពកូន​ក្នុងដៃ នៅ​តុលាការ​ភូមា ក្រុង​រ៉ង់ហ្គូន ថ្ងៃ​១កុម្ភៈ​នេះ។ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

តុលាការ​ភូមា​បាន​សម្រេច​អោយ​អ្នកកាសែត​​Reuters២រូប ដែល​បាន​ធ្វើការ​ស៊ើបអង្កេត​នៅ​ភាគខាងលិច​ភូមា ​អោយ​ពួកគេ​បន្ត​ជាប់ឃុំ​តទៅទៀត។ តុលាការ​ទាត់ចោល​សំណើ​សុំអោយ​នៅ​ក្រៅឃុំ ដោយ​មា​នការបង់ប្រាក់​ធានា។ ក្រុមគ្រួសារអ្នកកាសែត​ទាំង២រូប​មា​នការខកចិត្ត​ជាខ្លាំង។

បុរស​​អ្នកកាសែត​​Reutersទាំង២​នេះ ជា​ជនជាតិ​ភូមា​ ម្នាក់ឈ្មោះ Wa Lone ​អាយុ​៣១ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ​Kyaw Soe Oo ​​​អាយុ​២៧ឆ្នាំ។ ប៉ូលិស​ភូមា​ចោទ​ពួកគាត់​ថា មានក្នុង​ដៃ នូវ​​ឯកសារ​ទាក់ទង​នឹង​ការងារ​ប្រតិបត្តិការ​របស់​កងកម្លាំង​​សន្តិសុខ​នៅ​ភាគខាងលិច ក្នុង​រដ្ឋ​រ៉ាក់ឃីន។ ពួកគេ​អាច​ទទួលទោស​ជាប់ពន្ធនាគារ​១៤ឆ្នាំ។ ​ទីភ្នាក់ងារ​​Reuters មិនបាន​ប្រាប់​ក្បោះក្បាយ​ពី​កិច្ចការ​ស៊ើបអង្កេត​របស់​​អ្នកកាសែត​ទាំង២រូបទេ តែ​គេដឹងថា ​លោក Wa Lone និង​លោក​ ​Kyaw Soe Oo បាន​ត្រលប់​មកពី​តំបន់​ដែល​មា​នរណ្តៅ​សាកសព​។ ហើយ​ថ្មីៗនេះទៀត​ កងទ័ព​ភូមា​បាន​ទទួលស្គាល់​ជា​លើកដំបូង​​ថា បាន​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ក្រៅ​ផ្លូវតុលាការ ហើយ​បាន​កប់ពួកគេ​ក្នុង​រណ្តៅ​សាកសព​រួម។

ច្រើនលើក​មកហើយ​ដែល​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប​និង​អាមេរិក​ទាមទារ​អោយ​ដោះលែង​អ្នកកាសែត​ទាំង២រូប ដោយ​គ្មាន​លក្ខខណ្ឌ​ ប៉ុន្តែ​មិនដែល​សម្រេច​ការទាមទារ​នេះទេ។ ​អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិ​មួយរូប បាន​លើកឡើង​ថា ​រដ្ឋាភិបាល​ស៊ីវិលភូមា​នៅ​មិនទាន់​សម្រេច​ការងារ​បើកចំហរ និង​បង្ហាញ​តម្លាភាព​ច្បាស់លាស់ វប្បធម៌​បំភិតបំភ័យ​នៅតែ​មាន​ក្នុងស្រុក។

រដ្ឋាភិបាល​លោកស្រី​អ៊ុងសាន ស៊ូជី មិនត្រឹមតែ​រងការ​រិះគន់​ថា​មិនដឹងលឺ​រឿង​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទេ ឥឡូវ​​ក៏​រង​ការ​បរិហារ​ថា រំលោភ​សិទ្ធិសេរីភាព​សារព័ត៌មា​នដែរ។ ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ ភូមា​ជាប់​ចំណាត់ថ្នាក់​​ទី​១៣១ ផ្នែក​សេរីភាព​សារព័ត៌មាន ក្នុង​ចំណោម​​ប្រទេស​១៨០​នៅទូទាំង​ពិភពលោក។ ឆ្នាំ​មុននេះ មាន​អ្នកកាសែត​យ៉ាងហោច​១១នាក់ ត្រូវបាន​ចាប់ខ្លួន ដោយសារ​តែ​ការងារពួកគេ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ