អានតួអត្ថបទ

ផ្ទះ​វីឡា​របស់អ៊ុនសាន ស៊ូជី ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​បែកសាំង

នៅថ្ងៃ​ព្រហស្បតិ៍ទី​០១​ខែ​កុម្ភៈ​នេះ បុរសម្នាក់ ដែល​គេ​​មិន​ស្គាល់​​អត្តសញ្ញាណ បានបោះគ្រាប់បែក​សាំង​មួយ​ចូល​ទៅកាន់ផ្ទះវីឡា​នៅក្បែរមាត់ទឹក​របស់ប្រមុខ​ដឹកនាំរបស់ភូមា​លោកស្រីអ៊ុនសាន ស៊ូជី ដែលនេះ​ជាការវាយប្រហារ​ក៏កម្រ​មួយទៅលើ​​អ្នក​នយោបាយ ដែល​ប្រជាជន​ភូមា​តែងតែ​ចាត់ទុក​ថា​ជា​វីរនារី។

លោកស្រីអ៊ុនសាន ស៊ូជី ធ្វើ់សេចក្តីថ្លែងការណ៍នៅរដ្ឋធានី Naypyidaw ប្រទេសភូមា ថ្ងៃទី១២ មករា ២០១៨ (រូបថតឯកសារ)
លោកស្រីអ៊ុនសាន ស៊ូជី ធ្វើ់សេចក្តីថ្លែងការណ៍នៅរដ្ឋធានី Naypyidaw ប្រទេសភូមា ថ្ងៃទី១២ មករា ២០១៨ (រូបថតឯកសារ) ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

មន្រ្តីរដ្ឋាភិបាល​ប្រទេសភូមាម្នាក់ដែលមក​ពីគណបក្ស National League for Democracy (NLD) របស់លោកស្រីអ៊ុនសាន ស៊ូជី បានអោយដឹងថា មានជនមិន​ស្គាល់មុខ​ម្នាក់​បានបោះគ្រាប់បែកសាំង​ចូលទៅកាន់វីឡា​របស់លោកស្រី​កាលពីថ្ងៃព្រហស្បតិ៍នេះ ក៏ប៉ុន្តែហេតុការណ៍នេះ​ពុំបានធ្វើអោយមាន​ការខូចខាត​ច្រើននោះទេ។ លោកបាន​បន្ថែមទៀតថា កងកំលាំង​សន្តិសុខរបស់ភូមា​កំពុងធ្វើការស្រាវជ្រាវ​ដើម្បីស្វែងរក​និងចាប់ខ្លួនជនទុច្ចរិត។

អ្នកនាំពាក្យ​រដ្ឋាភិបាលម្នាក់ ក៏បានបញ្ជាក់ពី​ការកើតមាន​ហេតុការណ៍គប់គ្រាប់បែកនេះដែរ ហើយលោកថែម​ទាំងបានដាក់បង្ហាញ​អោយឃើញនៅលើទំព័រFacebook នូវរូបថត​ជនសង្ស័យម្នាក់ដែល​ពាក់អាវយឺតពណ៌ផ្កាឈូក​ជាមួយនឹងសំពត់សារុង​ពណ៌ខៀវ តែលោកពុំបាន​ដោយដឹងអំពី​មូលហេតុដែលអាចទៅរួច​នៅពីក្រោយហេតុការណ៍​នេះនោះទេ។

ការវាយប្រហារ​នេះបានកើតឡើង​មួយឆ្នាំបន្ទាប់ពីការ​ធ្វើឃាតមេធាវីអ៊ីស្លាម​ម្នាក់ដែលមានតួនាទីជាទីប្រឹក្សារបស់លោកស្រីស៊ូជី។ ឃាតកម្មនេះបានធ្វើអោយ​មានការភ័យខ្លាចយ៉ាងខ្លាំង​ដល់សហគមអ៊ីស្លាមក្នុងប្រទេសភូមា ព្រមទាំង​គណបក្សកាន់អំណាចផងដែរ ដោយសារការសម្លាប់អ្នកនយោបាយ​គឺជាករណីកម្រមួយសម្រាប់ប្រទេសនេះ។

លោកស្រីអ៊ុនសាន ស៊ូជី ពុំបានស្ថិតនៅក្នុងផ្ទះវីឡានោះទេ នៅពេលដែលហេតុការណ៍នេះកើតឡើង​ គឺលោកស្រីកំពុងស្ថិតនៅ​រដ្ឋធានី Naypyidaw  ដើម្បីប្រារព្ធពិធីអបអរខួបលើកទី២នៃការឡើងកាន់អំណាចរបស់គណបក្សNLD ហើយលោកស្រីពុំបានធ្វើ​អត្ថាធិប្បាយ​ចំពោះរឿងវាយប្រហារ​ដោយ​គ្រាប់បែកនេះទេ។

គួរបញ្ជាក់ថា លោកស្រីបាន​ឡើងកាន់តំណែងបន្ទាប់ការបោះឆ្នោតក្នុងឆ្នាំ២០១៥ ហើយ​លោកស្រីត្រូវបានគេស្គាល់ថាជា វិរ:នារីរបស់ភូមា ដោយសារមានការគំទ្រជាច្រើនពីសំណាក់ប្រជាជនក្នុងស្រុក ហើយពួកគេភាគច្រើនជាអ្នកកាន់ពុទ្ធសាសនា។

តែកន្លងមក លោកស្រីក៏បានទទួលការរិះគន់មួយចំនួនពីសំណាក់​សហគមន៍អន្តរជាតិដោយសារ​ការរួញរា មិនហ៊ានចេញមុខការពារក្រុមជនជាតិរ៉ូហ៊ីងយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ