rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​​ពូទីន​​​អន់ចិត្ត​​ ដោយ​មិន​​ឃើញ​ឈ្មោះ​​គាត់​​ក្នុង​បញ្ជី​​​អ្នក​ដែល​​អាច​ជាប់​ទណ្ឌកម្ម​​​ក្រុង​​​វ៉ាស៊ីនតោន​​

media
លោក Vladimir Poutine ក្នុងសន្និសីទ​សាព័ត៌មាន​​នៅ​មុខអ្នកកាសែត​ចំនួន​ ១៦០០នាក់​​ ថ្ងៃទី​១៤ធ្នូ​២០១៧​ REUTERS/Sergei Karpukhin

រសៀលថ្ងៃអង្គារម្សិលមិញលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាននិយាយដោយ សំដី ផ្លែផ្កាថា គាត់” អន់ចិត្ត “ ដោយមិនឃើញឈ្មោះគាត់ នៅក្នុ្ងងបញ្ជីឥស្សរជនរុស្ស៊ី ទើប​ចេញផ្សាយដោយ សេតវិមាន ថាអាចជាប់ក្នុងទណ្ឌកម្មក្រុងវ៉ាស៊ីនតោន។ គាត់​ចាត់​ទុក​ការចេញផ្សាយបញ្ជីបែបនេះ ថាជា “ទង្វើអមិត្ត” ដោយព្រមជាមួយនេះ គាត់​បាន​ឲ្យ​ដឹង​ថា ភាគីរុស្ស៊ី មិន ចាត់វិធានការបកវិញឡើយ។


” ប្រាកដណាស់ នេះជាទង្វើអមិត្ត ដែលនាំឲ្យស្មុគស្មាញដល់ទំនាក់ទំនងរវាង រុស្ស៊ី និង សរអា ​- ទំនាក់ទំនង ដែលស្ថិតក្នុងភាពយ៉ាប់យ៉ឹនស្រាប់ទៅហើយ មិនតែប៉ុណ្ណោះ វា នាំឲ្យខូចជាទូទៅ ដល់ ទំនាក់ ទំនងអន្តរជាតិ “- សេចក្តីនេះ ថ្លែងនារសៀលថ្ងៃ អង្គារ ៣០មករា ដោយលោកពូទីន ក្នុងសម័យប្រជុំ ជួបជាមួយ ឥស្សរជន ៤៦១ នាក់ ជា​មនុស្ស​​ទុកចិត្តរបស់គាត់ នៅឯ អគ្គសេនាធិការគាត់ ក្នុងបរិបទ នៃ យុទ្ធនាការ សម្រាប់​ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ខែមិនាខាងមុខ។ លោកពូទីន ក៏ថ្លែងថា គាត់មិន” ភ្លើ” ទៅបន្ទាបទំនាក់ទំនងនោះលុះរហូតដល់សូន្យឡើយ ម៉្លោះហើយ បានជាគាត់ មិន​ចង់​ឆ្លើយ​បកវិញ ដ្បិតវា រឹតតែនាំឲ្យ”ស្ថានការណ៍ដុនដាប”ទៅទៀត។

តាមអំណះអំណាងលោកពូទីន ៖ ម៉ូស្គូ បានរង់ចាំការលេចចេញមកនៃបញ្ជីនោះ ទាំង​ត្រៀម​ចាត់វិធានការ សងសឹកវិញយ៉ាងមធ្យ័ត ដែលមុខជាបន្ទាប់​ទំនាក់​ទំនង​យើង​ដល់​បាតតែម្តង។ ប៉ុន្តែ ក្នុងដំណាក់ឥឡូវ យើងទប់ខ្លួន មិនចាត់វិធានការនេះទេ។

តាមយោបល់លោកប្រមុខរដ្ឋរុស្ស៊ី ពូទីន បញ្ជីឈ្មោះអ្នកនយោបាយនិង​ពួកអ្នក​ជំនួញ​រុស្ស៊ី​គ្រាក់ៗ សរុបទៅ ២១០ នាក់ ដែលថាជំនិតនឹងរូបគាត់ ចេញផ្សាយដោយ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកាំង តាមពិត គឺធ្វើឡើង ក្នុង ក្របខ័ណ្ឌនៃនយោបាយផ្ទៃក្នុង សរអា ទេ​តើ ​ដើម្បីវាយប្រហារលោក ដូណាល់ ត្រាំ ដែលថា ឈ្នះឆ្នោត ជា ប្រធានាធិបតី ក្នុងឆ្នាំ ២០១៦ គឺ ដោយសារមានការគាំទ្រស្អីណា ពីខាងម៉ូស្គូ។

មេដឹកនាំរុស្ស៊ី ក៏ចោទសួរខ្លួនឯង តើក្រុងវ៉ាស៊ីនតោន មានឆន្ទៈសហការជាមួយម៉ូស្គូ ឬ​ទេ ​ក្នុងការប្រយុទ្ធ ទល់នឹង ភេរវនិយម។ តាមសំដីគាត់ ៖ បើវ៉ាស៊ីនតោនមិនចង់សហការ នោះម៉ូស្គូ ក៏មិនត្រូវការគេឡើយ។

គួរនិយាយថា ក្នុងបញ្ជីឈ្មោះ ២១០ នាក់នោះ ក៏មានទាំងឈ្មោះ លោករដ្ឋមន្ត្រី​ការបរទេស​ ស៊ែរហ្គៃ ឡាវ្រ៉ូវ លោកនាយករដ្ឋមន្ត្រី ឌ្មីទ្រី មេដវេដេវ និងពួកអ្នក​ទទួល​ខុស​ត្រូវ​ថ្នាក់​លើៗ នៃ ទីភ្នាក់ងារឈ្លបការណ៍សម្ងាត់ រុស្ស៊ី៕