rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េ​ខាង​ជើង សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កូរ៉េខាងជើង​​ចោទ​ថា​​អាមេរិក​​រំលោភ​បំពាន​​សិទ្ធិមនុស្ស​​

media
លោក​គឹម ជុងអ៊ុន Reuters/路透社

ថ្ងៃពុធ​នេះ សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​បាន​ចុះផ្សាយ​​​​របាយការណ៍​មួយ ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​អ្នករំលោភបំពាន​សិទ្ធិមនុស្ស​​យ៉ាង​ជាក់ស្តែង។ ការចោទ​ប្រកាន់​នេះ ធ្វើឡើង​ចំពេល​លោក​ដូណាល់ ត្រាំ ថ្លែងសន្ទរកថា ​ទៅកាន់​ប្រជាជាតិ​នៅ​ចំពោះ​មុខសភា​ពេញអង្គ។ ​


អាមេរិក​តែង​រិះគន់​កូរ៉េខាងជើង​ថា រំលោភ​សិទ្ធិមនុស្ស​ ឥឡូវ ​ដល់ពេល​កូរ៉េខាងជើង​ចោទ​អាមេរិក​វិញម្តង។ ​ថ្ងៃពុធ​នេះ ​សារព័ត៌មា​នផ្លូវការ​កូរ៉េខាងជើង​បាន​ចុះផ្សាយ​របាយការណ៍ជា​ភាសា​អង់គ្លេស​ ចោទ​អាមេរិក​ចំៗ​តែម្តង ថាជាអ្នករំលោភ​សិទ្ធិមនុស្ស​យ៉ាងជាក់ស្តែង។ កូរ៉េខាងជើង​លើកឡើង​ថា សហរដ្ឋ​អាមេរិក​​​​ជា​អ្នកការពារ​ប្រជា​ធិបតេយ្យ ​​ជាតួឯក​ការពារ​សិទ្ធិមនុស្ស តែ​​មិនអាច​លាក់បាំង​អត្តសញ្ញាណ​ជាអ្នក​រំលោភបំពាន​សិទ្ធិមនុស្ស​បានទេ។

ក្រុងព្យុងយ៉ាង​លើកឡើង​ ពី​ការរើសអើង​ពូជសាសន៍ និង​ការស្អប់​មនុស្ស​ជាតិនៅ​អាមេរិក។ ការស្អប់​នេះ​​ជា​ជំងឺ​ធ្ងន់ធ្ងរ ក្នុង​សង្គម ហើយ​​ជំងឺ​នេះ​កាន់តែ​ធ្លាក់​ដុនដាប​​ តាំងពី​លោក​ដូណាល់ ត្រាំ ឡើង​កាន់អំណាច​មក។ ក្រុងព្យុងយ៉ាង​បន្ថែមថា កម្មករ​ជាពលរដ្ឋ​អាមេរិក​​ត្រូវ​​គេ​​​កាត់ផ្តាច់សិទ្ធិ ​មិនអោយ​ផ្ទះស្នាក់នៅ ​មិនអោយ​ការងារធ្វើ។ ថ្លៃថ្នាំពេទ្យ​សម្រាប់ពួកគេ ​ក៏ឡើងថ្លៃ​ខ្ពស់ហួសហេតុ។ តែ​ស្របពេលនេះ​ មន្ត្រី​ជាន់ខ្ពស់រដ្ឋបាល​លោក​ត្រាំ​ជាច្រើននាក់ សុទ្ធតែ​ជា​អ្នកមាន​ប្រាក់​វាល់ពាន់លាន​ដុល្លារទៅវិញ។ កូរ៉េខាងជើង​ចោទ​ទៀតថា នយោបាយ​រដ្ឋបាល​លោក​ត្រាំ ១ឆ្នាំ​មកនេះ បំរើតែ​​ផល​ប្រយោជន៍​​ក្រុមអ្នកមាន​មួយក្តាប់​តូច​ប៉ុណ្ណោះ។

ការ​ចោទប្រកាន់​បែបនេះ វាយប្រហារ​រដ្ឋបាល​លោកត្រាំ​ចាស់ដៃ​ណាស់ដែរ។ កន្លងមក អាមេរិក​និង​អង្គការ​សហប្រជាជាតិ​តែង​រិះគន់​កូរ៉េខាងជើង​​ថា​ រំលោភ​សិទ្ធិមនុស្ស។ អង្គការ​សហប្រជាជាតិ​បាន​ចេញរបាយការណ៍​​ស៊ើបអង្កេត ​កាលពីឆ្នាំ​២០១៤ ​ផ្អែក​លើ​​​សាក្សី​ជនជាតិ​កូរ៉េខាងជើងដែល​ភៀសខ្លួន​ទៅ​ក្រៅស្រុក។ កូរ៉េខាងជើងធ្វើទារុណកម្ម​អ្នកទោស ហើយ​អាច​​មា​ន​​​អ្នកទោស​នយោបាយ​១សែន​២ម៉ឺននាក់កំពុងជាប់ឃុំ​នៅ​កូរ៉េខាងជើង។ ​ក្រុងព្យុងយ៉ាង​ចោទថា របាយការណ៍​ចោទប្រកាន់​នេះ ជា​ការ​ប្រឌិត​របស់​អាមេរិក៕