អានតួអត្ថបទ
ចិន-អាមេរិក

ក្រុមហ៊ុន រោងចក្រ​អាមេរិក​នៅ​ចិន​សម្តែង​ការ​សោកស្តាយ​ពី​បរិយាកាស​អាប់អួរ​ក្នុង​ការ​ធ្វើ​ជំនួញ

នៅ​ថ្ងៃ​អង្គារ ទី៣០ មករា សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​របស់​ក្រុម​អ្នកជំនួញអាមេរិក​ដែល​កំពុង​រកស៊ី​នៅ​ចិន។ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន រោងចក្រ​អាមេរិក​ភាគច្រើន​នៅ​ចិន​បាន​ស្គាល់​ទុនវិនិយោគ​របស់​ខ្លួន​កើន​ឡើង​នា​ឆ្នាំ ២០១៧ តែ​បាន​សោកស្តាយ​ពី​បរិយាកាស​អាប់អួរ​ក្នុង​ការ​ធ្វើ​ជំនួញ។ អាប់អួរ​នៅ​ត្រង់​ថា រដ្ឋាភិបាល​ចិន​មិន​បាន​អនុវត្តន៍​ឲ្យ​ស្មើភាព​គ្នា​រវាង​អ្នកជំនួញ​បរទេស និង​អ្នកជំនួញ​ក្នុង​ស្រុក។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​សមភាគី​ចិន​លោក​ Xi Jinping ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​នៅ​ចិន.
លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​សមភាគី​ចិន​លោក​ Xi Jinping ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​នៅ​ចិន. REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន រោងចក្រ​អាមេរិក​នៅ​ចិន​ចំនួន ៣ភាគ៤ ដែល​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​ជួប​សម្ភាសន៍​បាន​ប្រាប់​ថា ពួក​គេ​មាន​អារម្មណ៍​មិន​សូវ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ប៉ុន្មាន​ទេ​នៅ​ក្នុង​ឆ្នាំ ២០១៧ ពោល​ខុស​ពី​ឆ្នាំ ២០១៦ ដែល​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់។ ទន្ទឹម​គ្នា​នេះ មាន ៤៦% បាន​យល់​ឃើញ​ថា ពួក​គេ​បាន​និង​កំពុង​ទទួល​រង​នូវ​ការ​ប្រកួតប្រជែង​មិន​ស្មើ​ភាព​ទល់​នឹង​ក្រុមហ៊ុន រោងចក្រ​ក្នុង​ស្រុក រួម​មាន ការ​ទទួល​បាន​ទីផ្សារ​មិន​ស្មើភាព គ្មាន​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​ដូច​ម្ចាស់ស្រុក ឬ​មួយ​ក៏​ការ​អនុវត្តន៍​ច្បាប់​មិន​ដូច​គ្នា​ជា​ដើម។

ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​ក្រុមហ៊ុន រោងចក្រ​អាមេរិក​នៅ​ចិន​ប្រមាណ​ជា ៦៤% បាន​យល់​ឃើញ​ថា ទុនវិនិយោគ​របស់​ពួក​គេ​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ ២០១៧ ពោល​ច្រើន​ជាង​ឆ្នាំ ២០១៦ ដែល​មាន ៥៨% និង ២០១៥ ដែល​មាន​តែ ៥៥%។ សូម​ជម្រាប​ជូន​ថា​នៅ​ក្រោយ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ក្នុង​ប្រទេស​ចិន ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​មាន​សិទ្ធិ​គ្រប់គ្រង​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ដែល​ជា​វិស័យ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្រុមហ៊ុន​អាមេរិកាំង​នៅ​ក្នុង​ពិភពលោក។

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស​ថ្មីៗ​នេះ លោក​លីវ ហ៊ី ទីប្រឹក្សាសេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក៏​បាន​សន្យា​ថា ចិន​នឹង​បន្ធូរបន្ថយ​ច្បាប់​ដល់​ក្រុមហ៊ុន​បរទេស​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារ និង​សេវា។ តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ក្នុងប្រទេស​​ចិន​ដដែល មាន​ក្រុមហ៊ុន រោងចក្រ​អាមេរិក​នៅ​ចិន​ចំនួន ៤៦% កំពុង​រង់ចាំ​ឲ្យ​ចិន​បើក​ទីផ្សារ​បន្ថែម​សម្រាប់​អ្នកវិនិយោគ​បរទេស​ក្នុង​រយៈពេល ៣ឆ្នាំ​ខាង​មុខ។

លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ​ថា ចិន​ដែល​មាន​ពលរដ្ឋ​កម្រិត​ជីវភាព​មធ្យម​ចំនួន ៤០០លាននាក់​ពិត​ជា​សក្តានុពល​ទីផ្សារ​ធំធេង​ណាស់​សម្រាប់​ក្រុមហ៊ុន រោងចក្រ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ