អានតួអត្ថបទ
ចិន-ជប៉ុន

ចិន និង​ជប៉ុន​ចង់​បង្កើត ខ្សែ​ទូរស័ព្ទក្រហម​សម្រាប់​យោធា​​​ប្រទេស​ទាំងពីរ

ចិន និង​ជប៉ុន បាន​ប្រាថ្នា​រួមគ្នា ចង់​ឲ្យ​បង្កើត​ខ្សែរ​ទូរស័ព្ទក្រហម​ Hotline សម្រាប់​ឲ្យ​​​កងទ័ព​​​ប្រទេស​ទាំងពីរទាក់ទងគ្នា នៅក្នុង​កិច្ចប្រឹងប្រែង កាត់បន្ថយ​ភាពតានតឹង នៅក្នុង​ជម្លោះ​ដណ្តើម​ដីកោះ នៅសមុទ្រ​ចិន​ខាងកើត។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចិន នៅក្រោយ​ជំនួប​ទ្វេរភាគី ដ៏​កម្រ រវាង​ប្រមុខ​ការបរទេស​ជប៉ុន និង​ចិន កាលពី​ថ្ងៃ​អាទិត្យ ទី​២៨​មករា។ នៅក្នុង​ឱកាស​ជំនួប​កំពូល​APEC នៅ​វៀតណាម កាលពីខែ​វិច្ឆិកា​ឆ្នាំមុន ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊្ហីនហ្សូ អាបេ បាន​ថ្លែង​យល់ស្រប​គ្នា ក្នុងការចាប់ផ្តើម​ថ្មី សម្រាប់​ទំនាក់ទំនង ចិន-ជប៉ុន

រដ្ឋមន្រ្តីការបរទេស​ជប៉ុន (ឆ្វេង)​ជួប​សមភាគី​ចិន លោក​វ៉ាងយី នៅថ្ងៃអាទិត្យ​ទី ២៨ មករា ២០១៨
រដ្ឋមន្រ្តីការបរទេស​ជប៉ុន (ឆ្វេង)​ជួប​សមភាគី​ចិន លោក​វ៉ាងយី នៅថ្ងៃអាទិត្យ​ទី ២៨ មករា ២០១៨ @REUTERS/Andy Wong/Pool
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន លោក​តារ៉ូ កូណូ Taro Kono ជា​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ជប៉ុន ដំបូង ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស ចិន នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយនេះ។ នៅក្នុង​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​អាទិត្យ ប្រមុខការបរទេស​ជប៉ុន បាន​លើក​និយាយ​ពី​គ្រោះថ្នាក់​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​និង​ចេតនា​របស់​តូក្យូ ដែល​ចង់​ជំរុញ ទំនាក់ទំនង​ល្អ​រវាង​ចិន និង​ជប៉ុន​ដែល​ល្អក់កករ​រហូតមក ដោយសារ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត និង​ជម្លោះ​ដណ្តើម ប្រជុំ​កោះ សេនកាគូ​របស់​ជប៉ុន ប៉ុន្តែ ដែល​ចិន​ហៅថា ទៀវយូរ និង​ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ នៅ​សមុទ្រ​ចិន​ខាងកើត។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន នៅថ្ងៃ​អាទិត្យ គេ​បាន​សរសេរ​ថា ភាគី ចិន និង​ជប៉ុន​បាន​សន្យារួម​គ្នា​នឹង​ចុះ​ហត្ថលេខា​ឲ្យ​បាន​ឆាប់ លើ​កិច្ចព្រមព្រៀង បង្កើត​ខ្សែទូរស័ព្ទ ក្រហម សម្រាប់​ការទាក់ទង​បន្ទាន់​រវាង​យោធា​របស់​ប្រទេស​ទាំងពីរ។ ខ្សែទូរស័ព្ទ​ក្រហម​មួយខ្សែ​នេះ Hotline នឹង​ជួយ​ទប់ស្កាត់ កុំឲ្យ​មាន​ ឧប្បត្តិហេតុ ការប្រឈម​មុខ​ដាក់គ្នា រវាង​ភាគី​ទាំងពីរ នៅ​សមុទ្រ​ចិន​ខាងកើត។

រដ្ឋមន្រ្តី​ការបរទេស​ចិន យល់ស្រប​ជាមួយ​សមភាគី​ជប៉ុន ដែល​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បាន​ឈាន​ប្រសើរ​ជាងមុន​បន្តិច ប៉ុន្តែ យ៉ាងណាក៏ដោយ ក៏​នៅ​តែ​ជាប់​មាន​ឧបសគ្គ​ជានិច្ច។

កប៉ាល់​ល្បាត​របស់​ឆ្មាំសមុទ្រ​ជប៉ុន ឧស្សាហ៍​ប៉ះទង្គិចគ្នា ជាមួយ​នឹង​កប៉ាល់​យោធា​ចិន ដែល​ក្រុង​ប៉េកាំង​បាន​បញ្ជូន ទៅក្នុង​តំបន់​ទឹក​មានជម្លោះ នៅក្រោយ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ប្រមូល​ទិញ កោះ នៅ​ប្រជុំកោះ​សេនកាគូរ​មក​ធ្វើ​ជា​សម្បត្តិរដ្ឋ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ក្យូដូ នៅក្នុង​ជំនួប​ជាមួយ​លោក​វ៉ាង យី រដ្ឋមន្រ្តីការបទេស​ជប៉ុន លោក​កូណូ​បាន​តវ៉ា​ផងដែរ ពី​ការសម្រេច​ចិត្ត​របស់​ចិន នៅ​ខែ​នេះ ដែល​ថា នឹង​បញ្ជូន​នាវា​មុជទឹក ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ទៅក្នុង​តំបន់​ប្រជុំកោះ សេនកាគូរ។

ក្រៅតែ​ពី​សំណុំរឿង​ដែល​មានទាក់ទង​រវាង​ចិន និង​ជប៉ុន អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ក៏​ជាបញ្ហា​សំខាន់ ដែល​គេត្រូវ​លើកនិយាយ​ជា​ចាំបាច់ ជាមួយ​រដ្ឋអំណាច​ចិន។ រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​បាន​ប្រាប់​អ្នកកាសែត​យ៉ាងដូច្នេះ នៅមុន​ពេល​ចូលជួប​សមភាគី​ចិន។ ជប៉ុន​ជំរុញ​ផងដែរ​ឲ្យ​មាន​ឡើងវិញ ជំនួប​ត្រីភាគី ចិន កូរ៉េខាងត្បូង និង​ជប៉ុន ដើម្បី​និយាយ​ពី​បញ្ហា​ក្នុង​តំបន់ និង​ជាពិសេស​សំណុំរឿង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

ជប៉ុន សម្ព័ន្ធមិត្ត​របស់​អាមេរិក ដឹងថា នៅពេល​ដែល​លោកដូណាល់ ត្រាំ គិតគូរ​តែ​ពី​ប្រយោជន៍​ជាតិ​អាមេរិក​មុនគេ​យ៉ាងដូច្នេះ គឺ​មាន​តែ​ចិន​ទេ ដែល​នឹង​អាច​ជួយ​បញ្ចុះ​បញ្ចូល ដាក់​សម្ពាធ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង លះបង់​ចោល មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​ប្រល័យលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ