rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ាក់ សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យន្តហោះ​ចម្បាំង​អាមេរិក​ច្រលំបាញ់​សម្លាប់​ទាហាន​អ៊ីរ៉ាក់​៨នាក់

media
ទាហាន​អាមេរិក​បណ្តុះបណ្តាល​ក្រុមកងទ័ព​អ៊ីរ៉ាក់ ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ©AHMAD AL-RUBAYE / AFP

ក្បួន​រថយន្ត ដឹក​កងកម្លាំង​អ៊ីរ៉ាក់ នៅថ្ងៃ​សៅរ៍នេះ ត្រូវ​បាន​យន្តហោះ​ចម្បាំង​របស់​អាមេរិក ច្រលំ​បាញ់​ប្រហារ នៅ​ ប៉ែក​ខាងលិច​ប្រទេស​អ៊ីរ៉ាក់។ តាមអ្នកទទួល​ខុសត្រូវ​របស់​ខេត្ត ប៉ូលិស មន្រ្តីជាន់ខ្ពស់​របស់​ចារកម្ម​អ៊ីរ៉ាក់ ៨នាក់ បាន​ស្លាប់ បាត់បង់​ជីវិត និង​រងរបួស ២០​នាក់​ផ្សេងទៀត នៅក្នុង​ហេតុការណ៍​បាញ់​ច្រលំ​របស់​យន្តហោះ​ចម្បាំង​អាមេរិក។


ក្បួន​រថយន្ត​ដឹកកង​កម្លាំង​អ៊ីរ៉ាក់ បាន​រងការវាយប្រហារ​យ៉ាងដំណំ ពី​យន្តហោះ​ចម្បាំង​របស់​អាមេរិក ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅក្នុង​ទឹកដី​អ៊ីរ៉ាក់។ ហេតុការណ៍នេះ បាន​កើតឡើង នៅ​ខេត្ត​អាល់ អានបារ ជាទី​ដែល​កងទ័ព​អ៊ីរ៉ាក់ និង​កងកម្លាំង​របស់​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក ទើប​វាយបណ្តេញ​បាន​សម្រេច ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ មន្រ្តី​មូលដ្ឋាន​អ៊ីរ៉ាក់ ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​វាយតម្លៃថា យន្តហោះ​អាមេរិក​អាច​ច្រលំ​វាយប្រហារ​ទៅលើ​ក្បួនរថយន្ត​របស់​កងកម្លាំង​អ៊ីរ៉ាក់។

តាម​សេចក្តីថ្លែងការណ៍​របស់ខ្លួន នៅ​ថ្ងៃ​នេះ ទីបញ្ជាការដ្ឋាន រួម នៃ​កង​កម្លាំង​ចម្រុះ ដែល​មាន​ផងដែរ កងទ័ព​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត រដ្ឋអ៊ីស្លាម នៅ​អ៊ីរ៉ាក់ យន្តហោះ​ចម្បាំង​របស់​អាមេរិក​បាន​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិការ បន្ទាប់​ពី កងទ័ព​អ៊ីរ៉ាក់​បាន​ប្រាប់​ឲ្យ​ដឹង ពី​វត្តមាន​របស់​មេកើយ​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម នៅខេត្ត​អាល់ អានបារ។

សូមអាន៖ អាមេរិក​ចាយលុយ ៩​លាន ដុល្លារ ក្នុង​មួយថ្ងៃ​ដើម្បី​​ប្រយុទ្ធប្រឆាំង​​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម

ដោយ​មាន​ជំនួយ​ពី​កងទ័ព​អាកាស​របស់​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក កងទ័ព​អ៊ីរ៉ាក់ បាន​សម្រេច​ចាប់បាន​មេក្រុម​ភេរវជន។ ប៉ុន្តែ នៅ​លើ​ផ្លូវ ត្រលប់​ចូល​បន្ទាយ​វិញ យន្តហោះ​ចម្បាំង របស់​អាមេរិក បាន​សង្កេត​ឃើញ​ក្បួន​រថយន្ត បើក​សំដៅ​ផ្ទះ​របស់​មេក្រុម​ភេរវជន។ ដោយ​គិត​ថា ជា​ក្បួន​រថយន្ត របស់​ក្រុមភេរវជន យន្តហោះ​ចម្បាំង​របស់​អាមេរិក​បានបាញ់​ប្រហារ ទៅ​លើ​ក្បួនរថយន្ត ដែល​តាមពិត​ទៅ កំពុង​ដឹក​ប៉ូលិស មន្រ្តី​ខេត្ត អ៊ីរ៉ាក់ ដែល​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ជួយជា​កម្លាំង​បន្ថែម សម្រាប់​កងទ័ព​អ៊ីរ៉ាក់ ដើម្បី​ចាប់​មេភេរវជន។

ទីបញ្ជាការ​កងកម្លាំង​ចម្រុះ នៅថ្ងៃ​សៅរ៍ បាន​សន្យា​នឹង​បើក​ការស៊ើបអង្កេត​ទៅ​លើ​ឧប្បត្តិហេតុ​លើកនេះ។ នេះមិនមែន​ជា​លើកទី១​ទេ ដែល​យន្តហោះ​ចម្បាំង​អាមេរិក ដែល​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​បោសសម្អាត​ក្រុមជីហាត រដ្ឋអ៊ីស្លាម នៅ​អ៊ីរ៉ាក់ ច្រលំ​វាយប្រហារ​ទៅលើ​កងទ័ព និងប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់។ នៅ​ពាក់កណ្តាល​ឆ្នាំមុន ក្រសួងការពារ​ជាតិ​បាន​ទទួល​ស្គាល់​ថា កងទ័ព​អាមេរិក បានទម្លាក់​គ្រាប់បែក​សម្លាប់​ប្រជាជន​ស៊ីវិល អ៊ីរ៉ាក់ ប្រមាណ ១៥០នាក់ ដែល​គេ​យល់​ច្រលំ​ស្មាន​ថា ជាសមាជិក​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ទីក្រុង​មូស៊ូល។ អាមេរិក​ទទួល​ស្គាល់​ថា មាន​ការភ័ន្តច្រលំ ប៉ុន្តែ នៅទីបំផុត ភាគី​អាមេរិក និង​កងទ័ព​អ៊ីរ៉ាក់ បាន​ទម្លាក់​កំហុស ទទួល​ខុសត្រូវ ទៅលើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែល​អាមេរិក ចោទថា បាន​យក​ប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់​មកធ្វើ​ជា​ចំណាប់ខ្មាំង និងខែល​សម្រាប់​ការពារខ្លួន​ពីការវាយប្រហារ​របស់​កងកម្លាំង​ទ័ព​អន្តរជាតិ៕