rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន ប្រែប្រួល​អាកាសធាតុ សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិន​ចង់​ពង្រីក​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ទៅ​ដល់ប៉ូល​ទឹកកក អាក់ទិក

media
សមុទ្រ​ទឹកកក​នៅGreenland នៅថ្ងៃ​ទី​៣០​មីនា​២០១៧ ©Mario Tama/Getty Images/AFP

រដ្ឋាភិបាល​ចិន នៅថ្ងៃ​សុក្រ​ទី​២៦​មករា បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គម្រោង​ពង្រីក​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​ទៅដល់​តំបន់​ជុំវិញ ប៉ូល​ទឹកកក​អាក់ទិក។ មហាសមុទ្រ​ទឹកកក​អាក់ទិក ដែល​គេ​អាច​ចាប់ផ្តើម ធ្វើ​ចរាចរណ៍ ចេញចូល ទៅបាន​ដោយសារ​ទឹកកក រលាយ ក្នុង​ក្របខ័ណ្ឌ​នៃការប្រែប្រួល​អាកាសធាតុ។


ចិន​ស្ថិតនៅ​ឆ្ងាយ​រាប់យោជន៍ និង​គ្មាន​ព្រំដែន​ជាប់​មហាសមុទ្រ​អាក់ទិក​មែន ប៉ុន្តែ​ចិន​បាន​ចិញ្ចឹម​មហិច្ឆតា​ចង់​ក្លាយ​ជា​ប្រទេស​ពាក់ព័ន្ធ​នឹង​ប៉ូល​អាក់ទិក យូរ​ឆ្នាំ​មកហើយ។ តំបន់​ប៉ូល​អាក់ទិក​ដែល​សំបូរ​ទៅដោយ​អណ្តូងប្រេង ឧស្ម័ន និង​ធនធាន​ធម្មជាតិ​ដ៏សំបូរបែប។

ចិន​ចាប់​អារម្មណ៍​ជា​ពិសេស​អណ្តូងឧស្ម័ន Yamal ដែល​អាចផ្តល់​ឧស្ម័ន ៤​លាន​តោន​ក្នុង​មួយឆ្នាំ។ នៅ​ឆ្នាំ ២០១៣ ចិន ដែល​គ្មាន​ព្រំដែន​ទាល់តែសោះ​នឹង​តំបន់​ប៉ូល​ទឹកកក បាន​ទទួល​នាម​ជា​ប្រទេស​សង្កេតការណ៍ ក្នុង​ក្រុមប្រឹក្សា​អាក់ទិក ដែល​មាន​នាទី អភិវឌ្ឍន៍​ជាចីរកាល​តំបន់​អាក់ទិក។

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ​សៀវភៅ​ស ដែល​បង្ហាញ​ដោយ​ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​​យ៉ាងច្បាស់​ពី​យុទ្ធសាស្រ្ត​របស់​មហាយក្ស​ចិន នៅ​មហាសមុទ្រ​អាក់ទិក​ជាទី​ដែល​ផ្លូវ​ចរាចរណ៍​ចេញចូល កាន់តែ​អំណោយផល ដោយសារ​ការឡើងកំដៅ នៃ​ផែនដី។ នៅ​ក្នុង​សៀវភៅ​ស គេ​បាន​លើកឡើង​ពី​គម្រោង​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការពង្រីក​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ទៅដល់​តំបន់​ប៉ូល​ទឹកកក។ នៅ​ក្នុង​សៀវភៅ រដ្ឋអំណាច​ចិន​បាន​លើក​ទឹកចិត្ត​ក្រុមហ៊ុន​ចិន កសាង​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​តំបន់​ប៉ូល​ទឹកកក និង​ជំរុញ ការធ្វើ​ពាណិជ្ជកម្ម រួម​ទាំង​ការរៀបចំ​កញ្ចប់​ទេសចរណ៍​ទៅកាន់​តំបន់​ប៉ូល​អាក់ទិក​ផង។

តាម​សៀវភៅ​ស ចិន​នឹង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​កសាង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ នៅ​តំបន់​ប៉ូល​អាក់ទិក។ នៅក្នុង​សន្និសីទ​កាសែត អនុរដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Kong Xuanyou​បាន​អះអាងថា ចិន​កំពុង​ពិភាក្សា​ជាមួយ រុស្ស៊ី នៅក្នុង​សំណុំរឿងនេះ។

ចាប់តាំង​ពី​ឆ្នាំ ២០១៣ ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​បង្កើត​គម្រោង មហាសាល” ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដែល​រួម មាន​ការកសាង ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ខ្សែរ​ថភ្លើង បំពង់បង្ហូរ​ឧស្ម័ន និងកំពង់ផែ​ជាច្រើនកន្លែង ដើម្បី​ផ្សារផ្ជាប់ចិន ជាមួយ​នឹង​ទ្វីប​អឺរ៉ុប អាស៊ី ដើមបូព៌ា និង​អាហ្វ្រិក។ នយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ បាន​ធ្វើ​ប្រទេស​មួយ​ចំនួន​ត្រេកអរ និង​មួយចំនួន​ទៀត ព្រួយបារម្ភ​ដែល​ឃើញ​ចិន​កំពុង​ធ្វើ​នយោបាយ​វាតទីនិយម តាមរយៈ ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ។ នៅក្នុង​សន្និសីទ​កាសែត អនុរដ្ឋមន្រ្តី​ការបរទេស​ចិន បាន​បដិសេធ​ថា ចិន​គ្មាន​មហិច្ឆតា​ដើម្បី បូមយក​ឧស្ម័នទេ ប៉ុន្តែ ចិន បាន​លើកឡើង​ពី​ការធ្វើ​សិទ្ធិ​ធ្វើ​ចរាចរណ៍​ដោយ​សេរី។ ពាក្យ​ដែល​អាមេរិក​តែងតែ​លើកឡើង នៅក្នុងជម្លោះ​សមុទ្រ​ចិន​ខាងត្បូង៕