rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មាន​មនុស្ស​ស្លាប់​ជិត ៤០នាក់​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​កូរ៉េខាងត្បូង

media
មាន​មនុស្ស​ស្លាប់​ជិត ៤០នាក់​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​កូរ៉េខាងត្បូង Yonhap/Reuters

នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង គ្រោះ​អគ្គិភ័យ​ឆាបឆេះ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នា​ថ្ងៃ​សុក្រ ទី២៦ មករា​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៧នាក់ និង​របួស​ប្រមាណ​ជា ១៣០នាក់​ផ្សេង​ទៀត។ នេះ​ជា​សោកនាដកម្ម​ដ៏​ធំ​មួយ​ដែល​កូរ៉េខាងត្បូង​មិន​ធ្លាប់​ជួប​ទេ គិត​ក្នុង​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុមទីប្រឹក្សា និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឆាប់រហ័ស​ដើម្បី​ស្វែង​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ។


អាគារ​ដែល​ទទួល​រង​ការ​ឆាបឆេះ​មាន​កម្ពស់ ៦ជាន់ និង​មាន​មន្ទីរពេទ្យ រួម​នឹង​កន្លែង​ស្នាក់នៅ​សម្រាប់​មនុស្ស​ចាស់។ នៅ​ពេល​ដែល​ភ្លើង​បាន​ផ្តើម​ឆាបឆេះ គឺ​មាន​មនុស្ស​ប្រមាណ​ជា ២០០នាក់​ស្ថិត​ក្នុង​អាគារ​នោះ។ គិលានុបដ្ឋាយិកា​ចំនួន​ពីរ​នាក់​បាន​រាយការណ៍​ប្រាប់​ក្រុម​អ្នក​ពន្លត់​ភ្លើង​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​ចេញ​ពី​បន្ទប់​សង្រ្គោះបន្ទាន់​ដោយ​មិនដឹង​ពី​មូលហេតុ​អ្វី​ទេ។ សឹង​ពេញ​មួយ​ថ្ងៃ​នេះ ចំនួន​អ្នកស្លាប់ និង​អ្នក​រងរបួស​មាន​ការ​ឡើង​ចុះ​ដោយ​ផ្អែក​លើ​តួលេខ​របស់​ក្រុម​អ្នក​ជួយ​សង្រ្គោះ។ នៅ​សឹង​គ្រប់​កាណាល់​ទូរទស្សន៍ គេ​ឃើញ​អាគារ​ត្រូវ​បាន​គ្របជិត​ដោយ​អណ្តាត​ភ្លើង និង​ផ្សែងខ្មៅ​ខ្មួលខ្មាញ់។

ពី​ដំបូង វិមាន​ប្រធានាធិបតី​បាន​ប្រាប់​ពី​អ្នក​ស្លាប់​ចំនួន ៤១នាក់ តែ​ចំនួន​នេះ​បាន​ធ្លាក់​មក​នៅ​ត្រឹម ៣៧នាក់​វិញ។ យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​ជា​តួលេខ​បណ្តោះអាសន្ន ព្រោះ​មាន​អ្នក​របួស​ខ្លះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្ទើរ​ស្លាប់ ស្ទើរ​រស់។ សាក្សី​ជា​អ្នក​ជម្ងឺ​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​រៀបរាប់​ថា ពួក​គេ​បាន​ឃើញ​មនុស្ស​រត់​ឆោឡោ​រក​ផ្លូវចេញ​គេច​ពី​អណ្តែតភ្លើង និង​ផ្សែង ហើយ​ខ្លះ​ទៀត​ក៏​ដួល​សន្លប់​នៅ​នឹង​កន្លែង​ក៏​មាន​ដែរ។ នាយក​មន្ទីរពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​គ្មាន​បំពាក់​ដោយ​ប្រដាប់​ពន្លត់​អគ្គិភ័យ​ដោយ​ស្វ័យប្រវត្តិ​ទេ ព្រោះ​និយាមសន្តិសុខ​មិន​តម្រូវ​ឲ្យ​មាន​ឡើយ។

ទន្ទឹម​គ្នា​នេះ នាយក​មន្ទីរពេទ្យ​ដដែល​ក៏​បាន​ទទួល​ស្គាល់​ថា ភ្លើង​បាន​ឆាបឆេះ​ចេញ​ពី​បន្ទប់​សង្រ្គោះបន្ទាន់​ដោយ​ផ្ទុះសេ​ខ្សែភ្លើង។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុមទីប្រឹក្សា លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឆាប់រហ័ស​ដើម្បី​ស្វែង​រក​ការ​ពិត​នៃ​គ្រោះថ្នាក់​នោះ។

គួរ​ជម្រាប​ជូន​ថា គ្រោះថ្នាក់​ឆេះ​មន្ទីរពេទ្យ​ពេល​នេះ​បាន​កើត​មាន​ឡើង មួយ​ខែ​ក្រោយ​ពី​មាន​គ្រោះថ្នាក់​ឆេះ​ក្នុង​ក្លិបកីឡា​មួយ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៩នាក់។ ម្យ៉ាង​ទៀត សោកនាដកម្ម​នៅ​ក្នុង​មន្ទីរពេទ្យ​ពេល​នេះ​ជា​សោកនាដកម្ម​ដ៏​ធំ បន្ទាប់​ពី​សោកនាដកម្ម​ឆេះ​កន្លែង​ស្តុក​អីវ៉ាន់​មួយ​ក្នុង​ឆ្នាំ ២០០៨ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ៤០នាក់៕