rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

វៀតណាម អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គម្រោង​ចូលចត​ជា​ប្រវត្តិសាស្រ្ត​នៃ​នាវា​ដឹកយន្តហោះចម្បាំង​អាមេរិក​នៅ​កំពង់ផែ​វៀតណាម

media
Vietnam's Defence Minister Ngo Xuan Lich presents war relics of a U. S. serviceman to U.S. Secretary of Defense Jim Mattis after their meeting in Hanoi Reuters

លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក James Mattis បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មួយ​ជុំ​ទ្វីប​អាស៊ី។ នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​វៀតណាម​លោក Ngo Xuan Lich និង​លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ មករា លោក Mattis បាន​លើក​ឡើង​ពី​សិទ្ធិសេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ​នៅ​សមុទ្រចិនខាងត្បូង។ បន្ទាប់​មក ទីក្រុង​ហាណូយ និង​វ៉ាស៊ីនតោន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ដំណើរ​ចូលចត​របស់​នាវា​ដឹកយន្តហោះចម្បាំង​អាមរិក​នៅ​កំពង់ផែ​វៀតណាម​នា​ខែ​មីនា​ខាង​មុខ។


គម្រោង​នៃ​ដំណើរ​ចូលចត​របស់​នាវា​ដឹកយន្តហោះចម្បាំង​អាមរិក​នៅ​កំពង់ផែ​វៀតណាម​នា​ខែ​មីនា​ខាង​មុខ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​លើកទី១ មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​វៀតណាម និង​អាមេរិក​ដែល​ជា​អតីតគូសត្រូវ តែ​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​នា​ពេល​បច្ចុប្បន្ន។ ក្រុម​អ្នកទទួលខុស​ត្រូវ​នៃ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់​ថា ទោះ​បី​ជា​នៅ​ក្នុង​សម័យ​សង្រ្គាមវៀតណាម​ដែល​បាន​បិទបញ្ចប់​ទៅ​ក្នុង​ឆ្នាំ ១៩៧៥ ក៏​ដោយ ក៏​នាវាដឹកយន្តហោះចម្បាំង​អាមេរិក​នា​ពេល​នោះ​បាន​ឈប់​ចត​ឆ្ងាយ​នៅ​កណ្តាល​សមុទ្រ ពោល​គ្មាន​នាវា​ណា​មួយ​បាន​ចូល​ចត​នៅ​កំពង់ផែ​វៀតណាម​ទេ។

ក្រៅ​ពី​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ចូលចត​របស់​នាវា​ដឹកយន្តហោះចម្បាំង​អាមរិក​នៅ​កំពង់ផែ​វៀតណាម​នា​ខែ​មីនា​ខាង​មុខ លោក​ប្រមុខ​ការពារជាតិ​អាមេរិក James Mattis ក៏​បាន​និយាយ​ជាមួយ​សមភាគី​វៀតណាម​ពី​សិទ្ធិសេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​ដូច​ដែល​លោក​បាន​និយាយ​ជាមួយ​សមភាគី​ឥណ្ឌូណេស៊ី​ដែរ។ លោក Mattis បាន​គូសបញ្ជាក់​ថា សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រយោជន៍​សេដ្ឋកិច្ច​របស់​វៀតណាម។ វៀតណាម​ក៏​ដូច​ជា​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី ព្រុយនេ និង​តៃវ៉ាន់​កំពុង​មាន​ជម្លោះ​ត ទល់​នឹង​ចិន​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង។

គួរ​បញ្ជាក់​ជូន​ថា គឺ​ទើប​តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ដែល​វៀតណាម និង​អាមេរិក​បាន​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​គ្នា ពិសេស​តាំង​ពី​មាន​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នៅ​វៀតណាម​ក្នុង​ឆ្នាំ ២០១៦ និង​ដែល​កាល​ណោះ លោក​អូបាម៉ា​បាន​លើក​ទណ្ឌកម្ម​ស្តីពី​ការ​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម។ ម្យ៉ាង​ទៀត វត្តមាន​របស់​លោក Mattis ក្នុង​ទឹកដី​វៀតណាម​ពេល​នេះ​បាន​ធ្វើ​ឡើង ៦ខែ​ក្រោយ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្រ្តី​ការពារជាតិ​វៀតណាម Ngo Xuan Lich នៅ​អាមេរិក​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧៕