អានតួអត្ថបទ
អឺរ៉ុប-ចិន

សហភាព​​អឺរ៉ុប​​ទាមទារ​​អោយ​​ចិន​​ដោះលែង​​អ្នក​បោះពុម្ព​​សៀវភៅ​​ Gui Minhai​

លោក​ Gui Minhai ជាពលរដ្ឋ​ស៊ុយអែត ដើមកំណើត​ចិន និង​ជា​អ្នកទទួលខុសត្រូវ​កន្លែង​បោះពុម្ពផ្សាយ​សៀវភៅ​មួយកន្លែង មានទីតាំង​នៅ​ហុងកុង ត្រូវបាន​ប៉ូលិស​ចិន​ចាប់ខ្លួន កាលពី​ថ្ងៃ​​២០​មករា។ ថ្ងៃពុធ​នេះ សហភាព​អឺរ៉ុប​បាន​ទាមទារ​អោយ​ចិន​ដោះលែង​លោក Gui Minhai ភ្លាមៗ ដើម្បី​អោយ​លោក​អាច​ទទួលបានជំនួយ​ពី​ផ្នែកទូត និង​ពី​​គ្រូពេទ្យ។​

លោក Gui Minhai
លោក Gui Minhai RFILIUJANET FOTO 制作 3 图片
ផ្សាយពាណិជ្ជកម្ម

យោងតាម​កូនស្រី​របស់​​​​អ្នកបោះពុម្ព​ផ្សាយ​សៀវភៅ Gui Minhai លោក​ Gui ត្រូវបាន​ប៉ូលិស​ចិន​មួយក្រុម ​ក្នុង​ឯកសណ្ឋាន​ស៊ីវិល ​ ចាប់ខ្លួន​​លោក កាលពី​ថ្ងៃ​២០មករា ​ក្នុងពេល​លោក និង​អ្នកការទូត​ជនជាតិ​ស៊ុយអែត​២រូបទៀត កំពុង​ធ្វើដំណើរ​តាម​រថភ្លើង​ចេញ​ពី​ក្រុង​Ningbo ខាងកើត​ប្រទេស​ចិន​ ឆ្ពោះ​មក​​​ប៉េកាំង។ លោក​ Gui Minhai ធ្វើ​ដំណើរ​ទៅ​​ប៉េកាំង ​ដើម្បី​ជួបគ្រូពេទ្យ​​ពិនិត្យ​ជំងឺ​។ លោក​មាន​ជំងឺ​ម្យ៉ាង​ទាក់ទង​សរសៃ​ប្រសាទ។​

​ថ្ងៃពុធ​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបប្រចាំ​ក្រុងប៉េកាំង​ ​​បាន​ទាមទារ​អោយ​អាជ្ញាធរ​ចិន​​ ​ដោះលែង​លោក​ Gui ដែល​​ជា​ពលរដ្ឋ​ស៊ុយអែត និង​ជា​ពលរដ្ឋ​អឺរ៉ុប​មួយរូបដែរ។ គឺ​​ដើម្បី​អោយ​លោក​អាច​ជួបជុំ​គ្រួសារ និង​អាច​ទទួលបាន​ជំនួយ​ពី​គ្រូពេទ្យ។ Gui Minhai ជា​អ្នក​​ចូលរួម​​​បង្កើត​​​​​កន្លែង​បោះពុម្ព​សៀវភៅលក់​មួយ​ ឈ្មោះ Mighty Current ដែល​មា​នទីតាំង​នៅ​ហុងកុង។ កន្លែង​បោះពុម្ព​មួយនេះ​​ធ្វើ​​សៀវភៅ​​ចំអក​​​ជីវិត​ឯកជន​របស់​​ថ្នាក់​ដឹកនាំ​ចិន។ សៀវភៅ​ទាំងនេះ​ត្រូវ​បាន​ចិន​ហាមឃាត់​មិនអោយ​មាន​​វត្តមាន​​នៅចិន​ដីគោក​។ ​ថ្មីៗនេះ​ ​​លោកស្រី​ Margot Wallström ជារដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត ​បាន​ទាមទារ​អោយ​ចិនដោះលែង​លោក​ Gui Minhai។ លោកស្រី​​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​​ចិន​នៅ​​Stockholm ដល់ទៅ​២ដង។

សូមបញ្ជាក់​ថា លោក​ Gui Minhaiជាអ្នកបោះពុម្ព​​ ក្នុង​ចំណោម​អ្នកបោះពុម្ព​ហុងកុង​៥នាក់ ដែល​បាន​​​បាត់ខ្លួន​ចន្លោះឆ្នាំ​២០១៥ និងខែមករា​ដើម​​ឆ្នាំ​២០១៦ ហើយ​ដែល​បាន​លេច​មុខ​មកវិញ នៅ​ប៉ុន្មាន​ខែ​ក្រោយមក។ ​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ គេឃើញ​លោក​បង្ហាញ​​ខ្លួន​​​ក្នុង​ទូរទស្សន៍​ចិន​ និង​សារភាព​ថា​ ​លោក​ពាក់ព័ន្ធ​​​ករណី​គ្រោះថ្នាក់ចរាចរ​មួយ​ ក្នុង​ឆ្នាំ២០០៣។ លោក​​បាន​ប្រគល់ខ្លួន​អោយ​តុលាការកាត់ទោស។ ចិន​ប្រកាស​ថា បាន​ដោះលែង​លោក នៅខែតុលា​ឆ្នាំ​២០១៧ ប៉ុន្តែ​កូនស្រី​លោក​ប្រាប់ថា ​គេដាក់​អោយ​លោក​រស់​​ក្នុង​ផ្ទះមួយ ស្ថិត​ក្រោម​ការឃ្លាំមើល​ពី​ប៉ូលិស៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ