rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ឥណ្ឌូណេស៊ី អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​ចង់​ជួយ​ឥណ្ឌូណេស៊ី​ឲ្យ​ការពារ​ដែនទឹក​របស់​ខ្លួន​ប្រឈម​នឹង​មហាយក្ស​ចិន

media
លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក James Mattis និង​សមភាគី​ឥណ្ឌូណេស៊ី​លោក Ryamizard Ryacudu ក្នុងទីក្រុង​ហ្សាការតា​ថ្ងៃទី២៣ មករា ២០១៨ Reuters

លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក James Mattis កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាស៊ី។ បន្ទាប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី លោក Mattis បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ថ្ងៃ​ពុធ ទី២៤ មករា​នេះ។ នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​ឥណ្ឌូណេស៊ី​​លោក Ryamizard Ryacudu ក្នុង​ទីក្រុង​ហ្សាការតា​នា​ថ្ងៃ​អង្គារ ទី២៣ មករា លោក Mattis បាន​ថ្លែង​ថា អាមេរិក​ចង់​ជួយ​ឥណ្ឌូណេស៊ី​ឲ្យ​ការពារ​ដែនទឹក​របស់​ខ្លួន​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់។


ជំនួយ​ដែល​លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក James Mattis ចង់​និយាយ​ពេល​នេះ គឺ​ជំនួយ​យោធា ហើយ​ដែនទឹក​ដែល​លោក Mattis ចង់​និយាយ​នោះ គឺ​ដែនទឹក​នៅ​ក្នុង​សមុទ្រចិនខាងត្បូង។ អ្វី​ដែល​លោក Mattis ចង់​បាន គឺ​ការ​ធានា​ឲ្យ​មាន​ការ​គោរព​ច្បាប់សមុទ្រ​អន្តរជាតិ និង​សិទ្ធិសេរី​នៃ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ នៅ​ក្នុង​ន័យ​នេះ លោក Mattis ចង់​ជួយ​បង្កើន​ចំណេះដឹង​ផ្នែក​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​ការ​ដោះដូរ​ព័ត៌មាន​រវាង​ឥណ្ឌូណេស៊ី​ជាមួយ​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់។

នៅ​ពេល​ដែល​មាន​សំណួរ​ចោទ​ឡើង​ទាក់ទង​នឹង​ការ​ដែល​អាមេរិក​មិន​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ច្បាប់​សមុទ្រ លោក Mattis បាន​ឆ្លើយ​ថា អាមេរិក​មិន​បាន​ផ្តល់​សច្ចាប័ន​មែន តែ​អាមេរិក​បាន​គោរព ពោល​មិន​ដូច​ប្រទេស​ខ្លះ​បាន​ផ្តល់​សច្ចាប័ន តែ​មិន​គោរព​នោះ​ទេ។ ទោះ​បី​ជា​លោក Mattis មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​ក៏​ដោយ​ក៏​គេ​ដឹង​ថា​លោក​ចង់​និយាយ​សំដៅ​លើ​ប្រទេស​ចិន។ ចិន​ដែល​បាន​ចេញ​មុខ​ទាមទារ​កម្មសិទ្ធិ​ផ្តាច់​មុខ​នៅ​សមុទ្រចិនខាង​ត្បូង ត ទល់​នឹង​ប្រទេស​ជិតខាង​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តែវ៉ាន់ និង​ព្រុយណេ។

ដើម្បី​ប្រឈម​មុខ​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់ លោក Mattis ចង់​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​អាមេរិក និង​ឥណ្ឌូណេស៊ី​តាម​រយៈ​ការ​បង្កើន​សមយុទ្ធ​រួម​គ្នា ក៏​ដូច​ជា​ការ​លក់​គ្រឿងសព្វាវុធ​បន្ថែម​ឲ្យ​ឥណ្ឌូណេស៊ី។ ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ឥណ្ឌូណេស៊ី​ដែល​មាន​យន្តហោះចម្បាំង​អាមេរិក F-១៦ ចំនួន ២៤គ្រឿង​អាច​នឹង​ទិញ ៤៨គ្រឿង​បន្ថែម​ទៀត​គិត​ជា​ទឹកប្រាក់​ពី ៤ ០០០ ទៅ ៥ ០០០លានដុល្លារ។

តែ​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រសួង​ការពារជាតិ​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា​ខណៈ​នេះ ឥណ្ឌូណេស៊ី​នៅ​មិន​ទាន់​មាន​បំណង​ទិញ​បន្ថែម​ទេ។ សូម​ជម្រាប​ជូន​ថា​ក្រៅ​ពី​ទិញ​គ្រឿងសព្វាវុធ​អាមេរិក ឥណ្ឌូណេស៊ី​ក៏​បាន​ទិញ​ពី​ប្រទេស​រុស្ស៊ី និង​ពី​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ដែរ។ តាម​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រសួង​ការពារជាតិ​ឥណ្ឌូណេស៊ី​ដដែល ឥណ្ឌូណេស៊ី​បាន​សម្លឹង​ឃើញ​យន្តហោះចម្បាំង​បារាំង Rafale និង​យន្តហោះចម្បាំង​រុស្ស៊ី Sukhoï ដែល​ឥណ្ឌូណេស៊ី​ទើប​បាន​ទិញ​ប៉ុន្មាន​គ្រឿង​នា​ពេល​ថ្មីៗ​នេះ៕