rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បង់ក្លាដែស ភូមា រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភូមា​​កំពុង​​​​​​​សាងសង់​​ជំរំ​​មួយ​​​ទុក​​ទទួល​​​ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​នៅ​​ពេល​​​ពួកគេ​​​​វិល​ត្រឡប់​មក​​​​ពី​​​បង់ក្លាដែស​​​វិញ​

media
ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា​កំពុងរង់ចាំ​ទទួលម្ហូបអាហារ​​ដែលគេ​ចែកចាយ​នៅ​ជំរំ​ Balukhali ​ក្នុង​ប្រទេស​បង់ក្លាដែស​ថ្ងៃ​ទី​​១៥​មករា​២០១៨​ REUTERS/Tyrone Siu

ប្រទេស ភូមា ទើបបាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​នេះ អំពី​ការ​​​សាង​សង់​ជំរំ​មួយ​​ដែល​មាន​ ៣ ម៉ឺន​កន្លែង ទុក​​​ទទួល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជា​​បណ្តោះអាសន្ន នៅពេល​​​​​​​វិល​ត្រឡប់​​ពី​ប្រទេស​​បង់ក្លាដែស​ ​នៅខណៈពេលដែល ​​ភូមា​និង​បង់ក្លាដែស​ ​​កំពុង​​ពិភាក្សា​ គ្នា​ ដើម្បី​​រិះរក​មធ្យោបាយ​ នៅក្នុង​​​ការ​អនុវត្តន៍​លើ​កិច្ច​ព្រមព្រៀង​មាតុភូមិ​និវត្តន៍​របស់ជន​ជាតិ​ភាគ​តិច​​ រ៉ូហ៊ីងយ៉ាដែល​​ភៀស​ខ្លួននៅបង់ក្លាដែស​ ដើម្បីគេចពីអំពើហិង្សានៅក្នុងភូមា។


ក្រុម​​​អ្នក​ទទួល​ខុសត្រូវ​​ភូមា​​និង​​បង់ក្លាដែស ​បាន​​ធ្វើការ រួម​ប្រជុំ​គ្នា​​នៅ​​ទីក្រុង.Naypydaw ក្នុង​​​​​រ​ដ្ឋធានី​ភូមា​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិភាក្សា​គ្នា ​រិះរក​មធ្យោបាយនៅ​ក្នុងការ​​អនុវត្តន៍លើ​​កិច្ច​ព្រមព្រៀង​មាតុភូមិ​និវត្តន៍​របស់​​​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​។ កិច្ចព្រមព្រៀង​នេះ ​ដែលត្រូវ​បាន​ចុះ​ហត្ថលេខា​ រវាង​ភូមា​និង​បង់ក្លាដែស​កាល​ពី​ថ្ងៃ​ទី​២៣​វិច្ឆិកាឆ្នាំមុន។​

បើ​យោង​តាម​កាសែត​ផ្លូវការ​ភូមា ឈ្មោះ “New Light Of Myanmar” ជំរំ​​ជនភៀសខ្លួន​មួយ កំពុង​ត្រូវ​​បាន​គេ​​សាងសង់​នៅ តំបន់ Hla Po khaung ​ក្នុង ភាគ​ខាង​ជើង​​នៃ​រដ្ឋ​ រ៉ាឃីន​ (RaKhine )។ ជំរំ​​នេះ គឺទុក​​ដើម្បី​​​ទទួល​​​ជន​​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​​ប្រមាណ​ជា​៣​ម៉ឺន​នាក់​ស្នាក់នៅបណ្តោះអាសន្ន​​នៅ​​ពេលពួកគេ​​វិល​​ត្រឡប់​មកពីប្រទេស​​បង់ក្លាដែសវិញ​។ កាសែត​ផ្លូវការ​ភូមា​ដដែលនេះ បាន​​បញ្ជាក់លំអិត​​ទៀត​ថា នៅ​ក្នុង​ខណៈ​នេះ អគារ​លើក​ទី​មួយ​ដែលមាន​ចំនួន​ ១០០​​ខ្នង ​នឹង​​ត្រូវ​​បញ្ចប់​​ការ​សងសង់​នៅ​ចុង​ខែ​មករា​នេះ​ហើយ។​

ដោយឡែក បើតាម​ការ​អះអាង​របស់​អ្នក​សម្របសម្រួល​នៃ​ទីភា្នក់ងារ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​​ភូមាវិញ ដែល​​បាន​​ប្រាប់​ដល់​ទីភ្នាក់ងារព័ត៌មាន Reuters ជំរំ​នោះ​គឺ​ទុក​​​ជា​ចំណុច​ឆ្លង​កាត់​មួយ​របស់​​ជនភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​ដែល​នឹង​ត្រូវ​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ចំនួន​​១​ខែ​ឬក៏​​២​ខែ​​សិន មុន​នឹង​វិលត្រឡប់​ទៅកាន់​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ភូមា​។

ក៏ប៉ុន្តែ​នៅ​មុន​ពេល​ដែល​អាជ្ញាធរ​ភូមា រៀបចំ​ទទួល​អោយ​ស្នាក់​នៅ​ក្នុង​ជំរំ Hla Po khaung នោះ​​ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ជាបឋម ត្រូវ​​ផ្តល់​​ភ័ស្តុតាង អោយ​បាន​​គ្រប់គ្រាន់​ ​ដែល​​អាច​បញ្ជាក់ច្បាស់​​ថា ពួក​គេ​ពិត​ជា​ធ្លាប់​​បាន​​រស់​នៅ​​ភូមា​​ពិត​​មែន។ ប៉ុន្តែ បើយោងតាម ​​​​អ្នក​សម្រប​សម្រួល​នៃ​ទី​ភ្នាក់ងារ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​របស់​ភូមា​វិញ បញ្ហា​នេះ ពុំមែន​ជា​ការ​ងាយស្រួល​នោះឡើយ ​ដោយហេតុថា​​ ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា ភាគ​ច្រើន ពុំមាន​អត្តសញ្ញាប័ណ្ឌ​ដែល​​អាជ្ញាធរ​​ភូមា​បាន​ចេញ​អោយនោះឡើយ ។ គួរបញ្ជាក់ដែរថា អត្តសញ្ញាប័ណ្ឌ​នោះ ​​​​ពុំ​ចាត់ទុក​ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាពលរដ្ឋរបស់ភូមាទេ។ ទន្ទឹមនោះដែរ ​អ្នក​សម្របសម្រួលនៃ​ភ្នាក់ងារ​ទទួលបន្ទុកកិច្ចការមនុស្សធម៌ភូមា ក៏​បានថ្លែងដែរថា “ភូមា​​​នឹងសាកល្បងទទួល​យក​​​​ជនភៀសខ្លួន​​ណា​ដែល​នឹង​​វិលត្រឡប់ចូលមកក្នុងប្រទេស​ភូមាវិញ”៕​