តើគេអាចប្រយុទ្ធប្រឆាំងនឹងមហន្តរាយហៀរប្រេងលើសមុទ្ទបានយ៉ាងដូចម្តេច ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៧
កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ បានលិច កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងសមុទ្ទចិនខាងកើត បន្ទាប់ពីផ្ទុះឆេះអស់រយៈពេលជាងមួយសប្តាហ៍។ បើតាមអាជ្ញាធរជប៉ុន និងសារព័ត៌មានជប៉ុន ការលិចនាវានេះ បានបង្ហៀរប្រេងពេញផ្ទៃសមុទ្ទ ប្រវែងជិត២០គីឡូម៉ែត្រ។ ក្រុមអ្នកការពារបរិស្ថាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះនេះជាមហន្តរាយហៀរប្រេងក្នុងសមុទ្ទដ៏ធ្ងន់ធ្ងរបំផុតមួយ នៅលើពិភពលោក គិតចាប់តាំងពីឆ្នាំ១៩៩១មក។
ទាំងចិន ទាំងជប៉ុន និងកូរ៉េ សុទ្ធតែបាននាំគ្នាទាញសញ្ញាអាសន្ន នៅចំពោះមុខមហន្តរាយកប៉ាល់ដឹកប្រេងអ៊ីរ៉ង់លិច កាលពីម្សិលមិញទាំងអស់គ្នា។ ក្រោមកម្លាំងខ្យល់ដ៏កំណាច កប៉ាល់អណ្តែតរុលទៅរកតំបន់ពាណិជ្ជកម្មជប៉ុន មុននឹងលិច ហើយពេលនេះរលកប្រេងកំពុងអណ្តែតត្រា រាលធំឡើងៗលើផ្ទៃសមុទ្ទ។
កប៉ាល់នេះ មានផ្ទុកប្រេងឆៅ ១៣៦តោន ជាប្រភេទប្រេងដ៏ស្រាលនិងងាយឆេះបំផុត ! ប្រេងនេះបាននិងកំពុងហៀរមកក្រៅ និងកំពុងបន្តឆេះលើផ្ទៃទឹក ដែលជាហេតុធ្វើឱ្យប្រតិបត្តិការសម្អាតមានការលំបាកខ្លាំង។ កាន់តែធ្ងន់ធ្ងរបន្ថែមទៀត នៅពេលលិច ប្រេងម៉ាហ្ស៊ូតសម្រាប់ចាក់ ម៉ាស៊ីនកប៉ាល់ Sanchi ប្រមាណជាង១ពាន់តោន ក៏បាននិងកំពុងធ្លាយហៀរមកក្រៅដែរ។ ម៉ាហ្សូត ជាប្រេងដែលកខ្វក់និងពុលខ្លាំង បំផ្លាញសរីរាង្គជីវៈសមុទ្ទខ្លាំងបំផុត។
ដូច្នេះនេះជាការបន្ថែមមហន្តរាយមួយជាន់ទៀត។ ក្រុមអ្នកការពារបរិស្ថាន បានអះអាងនៅថ្ងៃចន្ទនេះថា គេនៅមិនទាន់ដឹងថាតែមានប្រេងប៉ុន្មានតោនបានធ្លាយហៀរមកក្រៅ និងរាលអណ្តែតលើសមុទ្ទក្នុងទម្រង់ណាទេ។ មានន័យថាគេនៅមិនទាន់អាចវាយតម្លៃអំពីគ្រោះមហន្តរាយហៀរប្រេងនេះ បានដោយពេញលេញនៅឡើយទេ។ យ៉ាងណាក៏ដោយ ក៏មហន្តរាយនេះមានលក្ខណៈធ្ងន់ធ្ងរខ្លាំង មិនធ្លាប់មាននៅលើពិភពលោក គិតចាប់តាំងពីឆ្នាំ១៩៩១មក និងជាប្រវត្តិសាស្ត្រតែម្តងសម្រាប់សមុទ្ទចិនខាងកើត ដែលសម្បូរធនធានធម្មជាតិខ្លាំង ជាជម្រករបសឮរុក្ខជាតិសត្វ បាឡែន អណ្តើក សត្វស្លាប តែក៏ជាសមុទ្ទដ៏ពុលខ្លាំងជាងស្រាប់ទៅហើយផង។
មហន្តរាយ សម្រាប់បរិស្ថាននិងមនុស្សជាតិ ?
មនុស្សលោកត្រូវការជាចាំបាច់ប្រេង ប៉ុន្តែប្រេងជាគ្រោះថ្នាក់ សម្រាប់បរិស្ថាន។ បើវាធ្លាយហៀរក្នុងសមុទ្ទ នោះវានឹងបង្កមហន្តរាយដល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ទាំងក្នុងពេលរយៈពេលខ្លី មធ្យម និងយូរ លើជីវិតសត្វនិងរុក្ខជាតិសមុទ្ទ។ ប្រភពចំណីអាហារនៅក្នុងទឹក នឹងត្រូវរលាយរលត់បាត់ផុតពូជតែម្តង នៅក្នុងតំបន់រងគ្រោះ ដែលមានផ្ទៃធំ ឬតូចទៅតាមបរិមាណនៃប្រេងនិងកម្លាំងហូររាល។ ការបង្កកំណើតរបស់សត្វក្នុងទឹក នឹងត្រូវថយចុះ ហើយនឹងអាចមានបម្រែបម្រួលហ្សែនទៀត។ ចំពោះបក្សាបក្សីវិញ អាចនឹងត្រូវទទឹកជាប់ប្រេង ហើយស្លាប់បានដោយពុលឬថប់នឹងជាតិប្រេង។
បើប្រេងហៀរដល់តំបន់ព្រៃលិចទឹកវិញ នោះមហន្តរាយ នឹងកាន់តែធំ ព្រោះជាតំបន់ជម្រកសត្វបង្កកំណើតផង និងតំបន់ស្តុកចំណីអាហារសត្វផង ហើយជាងនេះទៅទៀតជាតិប្រេង (ពុល) អាចនៅត្រាំត្រែងយូរណាស់ អាចរហូតដល់១០ឆ្នាំ ទម្រាំនឹងស្រូបអស់។
ចំពោះមនុស្ស ជួនកាលគេមិនសូវនឹងគិតដល់ទេ ព្រោះយល់ថានៅក្នុងមហាសាគរឆ្ងាយពីពីដៃពីជើង ប៉ុន្តែការហៀរប្រេងបានប៉ះពាល់យ៉ាងខ្លាំង និងយូរផង ដល់ប្រព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មតំបន់។ ឆ្នេរអាចលែងស្អាត ទេសចរអាចគេចទៅរកកន្លែងមានបរិស្ថានបរិសុទ្ធជាង ការនេសាទអាចនឹងត្រូវហាមឃាត់ ព្រោះប្រេងនឹងធ្វើត្រី និងគ្រឿងសមុត្ទ បង្កងក្តាម មិនស្អាតសម្រាប់បរិភោគ។
នេះមិនទាន់រាប់និងគិតដល់តម្លៃដែលត្រូវចំណាយ ដើម្បីសម្អាតសមុទ្ទនិងតំបន់ប៉ះពាល់ពីការហៀរប្រេងនេះផង។
ការប្រយុទ្ធនឹងមហន្តរាយហៀរប្រេង
ដើមហេតុនាំឱ្យមានគ្រោះមហន្តរាយបំពុលសមុទ្ទ ហៀរប្រេងមានពីរធំៗ គឺដោយសារឧស្សាហកម្មបូមប្រេងក្នុងសមុទ្ទ និងជាញឹកញយ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍លើសមុទ្ទ។
បច្ចុប្បន្ននេះ ដោយសារមធ្យោបាយនិងបច្ចេកវិទ្យាជឿនលឿនខ្លាំង គេអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាវាដឹកប្រេងបានច្រើន ដោយមានកំរិតត្រឹម 0,000៣% តែប៉ុណ្ណោះ។
ចំពោះវិធីដោះស្រាយវិញ ប្រយុទ្ធប្រឆាំងនឹងការហៀរប្រេងក៏កាន់តែទំនើបដែរ។ នៅក្នុងករណីមានការហៀរបំពុលទ្រង់ទ្រាយតូច លើទីតាំងច្បាស់លាស់ គេអាចប្រើវិធីស្រូបបូមប្រេង ដែលអណ្តែតលើទឹកសមុទ្ទ គឺដូចយកអេប៉ុងទៅបឺតពីផ្ទៃទឹក។
ក្នុងពេលទន្ទឹមគ្នានោះត្រូវមានប្រតិបត្តិការទប់ស្កាត់នៅប្រភពដើមនៃការធ្លាយ និងធ្វើប្រតិបត្តិការដៅលើការអណ្តែតនៃប្រេងផង។ បើពុំមានការគំរាមកំហែងដល់ឆ្នេរ ឬតំបន់រសើបៗទេ នោះពុំសូវមានភាពបន្ទាន់ប៉ុន្មានឡើយ គេតាមដានដំណើរអណ្តែតរសាត់ តាមផ្កាយរណប តាមអាកាស និងទុកប្រេងរលាយដោយធម្មជាតិច្រើនជាង។
ប៉ុន្តែបើមានការគំរាមកំហែងដល់ឆ្នេរ ដល់ជីវិតសត្វ កម្មវត្ថុតចំបងនិងបន្ទាន់គឺទប់កុំឱ្យផ្ទៃប្រេងរីកធំទៅប៉ះដល់តំបន់ទាំងនោះ និងបើវិធីពីរ យ៉ាង ទីមួយ ប្រើផលិតផលគីមី បាញ់បង្កប្រេង ឬដោយដុត។ វិធីទាំងពីរនេះ ប្រើតែក្នុងមហន្តរាយធំ ខ្លាំង ហើយបន្សល់ទុកនូវគ្រោះថ្នាក់សម្រាប់ជីវិតសត្វនិងរុក្ខជាតិសមុទ្ទដូចគ្នា។ ហើយជាចុងក្រោយ គឺត្រូវសម្អាតឆ្នេរ និងព្យាបាលសត្វ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ