rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា សេរីភាព​សារព័ត៌មាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តុលាការ​ភូមា​ចោទប្រកាន់ ជាផ្លូវការ អ្នកកាសែតពីរនាក់ ពីបទ​ប៉ះពាល់​ការសម្ងាត់​រដ្ឋ

media
Wa Lone អ្នក​កាសែត​ម្នាក់​ដែលតុលាការ​ភូមា​ទើប​ធ្វើការ​ចោទ​ប្រកាន់ពីបទប៉ះពាល់ការ​សម្ងាត់រដ្ឋ REUTERS/Stringer

អ្នកកាសែត​ភូមា​ពីរ​នាក់ ដែល​បម្រើការ​ឱ្យ​ភ្នាក់ងារព័ត៌មាន​Reuters ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ជា​ផ្លូវការ​ នៅ​ថ្ងៃពុធទី ១០​មករានេះ ពីបទ​ប៉ះពាល់​ការសម្ងាត់​រដ្ឋ តាមរយៈ​ការ​ស៊ើប​រក​ព័ត៌មាន​ ស្តីពីសកម្មភាព​របស់​យោធាភូមា​បង្ក្រាប​ជនជាតិភាគ​តិច ​នៅ​ភាគ​ខាង​លិច​ប្រទេស​។ អ្នក​កាសែត​ទាំង​ពីរ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​១៤​ឆ្នាំ។


រដ្ឋអាជ្ញា​បានច្រាន​ចោល​សំណើ​សុំ​​ដោះលែង​ជា​បណ្តោះ​អាសន្ន​ និង​ក្រោមលក្ខខណ្ឌ ! ហើយ​តុលាការ​បាន​សម្រេច ធ្វើការ​ចោទ​ជាផ្លូវការ​តែ​ម្តង​នៅ​ថ្ងៃ ព្រោះ​បើ​តាម​ប៉ូលិស​ភូមា Wa Lone អាយុ​៣១​ឆ្នាំ និង Kyaw Soe Oo អាយុ​ ២៧​ឆ្នាំ មាន​ឯកសារ​ទាក់ទង​នឹង​ប្រតិបត្តិការយោធា​នៅ​រដ្ឋ​រ៉ាកឃីន នៅ​ក្នុង​ដៃ។ ប្រតិបត្តិការ​កាលពី​ចុង​ខែ​សីហា២០១៧ ដែល​បាន​ធ្វើ​ឱ្យ​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជាង​កន្លះ​លាន​នាក់​រត់​ភៀស​ខ្លួន​។

ប៉ុន្តែ​គ្មាន​នរណា​ជឿ​លើ​សេណារីយោ​ចោទ​ប្រកាន់​នេះ​ទេ !​ នៅ​មុខ​តុលាការ ក្រុម​អ្នក​កាសែត​ជា​ច្រើន​រូប បាន​នាំ​គ្នា​ស្លៀក​ពាក់​ខ្មៅ ដើម្បី​​សម្តែង​ការ​​ប្រឆាំង​នឹងសេចក្តី​សម្រេច​ចោទ​ប្រកាន់​អ្នក​កាសែត​ទាំង​ពីរ​រូប។​ តំណាង​ការិយាល័យ​អ្នក​យកការណ៍​គ្មាន​ព្រំដែន​នៅអាស៊ី​អាគ្នេយ៍​ បាន​សម្គាល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​លើ​រូប​អ្នក​កាសែត​ទាំង​ពីរ​នេះ គ្រាន់​តែ​ជា​លេស​បំបាក់​ចិត្ត​អ្នកកាសែត​ផ្សេង​ទៀត​កុំ​ឱ្យឆ្ងល់​ចង់​រុក​រក​ព័ត៌មាន ប៉ះពាល់​ដល់​ក្រុមយោធា​ដែល​មាន​អំណាច​ខ្លាំង​ក្នុង​ប្រទេសប៉ុណ្ណោះ។

អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ព្រមទាំង​អង្គការ​ការពារ​សិទ្ធិមនុស្ស ដែល​ទាមទារ​រហូត​មក​ឱ្យ​អាជ្ញាធរ​ភូមាដោះលែង​អ្នក​​ទាំង​ពីរ មាន​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សិទ្ធិសេរីភាព​របស់​សារព័ត៌មាន និង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ថាកំពុង​រុញ​​ភូមា​ឱ្យ​​ដើរ​ថយ​ក្រោយ​លើវិថី​នៃ​លទ្ធិប្រជាធិបតេយ្យ។

តាំ​ងពី​របប​សឹក​បាន​រំលាយ​ខ្លួន​នៅ​ឆ្នាំ​២០១១​មក ប្រព័ន្ធ​សារព័ត៌មាន​ឯករាជ្យ​នៅ​ភូមា​បាន​លូត​លាស់​ខ្លាំង និង​បាន​រំលាយ​ចោល​ច្បាប់​ត្រួតត្រា​លើ​សារព័ត៌មាន​នៅ​ឆ្នាំ​២០១២ ប៉ុន្តែអ្នកកាសែត​បន្ត​ស្ថិត​ក្រោម​សម្ពាធ ​ស្វ័យបម្រាមនៅ​តែ​មាន​ខ្លាំង ចំពោះ​ប្រធានបទ​រសើបៗ​ដូចជា​យោធា និង​សាសនា។ នា​​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អាជ្ញាធរភូមា​បាន​បង្កើន​ការ​ចាប់​ខ្លួន​អ្នកកាសែត​ច្រើនឡើងៗ​ ដោយ​មាន​ជា​សរុប​យ៉ាង​ហោច​១១​នាក់។ បើ​ចំណាត់​ថ្នាក់​ពិភពលោក​ស្តីពីសេរីភាព​សារព័ត៌មាន ភូមា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១៣១​លើ​១៨០​ នៅ​ឆ្នាំ​២០១៧នេះ៕