rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្វីលីពីន សមុទ្រចិនខាងត្បូង កងទ័ព

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហ្វីលីពីន​ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​យុទ្ធសាស្រ្ត​ពង្រឹង​វត្តមានទ័ព​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង

media
កោះសិប្បនិម្មិត​Fiery Cross ដែល​ចិន​សង់​នៅលើថ្ម​ប៉ប្រះទឹកនៅ​ប្រជុំកោះSpratly(រូបថត​ផ្កាយរណប​របស់​CSIS (Center for Strategic and International Studies) នៅខែ​មិថុនា ២០១៧ ©Reuters

ហ្វីលីពីន នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​សំដែង​ពី​ក្តី​ព្រួយបារម្ភ​របស់ខ្លួន ទាក់ទង​ទៅ​នឹង​សកម្មភាព​យោធា​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ តាម​រដ្ឋមន្រ្តី​ការពារ​ជាតិ​ហ្វីលីពីន ក្រុង​ម៉ានីល​នឹង​ដាក់​ពាក្យ​ជា​ផ្លូវការ សុំ​ឲ្យ​ចិន​ឆ្លើយ​បញ្ជាក់​ជាថ្មី ថា ចិន​មិន​បាន​រំលោភ​ពាក្យ​សន្យា ដែល​ថា នឹង​មិន​បំពាក់​អាវុធ​លើ​កោះសិប្បនិម្មិត ដែល​ចិន​កំពុង​សង់ នៅ​លើប្រជុំកោះ Spratley។ ប្រជុំ​កោះ​Spratley​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​ជាប់ឈ្លោះ ទាមទារ​ជាមួយ ប្រទេស​ហ្វីលីពីន វៀតណាម និងតៃវ៉ាន់។


រដ្ឋមន្រ្តី​ការពារ​ជាតិ​ហ្វីលីពីន លោក​Delfin Lorenzana នៅថ្ងៃ​អង្គារ ម្សិលមិញ បាន​និយាយ​ថា រដ្ឋាភិបាល​បាន​បើក​ការស៊ើបអង្កេត នៅក្រោយ​មាន​របាយការណ៍ដែល​ថា ចិន​កំពុង​សកម្ម​ខ្លាំង ក្នុង​ការបង្កើត​មូលដ្ឋាន​ទ័ព​នៅ​លើ​កោះសិប្បនិម្មិត ដែល​ចិន​បាន​ចាប់​សាងសង់​នៅលើ​ថ្ម​ប៉ប្រះទឹក Fiery Cross នៅក្នុង​តំបន់​ជម្លោះ​ប្រជុំកោះ Spratley។

នៅ​ខែ​ធ្នូ​កន្លងទៅ មជ្ឈមណ្ឌល​សិក្សា​អាមេរិកាំង ដែល​មាន​ឈ្មោះ គម្រោងតម្លាភាព​ជើងទឹក​អាស៊ី AMTI បាន​ចេញ​របាយការណ៍ មួយ ដែល​បង្ហាញ​ថា នៅ​ឆ្នាំ ២០១៧ ចិន​នៅ​តែ​បន្ត​ពង្រីក​ការដ្ឋាន​សាងសង់​របស់ខ្លួន នៅលើ​កោះសិប្បនិម្មិត នៅ​ Fiery Cross នោះ​បើទោះបី​ជា​មាន​ការតវ៉ា​ទាមទារ ពី​ហ្វីលីពីន ឬ​វៀតណាម​ក្តី។ តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​អាមេរិកាំង ដែល​វិភាគ​ដោយ​ពឹងផ្អែក​លើ​រូបភាព​បាន​មក​ពី​ផ្កាយរណប ទីក្រុង​ប៉េកាំង​បាន​ពង្រីក​ការដ្ឋាន​សំណង់​របស់ខ្លួន ជាង ១សែន​ម៉ែត្រការ៉េ​បន្ថែមទៀត។

តាមការសន្យា​របស់​រដ្ឋាភិបាល​ចិន ទៅ​ក្រុង​ម៉ានីល កោះសិប្បនិម្មិត​ដែល​ចិន​សង់​នៅប្រជុំកោះSpratley​នឹង​ត្រូវប្រើ​សម្រាប់​ប្រយោជន៍ សន្តិភាព និង​ទេសចរណ៍​តែប៉ុណ្ណោះ។ សម្រាប់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ហ្វីលីពីន បើ​សិន​គេ​រកឃើញថា ប៉េកាំង​កំពុង​បំពាក់​អាវុធ និង​ពង្រាយ​ទ័ព លើ​កោះសិប្បនិម្មិត​មែន នោះ​រដ្ឋាភិបាល​ចិន​ពិត​ជា​រំលោភ​មិន​គោរព​សំដី​របស់ខ្លួន​នោះទេ។ ឆ្លើយនឹង​សំណួរ​ទាក់ទង​នឹង​ការព្រួយបារម្ភ​របស់​ក្រុង​ម៉ានីល អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន បាន​អះអាងថា ចិន​កំពុង​សាងសង់​ដើម្បី​គោលដៅ​សន្តិភាព នៅ​លើ​ទឹកដី​របស់​ចិន​តែប៉ុណ្ណោះ។ នៅលើ​ទឹកដី​របស់​ចិន ដែល​ចិន​ត្រូវការ​បំពាក់​ជាចាំបាច់ សព្វាវុធ ដើម្បី​ការពារ​ដែនអធិបតេយ្យភាព​របស់​ចិន។

ប្រមុខការពារ​ជាតិ​ហ្វីលីពីន​បាន​បន្លឺ​ត្រឹម​សំឡេង​រំលឹក ប៉ុន្តែ មិន​គំរាម​ក្រុង​ប៉េកាំង​នោះទេ។ ហ្វីពីលីន​ធ្លាប់​ចេញ​មុខ​ប្រឆាំង​ខ្លាំង​នឹង​នយោបាយ​វាតទី​របស់​ចិន ក្នុងអាណត្តិ​ប្រធានាធិបតី​មុន រហូត​បាន​ប្តឹង​ឈ្នះ​ចិន នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ កាលពី​ឆ្នាំ​២០១៦។ ប៉ុន្តែ ហ្វីលីពីន ក្នុង​អាណត្តិ​របស់​លោកប្រធានាធិបតី ឌុយទែរតេ​បាន​ជ្រើសរើស​យក​ផ្លូវ​សម្របសម្រួល ជាមួយ​ចិន ជា​ថ្នូរ​នឹង​ជំនួយ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ របស់​ចិន។ កាលពី​ពេលថ្មីៗនេះ ដោយសារ​តែ​ពាក្យ​គំរាម​របស់​រដ្ឋាភិបាល​ចិន លោកប្រធានាធិបតី​ហ្វីលីពីន​នៅ​បាន​បញ្ជារ​ឲ្យ​កងទ័ព​ហ្វីលីពីន ប្រញាប់​ប្រមូល ចូល​វិញ សម្ភារៈ​ដែល​គេ​បាន​ដឹក យក​ទៅ​សាងសង់​ជំរក​សម្រាប់​អ្នកនេសាទ​ហ្វីលីពីន នៅ​ក្នុង​ប្រជុំ​កោះ​Spratley៕