rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន អ៊ីរ៉ង់ ប្រេងកាត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គ្រោះថ្នាក់​នាវាពីរ​បុកគ្នា​នៅ​សមុទ្រចិន​ខាងកើត​បណ្តាល​ឲ្យ​មាន​មនុស្ស​បាត់ខ្លួន ៣២នាក់

media
គ្រោះថ្នាក់​នាវាពីរ​បុកគ្នា​នៅ​សមុទ្រចិន​ខាងកើត​បណ្តាល​ឲ្យ​មាន​មនុស្ស​បាត់ខ្លួន ៣២នាក់ handout / KOREA COAST GUARD / AFP

នៅ​ក្នុង​ប្រទេស​ចិន ក្រសួង​ដឹកជញ្ជូន​បាន​ប្រកាស​បញ្ជាក់​ជា​ផ្លូការ​នៅ​ថ្ងៃ​អាទិត្យ ទី៧ មករា​នេះ​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​នាវា​ដឹកប្រេង និង​នាវា​ដឹកទំនិញ​កាល​ពី​ថ្ងៃ​សៅរ៍ ទី៦ មករា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​បាត់ខ្លួន​ចំនួន ៣២នាក់ ក្នុង​នោះ​មាន​ជនជាតិ​អ៊ីរ៉ង់ ៣០នាក់ និង​ជនជាតិ​បង់ក្លាដែស ២នាក់។ តាម​ក្រសួង​ដឹកជញ្ជូន​ចិន​ដដែល នាវា​ដឹកប្រេង​បាន​ឆេះ​ទាំង​មូល ហើយ​អ្នក​បាត់ខ្លួន​សុទ្ធសឹង​ជា​អ្នក​នៅ​ក្នុង​នាវា​នោះ។


ក្រោយ​គ្រោះថ្នាក់​បុក​គ្នា​ពេញ​ទំហឹង​រវាង​នាវា​ដឹកទំនិញ​ចិន និង​នាវាដឹកប្រេង​អ៊ីរ៉ង់​នៅ​ក្នុង​សមុទ្រចិន​ខាងកើត​ក្នុង​ថ្ងៃ​សៅរ៍ ទី៦ មករា រដ្ឋាភិបាល​ចិន​ក៏​បាន​រួសរាន់​បញ្ជូន​នាវា​ចំនួន ៨គ្រឿង​ភ្លាម​ទៅ​កាន់​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​សង្រ្គោះ ​បន្ទាន់ និង​ស្វែង​រក​មនុស្ស​បាត់ខ្លួន​ទាំង ៣២នាក់។ ប្រតិបត្តិការ​ស្វែង​រក​បាន និង​កំពុង​បន្ត​ធ្វើ​មក​ដល់​ថ្ងៃ​អាទិត្យ ទី៧ មករា​នេះ។ រូបថត​ដែល​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន​ឈ្មោះ CGTN បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​ចេញ​ពី​នាវា​ដឹកប្រេង​ដែល​កំពុង​ឆេះ​នៅ​ក្រោយ​ការ​ប៉ះទង្គិច​ជាមួយ​នាវា​ដឹក​ទំនិញ។

នាវា​ដឹកប្រេង​នោះ​មាន​ដោតទង់ជាតិ​នៃ​ប្រទេស​ប៉ាណាម៉ា តែ​ដឹកប្រេង​របស់​ក្រុមហ៊ុន​អ៊ីរ៉ង់​មួយ​ទៅ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង។ តាម​រដ្ឋអំណាច​ចិន នាវា​ដែល​មាន​បណ្តោយ ២៧៤ម៉ែត្រ​មួយ​នេះ​មាន​ដឹក​ប្រេង​ជិត ១លាន​បារីល និង​មាន​មនុស្ស​ស្ថិត​ក្នុង​នាវា​នោះ​ចំនួន ៣២នាក់​ដែល​មាន​ជនជាតិ​អ៊ីរ៉ង់ ៣០នាក់ និង​បង់ក្លាដែស ២នាក់។ ចំណែក​នាវា​ទី២ ជា​នាវា​ហុងកុង​ធ្វើ​ដំណើរ​មក​ពី​អាមេរិក​ដែល​ដឹក​ពេញ​ដោយ​ផលិតផល​អាហារ និង​ដែល​មាន​មនុស្ស​ស្ថិត​ក្នុង​នាវា​នោះ​ចំនួន ២១នាក់​ជា​ជនជាតិ​ចិន។ អ្នក​ទាំង ២១នាក់​ត្រូវ​បាន​សង្រ្គោះ​រួច​ខ្លួន ហើយ​រដ្ឋអំណាច​កូរ៉េខាងត្បូង​ក៏​បាន​បញ្ជូន​នាវា​ឆ្មាំសមុទ្រ​មួយ​គ្រឿង និង​យន្តហោះ​មួយ​គ្រឿង​ទៅ​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​ដែរ។

ខណៈ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ប៉ះទង្គិច​គ្នា​រវាង​នាវា​ទាំង​ពីរ​នោះ​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​ដឹង គ្រោះថ្នាក់​នាវា​បុក​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ជា​រឿង​ឧស្សាហ៍​កើត​មាន​ណាស់ ព្រោះ​ជា​តំបន់​ដែល​ទំនិញ ១ភាគ៣ ក្នុង​លោក​បាន​ដឹក​តាម​កប៉ាល់​ឆ្លង​កាត់​ទីនោះ៕