rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​សារភាព​ពី​ការ​វាយឆ្មក់​លើ​កម្លាំង​ទ័ព​ភូមា

media
ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ស្ថិត​​ក្នុង​ប្រទេស​បង់ក្លាដែស Marcus Valance/SOPA Images/LightRocket via Getty Images

នៅ​ក្នុង​ប្រទេស​ភូមា ក្រុម​ឧទ្ទាម​នៃ​កងទ័ព​រំដោះ​រ៉ូហ៊ីងយ៉ាង​ក្នុង​រដ្ឋ​អារ៉ាខាន់​ហៅ​កាត់ Arsa បាន​ប្រកាស​សារភាព​នា​ថ្ងៃ​អាទិត្យ ទី៧ មករា​ថា ពួក​គេ​ពិត​ជា​បាន​ធ្វើ​ការ​វាយឆ្មក់​លើ​កម្លាំងទ័ព​រដ្ឋាភិបាល​ភូមា​ដោយ​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​ជា​ច្រើន​កាល​ពី​ថ្ងៃទី៥ មករា​កន្លង​ទៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ ការ​វាយប្រហារ​ដោយ​ប្រើ​យុទ្ធសាស្រ្ត​របៀប​នេះ​របស់​ពួក​ឧទ្ទាម​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​លើកទី១ តាំង​ពី​មាន​ភាព​រំជើបរំជួល​ខ្លាំង​នៅ​ក្នុង​រដ្ឋ​ដែល​សម្បូរ​ដោយ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាង អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ​ច្រើន​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ។


គឺ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់​ខ្លួន​ដែល​កងទ័ព​រំដោះ​រ៉ូហ៊ីងយ៉ាង​នៃ​រដ្ឋ​អារ៉ាខាន់​ហៅ​កាត់ Arsa បាន​សារភាព​ពី​ការ​វាយឆ្មក់​លើ​ក្បួន​រថយន្ត​យោធា​ភូមា​កាល​ពី​ថ្ងៃ​សុក្រ ទី៥ មករា។ តាម​អង្គការ Arsa មាន​ពួក​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ១០នាក់​បាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​នោះ​ដោយ​ពួក​គេ​បាន​ប្រើ​គ្រាប់មីនច្នៃ​ដោយ​បណ្តាល​ឲ្យ​របួស​មន្រ្តី​យោធា​ចំនួន ២រូប និង​អ្នក​បើកបរ​ម្នាក់។ អង្គការ Arsa បាន​សរសេរ​បន្ថែម​ទៀត​ថា ពួក​គេ​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ពួក​ទាហាន​ភូមា​ជា​ភេរវជន និង​ថា រាល់​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ភូមា​ស្តីពី​តម្រូវការ​ជំនួយ​មនុស្សធម៌ និង​អនាគត​នយោបាយ​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ត្រូវ​តែ​សួរ ពិគ្រោះ​យោបល់​ជាមួយ​ប្រជាជន​រ៉ូហ៊ីងយ៉ា​ជា​មុន​សិន។

រហូត​មក​ដល់​ពេល​នេះ គេ​គ្មាន​ព័ត៌មាន​ណា​មួយ​ដែល​អាច​បញ្ជាក់​ពី​សមត្ថភាព និង​លទ្ធភាព​របស់​អង្គការ Arsa ទេ។ តែ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ Crisis Group ចេញ​ផ្សាយ​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា កងទ័ព​រំដោះ​រ៉ូហ៊ីងយ៉ាង​នៃ​រដ្ឋ​អារ៉ាខាន់​មួយ​នេះ​ហាក់​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ប្រមូល​កម្លាំង និង​អាច​បន្ត​ជា​ក្តីសង្ឃឹម​ជួយ​ផ្តល់​ការ​គាំទ្រ លើកទឹកចិត្ត​ដល់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​ជ្រកកោណ​នៅ​តាម​ជំរំ​នានា។ សូម​រម្លឹក​ជូន​ឡើង​វិញ​ថា កងទ័ព​ភូមា​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ក្នុង​ខែ​សីហា​ឆ្នាំ​ទៅ​មិញ ក្រោយ​ពី​ពួក​ឧទ្ទាម​បាន​វាយប្រហារ​លើ​ប៉ូស្តិ៍​ប៉ូលិស។

ប្រតិបត្តិការ​ពី​សំណាក់​ទាហាន​ភូមា​ពេល​នោះ​បាន​បង្ខំ​ឲ្យ​មាន​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ៦៥ម៉ឺននាក់​រត់ភៀសខ្លួន​ទៅ​ជ្រកកោណ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ក្បែរខាង។ ទង្វើ​របស់​ទាហាន​ភូមា​នេះ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ជា​ការ​បោសសំអាត​ជនជាតិ​ភាគ​តិច​ដែល​មិន​ខុស​គ្នា​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទេ៕