អានតួអត្ថបទ
ប៉ាគីស្ថាន-សហរដ្ឋអាមេរិក

នៅទីបំផុត អាមេរិក​សម្រេច​ផ្អាក​ជំនួយ​សន្តិសុខ​ដល់​ប៉ាគីស្ថាន

ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​៤​មករា​២០១៨ បាន​ប្រកាស ផ្លូវការ ការផ្អាក​ជំនួយ​យោធា ដល់​ប្រទេស​ប៉ាគីស្ថាន។ ការប្រកាស​នេះ​ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ដែល​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​បាន​សរសេរ​សារ គំរាម​ផ្តាច់​ជំនួយ​យោធា​ដល់​ប៉ាគីស្ថាន ដែល​លោក​ចោទថា បាន​កុហក ភូតភរ និង​ពុតត្បុត ក្នុង​រឿង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។ រដ្ឋាភិបាល​ប៉ាគីស្ថាន នៅ​មិនទាន់​ប្រតិកម្ម​អ្វី​ទៅនឹង​ការប្រកាស​របស់​ក្រសួង​ការបរទេស អាមេរិក​នៅឡើយទេ ប៉ុន្តែ ប៉ាគីស្ថាន​រហូតមក​បាន ទាត់ចោល​ការចោទប្រកាន់​របស់​អាមេរិក និង​ថា ប៉ាគីស្ថាន បាន​បាត់បង់​ទាំង​ជីវិត​មនុស្ស និង​ថវិកា ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​ប្រទេស។

សកម្មជន​របស់​ក្រុម​Difa ធ្វើ​បាតុកម្ម​ដុត​ទង់ជាតិ​អាមេរិក ក្រោយពេលលោកដូណាល់​ត្រាំ គំរាម​កាត់ផ្តាច់ជំនួយ​សន្តិសុខ​ដល់​ប៉ាគីស្ថាន​នៅថ្ងៃទី ២​មករា ២០១៨
សកម្មជន​របស់​ក្រុម​Difa ធ្វើ​បាតុកម្ម​ដុត​ទង់ជាតិ​អាមេរិក ក្រោយពេលលោកដូណាល់​ត្រាំ គំរាម​កាត់ផ្តាច់ជំនួយ​សន្តិសុខ​ដល់​ប៉ាគីស្ថាន​នៅថ្ងៃទី ២​មករា ២០១៨ 9ASIF HASSAN / AFP
ផ្សាយពាណិជ្ជកម្ម

៤​ថ្ងៃ​ក្រោយ ការគំរាម​ផ្តាច់​ជំនួយ របស់​លោកដូណាល់ ត្រាំ ក្រសួង​ការបរទេស​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ចេញ​សេចក្តីថ្លែងការណ៍ ប្រកាស​ផ្អាក​ជា​ផ្លូវការ​ជំនួយ​សន្តិសុខ សម្រាប់​ប្រទេស​ប៉ាគីស្ថាន។ យោងតាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក លោកស្រី Heather Nauert អាមេរិក​នឹង​ផ្អាកព្យួរ​ជំនួយ​ដល់​ប៉ាគីស្ថាន រហូត​ដល់​ថ្ងៃ​ដែល​រដ្ឋាភិបាល​ប៉ាគីស្ថាន​យល់ព្រម​ចាត់វិធានការ​ដាច់ណាត់ ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមតាលីបង់ អាហ្វហ្កានីស្ថាន ហើយ​និង​ក្រុម​អាហ្កានី ដែលជា​គ្នីគ្នា។ អាមេរិក​បាន​ចាត់ទុក ក្រុម​តាលីបង់ អាហ្វាហ្កានីស្ថាន និង​ក្រុមអាហ្កានី ថា ជាក្រុម​កំពុង​បង្ក​អសន្តិសុខ នៅ​ក្នុង​តំបន់ និង​បើក​ការវាយប្រហារ​ទៅ​លើ​កងទ័ព​អាមេរិក នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។

នៅក្នុងសេចក្តី​ថ្លែងការណ៍ ក្រសួង​ការបរទេស អាមេរិក​មិន​បាន​បញ្ជាក់​ពី​បរិមាណ​ជំនួយ ដែល​អាមេរិក​នឹង​ផ្អាក លែង​ផ្តល់​ទៅឲ្យ​ប៉ាគីស្ថាន​នោះ​ទេ។ ប៉ុន្តែ មន្រ្តី​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​ថា កញ្ចប់​ជំនួយ​សន្តិសុខ​ដែល​អាមេរិក​ផ្អាក មាន​ប្រមាណ ២៥៥​លាន​ដុល្លារ ដែលប្រើ​សម្រាប់​ផ្ទេរ​គ្រឿង​សព្វាវុធ និង​សម្រាប់​សង រដ្ឋាភិបាល​ប៉ាគីស្ថាន ដែល​បាន​ចំណាយ​ថវិកា ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ក្រុមភេរវនិយម នៅ​ប៉ាគីស្ថាន។

នៅ​ថ្ងៃ​ព្រហស្បតិ៍ មន្រ្តី​ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​ផងដែរ​ថា អាមេរិក តាមពិត​ទៅ បាន​ផ្អាក​ម្តង​ហើយ នៅ​ឆ្នាំ ២០១៧ ដោយ​មិន​បាន​ប្រគល់​ជំនួយ ២៥៥​លាន​ដុល្លារ ទៅ​ឲ្យ​កងទ័ព​ប៉ាគីស្ថាន ដោយសារ​តែ​ជំហរ​មិន​ច្បាស់លាស់​របស់​ក្រុង​អ៊ីស្លាម៉ាបាត។

វ៉ាស៊ីនតោន កន្លងមក​ធ្លាប់​បាន​ចោទប្រកាន់​មន្រ្តី​ទទួល​ខុសត្រូវ​ប៉ាគីស្ថាន​ថា ហាក់​ធ្វើ​មិនដឹង មិនលឺ ឬ​អាចស៊ុំគ្រលំ ជាមួយ​ក្រុមជីហាត ដែល​ប្រើប្រាស់​ទឹកដី​ប៉ាគីស្ថាន សម្រាប់​វាយប្រហារ​ទៅលើ​កងទ័ព​អាហ្វហ្កានីស្ថាន ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក។ នៅថ្ងៃ​បើក​សម្ពោធ​ឆ្នាំថ្មី ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​សរសេរ​ចោទប្រកាន់ ប៉ាគីស្ថាន​ថា បាន​ទទួល​ជំនួយ​យោធា​រាប់ពាន់​លាន​ដុល្លារ ពី​អាមេរិក ប៉ុន្តែ គ្មាន​បាន​ផ្តល់អ្វី​តបស្នង មក​អាមេរិក ក្រៅតែ ពីការកុហក ពុតត្បុត និង​ផ្តល់​ជំរក​ដល់​ក្រុមភេរវជន​ដែល​អាមេរិក​កំពុង​ប្រមាញ់​ចេញពី​ទឹកដី អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ