អានតួអត្ថបទ
ម៉ាឡេស៊ី

ក្រុមហ៊ុន​អាមេរិក​បាន​បញ្ជូន​នាវា​មួយ​គ្រឿង​ទៅ​រក​យន្តហោះ Malaysia Airlines ដែល​បាត់ខ្លួន​ក្នុង​ឆ្នាំ ២០១៤

ក្រុមហ៊ុន​អាមេរិកាំង​មួយ​ឈ្មោះ Ocean Infinity បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​ពុធ ទី៣ មករា​ពី​ការ​បញ្ជូន​នាវា​ឯកទេស​មួយ​គ្រឿង​ទៅ​កាន់​តំបន់​ប៉ែក​ខាងត្បូង​មហា​សមុទ្រ​ឥណ្ឌា។ គោលដៅ គឺ​ដើម្បី​តាម​ស្វែង​រក​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airlines មួយ​គ្រឿង​បាត់​ខ្លួន​ក្នុង​ឆ្នាំ ២០១៤។ ការ​បាត់ដំណឹង​សូន្យ​ឈឹង​រហូត​មក​ដល់​សព្វថ្ងៃ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មហា​អាថ៌កំបាំង​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិអាកាសចរណ៍។

ក្រុមហ៊ុន​អាមេរិក​បាន​បញ្ជូន​នាវា​មួយ​គ្រឿង​ទៅ​រក​យន្តហោះ Malaysia Airlines ដែល​បាត់ខ្លួន​ក្នុង​ឆ្នាំ ២០១៤
ក្រុមហ៊ុន​អាមេរិក​បាន​បញ្ជូន​នាវា​មួយ​គ្រឿង​ទៅ​រក​យន្តហោះ Malaysia Airlines ដែល​បាត់ខ្លួន​ក្នុង​ឆ្នាំ ២០១៤ REUTERS/U.S. Navy
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃទី៨ មីនា ឆ្នាំ ២០១៤ ដែល​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airlines ជើង​ហោះហើរ​លេខ MH៣៧០ បាន​បាត់ខ្លួន​ជាមួយ​នឹង​អ្នក​ដំណើរ​ចំនួន ២៣៩នាក់ បន្ទាប់​ពី​បាន​ហោះ​ចេញ​ពី​ព្រលាន​ក្នុង​ទីក្រុង​គូឡាឡាំពួរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ការ​ប្រើ​នាវា​មុជទឹក​ឲ្យ​ទៅ​ស្វែង​រក​យន្តហោះ​នោះ​ក៏​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ តែ​ត្រូវ​បាន​ផ្អាក​វិញ​ក្នុង​ថ្ងៃ​ទី១៧ មករា ឆ្នាំ ២០១៧។ ការ​ស្វែង​រក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រង្វង់​ផ្ទៃក្រឡា ១២០ ០០០គីឡូម៉ែត្រក្រឡា​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ប៉ែក​ខាងត្បូង​ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្តល់​ដោយ​ផ្កាយរណប​ដែល​គូសវាស​ពី​ដំណើរ​ផ្លូវ​យន្តហោះ​អាច​ធ្លាក់​ជា​យថាហេតុ។ តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់។

ផ្ទុយ​ទៅ​វិញ មាន​បំណែក​ប្រមាណ ២០ដុំ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​ផ្សេង​ដែល​មិន​ឋិត​ក្នុង​រង្វង់​ដែល​ត្រូវ​ស្វែង​រក និង​ដែល​គេ​គិត​ថា​អាច​ជា​បំណែក​របស់​យន្តហោះ​នោះ។ យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​អាមេរិកាំង Ocean Infinity បាន​ប្រាប់​ឲ្យ​ដឹង​ថា បេសកកម្ម​របស់​នាវា​ខ្លួន​នឹង​ទៅ​ស្វែង​រក​នៅ​កន្លែង​កំណត់​ដដែល​នា​ពេល​ខាង​មុខ​ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី។ តាម​ក្រុមហ៊ុន​អាមេរិកាំង​ដដែល នាវា​នោះ​មាន​បំពាក់​ដោយ​នាវា​តូចៗ​ស្វយ័ត​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត​ដែល​បាន​ចេញ​ពី​ប្រទេស​អាហ្រ្វិកខាងត្បូង និង​ដែល​គ្រោង​ទៅ​ដល់​កន្លែង​ស្វែង​រក​នៅ​ពាក់​កណ្តាល​ខែ​មករា​នេះ។

ការ​សម្រេច​ជ្រើស​យក​ខែ​មករា និង​ខែ​កុម្ភៈ​ដើម្បី​បន្ត​បេសកកម្ម​ស្វែង​រក​ព្រោះ​ជា​ខែ​ដែល​លក្ខណៈ​អាកាសធាតុ​មាន​អំណោយផល​ល្អ។ អនុរដ្ឋមន្រ្តី​ដឹកជញ្ជូន​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា កិច្ចចរចា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន Ocean Infinity បាន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ។ សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន Ocean Infinity ជា​ក្រុមហ៊ុន​មួយ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន ៣ ដែល​បាន​ដាក់​ពាក្យ​ប្រជែង​គ្នា​ដណ្តើម​កុងត្រា​ស្វែង​រក​យន្តហោះ​បាត់ខ្លួន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ