អានតួអត្ថបទ
ថៃ

ឧបនាយករដ្ឋមន្រ្តី ថៃ​ជួប​រឿង​អាស្រូវ​ពុករលួយ​ដោយសារ​ពាក់​នាឡិកា​ម៉ាក​ថ្លៃ

សង្គម​ថៃ​បាន​បិទបញ្ចប់​ឆ្នាំចាស់ ឆ្នាំ ២០១៧ ជាមួយ​នឹង​រឿងអាស្រូវ​ពុករលួយ ដោះស្រាយ​មិន​ទាន់​ចប់ ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​បុរស​ខ្លាំង​ទី២ របស់​របបសឹក។ ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ​ថៃ លោក​ប្រាវីដ វង្សសាវ៉ាន បាន​ក្លាយ​ជា​ចំណុច​ចាប់អារម្មណ៍​របស់​ក្រុមអ្នករិះគន់​ថៃ បន្ទាប់​ពី​ឃើញ​លោក​មាន​ពាក់​នាឡិកា និង​ចិញ្ចៀន​ពេជ្រ តម្លៃ​រាប់លាន​បាត ដែល​ច្រើនណាស់ បើប្រៀបធៀប​នឹង​ប្រាក់ខែ​របស់​លោក ដែល​មាន​ប្រមាណ​តែ ១១​ម៉ឺនបាត ឬ​៣ពាន់​អឺរ៉ូ។

លោក​ប្រាវីដ វង្សសាវ៉ាន(អង្គុយ​ខាងឆ្វេងដៃ​របស់លោក​ប្រាយុទ្ធចាន់អូចា មាន​នាឡិកា​ម៉ាកល្បី​ៗ​១១​គ្រឿង និង​ទ្រព្យសម្បត្តិ​ជាង​២លាន​អឺរ៉ូ
លោក​ប្រាវីដ វង្សសាវ៉ាន(អង្គុយ​ខាងឆ្វេងដៃ​របស់លោក​ប្រាយុទ្ធចាន់អូចា មាន​នាឡិកា​ម៉ាកល្បី​ៗ​១១​គ្រឿង និង​ទ្រព្យសម្បត្តិ​ជាង​២លាន​អឺរ៉ូ AFP PHOTO / Christophe ARCHAMBAULT
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ថៃ ឆ្នាំចាស់ ឆ្នាំ ២០១៧ បាន​បិទបញ្ចប់​ទៅ​ជាមួយ នឹង​រឿងអាស្រូវ​ពុករលួយ​របស់​បុរស​ខ្លាំង​ទី២ នៃ​របប​សឹកថៃ។ តាំង​ពី​ដើម​ខែ​ធ្នូ កាសែត​ថៃ បាន​ចុះផ្សាយ ជាបន្តបន្ទាប់​រូបភាព របស់​លោក ប្រាវីដ វង្សសាវ៉ាន ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ​ថៃ។ គឺ​នាឡិកា ហើយ​និង​ចិញ្ចៀន​គ្រាប់ពេជ្រ​ដ៏​ភ្លឺ​ចិញ្ចាចចញ្ចែង​របស់​លោក ប្រាវីដ វង្សសាវ៉ាន ដែល​ជា​ចំណុច​ចាប់អារម្មណ៍​ខ្លាំង នៅលើ​ទំព័រ​មុខ​របស់​កាសែត​ថៃ។

តាម​ការស៊ើប​អង្កេត​របស់​អ្នកកាសែត​ថៃ នាឡិកា​ដែល​លោក​ប្រាវីដ វង្សសាវ៉ាន​ពាក់​លើដៃ ជា​ម៉ាកល្បី Richard Mille ដែល​មាន​តម្លៃ​ពី​៤ ទៅ ១០​លាន​បាត ឬ​ស្មើ​នឹង​១សែន​អឺរ៉ូ។ តាម​កាសែត​ថៃ នាឡិកា​ម៉ាកល្បី និង​ថ្លៃ​បែបនេះ គឺ​តែង​មាន​ពាក់ច្រើន ក្នុង​ចំណោម​អ្នកចម្រៀង និង​កីឡាករ​ល្បីៗ ដូចជា​កីឡាករ​អេស្ប៉ាញ ​រាហ្វាអែល ណាដាល ជាដើម ដែល​មាន​ប្រាក់ចំណូល ប្រចាំឆ្នាំ ពី​៣៥ ទៅ ៤២​លាន​អឺរ៉ូ។

មាន​ចំណូលចិត្ត ពាក់​នាឡិកា និង​គ្រឿងអលង្ការ​ថ្លៃៗ ជា​រឿងមួយ។ ប៉ុន្តែ អ្វី​ដែល​ចោទ​ជា​បញ្ហា គឺ​នៅត្រង់​ថា ទាំង​នាឡិកា ហើយ​និង​ចិញ្ចៀន​គ្រាប់ពេជ្រ មិន​ត្រូវ​បាន​លោក​ប្រាវីដ វង្សសាវ៉ាន ប្រកាស​ចុះ​ក្នុង​បញ្ជី​ទ្រព្យសម្បត្តិ ទៅតាម​ច្បាប់ ដែល​តម្រូវ​ចាំបាច់​សម្រាប់​មន្រ្តី​រដ្ឋាភិបាល។ អាច​ថា លោក​ប្រាវីដ វង្សសាវ៉ាន ទើប​មាន​នាឡិកា និង​ចិញ្ចៀនពេជ្រ នៅក្រោយ​ពេល​លោក​ចូល​ក្នុង​រដ្ឋាភិបាល នៅ​ឆ្នាំ ២០១៤ ប៉ុន្តែ សំណួរ សួរ​ថា តើ​ប្រាក់ខែ​របស់​លោក​ប្រាវីដ វង្សសាវ៉ាន ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ​ថៃ ដែល​មាន​ត្រឹម​តែ​២ពាន់ ៨រយ​អឺរ៉ូ​តែប៉ុណ្ណោះ អាច​ធ្វើ​ឲ្យ​លោក​មាន​សមត្ថភាព ពាក់គ្រឿង​អលង្ការ​ថ្លៃៗ​បែបនេះ យ៉ាងម៉េច ? អ្នករិះគន់​មួយចំនួន​ជាប់សង្ស័យថា លោក​ប្រាវីដ វង្សសាវ៉ាន ហើយ​និង​ក្រុមគ្រួសារ​របស់​មន្រ្តី​យោធា មួយចំនួន អាច​ជាប់​ពាក់ព័ន្ធ ក្នុង​រឿងសូក​ប៉ាន់​របស់​ឈ្មួញ ដែល​ប្រជែងគ្នា ចង់​ទិញ ដី ដើម្បី​បង្កើត​សួន​រំលឹក​ដល់​ព្រះមហាក្សត្រថៃ។

និយម​ចូលចិត្ត​គ្រឿងអលង្ការ​ថ្លៃៗ​ជា​សិទ្ធិ​របស់​បុគ្គល ដូច​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​របបសឹក។ ប៉ុន្តែ នាឡិកា​ម៉ាកថ្លៃ រួមទាំង​ចិញ្ចៀនពេជ្រ ដែល​គ្មាន​ក្នុង​បញ្ជី​ប្រកាស​ទ្រព្យសម្បត្តិ​របស់​បុរស​ខ្លាំង​ទី២​នៃ​របបសឹក កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​យោធា របស់​លោកប្រាយុទ្ធ​ចាន់ អូចា បាក់មុខ និង​បាត់បង់​ជំនឿទុកចិត្ត ពី​សំណាក់​ប្រជាជន​ថៃ។ របបសឹក​ថៃ ដែល​ធ្លាប់​តែ​ប្រកាស​ក្តែង ប្រយុទ្ធប្រឆាំង​ដាច់ខាត​នឹងអំពើពុករលួយ បាន​ក្លាយ​ជា​ស្ពឹកស្រពន់ គ្មាន​វិធានការ​អ្វី នៅពេល​ដែល​សមាជិក​របស់ខ្លួន ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​រឿង​ពុករលួយ។

ដោយសារ​តែ​ការចុះផ្សាយ​ព្រោងព្រាត​របស់​កាសែត គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ថៃ មិន​អាច​ធ្វើ​មិនដឹង មិន​លឺ​នោះទេ។ គេ​បាន​កោះហៅ លោក​ប្រាវីដ វង្សសាវ៉ាន​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ ពី​រឿង​នាឡិកា និង​ចិញ្ចៀនពេជ្រ ដែល​មាន​តម្លៃ​មហាសាល​រួចហើយ។ គេ​មិន​សង្ឃឹម​ថា លោក​ប្រាវីដ វង្សសាវ៉ាន នឹង​អាច​ទទួល​ពិន័យ រងការប្តឹងផ្តល់​នោះទេ ព្រោះ​ថា ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ផ្ទាល់ តាមពិត ធ្លាប់​ធ្វើ​ជា​មន្រ្តី​ក្រោម​ឱវាទ​របស់​លោក​ប្រាវីដ វង្សសាវ៉ាន កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ