rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ឥណ្ឌា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឥណ្ឌា​នឹងក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ទី៥ នៅឆ្នាំ​២០១៨

media
ឥណ្ឌា​នឹងក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៥ នៅ​ឆ្នាំ​២០១៨ © Reuters

ឥណ្ឌា​នឹងក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ លំដាប់​ទី​៥ នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០១៨​ខាង​មុខ វ៉ា​ឈ្នះបារាំង​និង​អង់គ្លេស​ ទាំង​ពីរ​ប្រទេស​ ក្នុង​ពេល​តែ​មួយ​​តែ​ម្តង។ នេះ​បើ​តាម​របាយការណ៍អង់គ្លេសនៃ​មជ្ឈមណ្ឌល Economics and Business Research (CEBR) ចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ គ្រប់​គ្នា​រង់ចាំ​ដំណឹង​នេះ​យូរ​មក​ហើយ ព្រោះ​ឥណ្ឌា​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​និង​ថេរ​តាំង​ពី​ជាង​មួយ​ទសវត្សរ៍​ ប៉ុន្តែ​ឥណ្ឌា​នៅ​​​ប្រឈមខ្លាំង​នឹង​​បញ្ហា​គម្លាត​សង្គម។


ជាប់​ចំណាត់​លេខ​៧នៅ​ថ្ងៃ​នេះ​ តែ​នៅ​ឆ្នាំ​ក្រោយ ២០១៨ ឥណ្ឌា​នឹង​ដណ្តើម​យក​នាម​ជា​មហា​អំណាច​សេដ្ឋកិច្ចពិភពលោក លំដាប់​ទី​៥ និង​លេខ​៣ នៅ​ឆ្នាំ​២០៣២។ មាន​ន័យ​ថា ឥណ្ឌា​កំពុងបោះជំហាន​វ៉ា​​ឈ្នះ​បារាំង​និង​ពិសេស​អង់គ្លេស ក្នុង​ពេល​តែ​មួយ​ឆ្នាំ។ អ្នក​ដឹកនាំ​ប្រទេស​ពិតជាមាន​​មោទនភាពខ្លាំង​ណាស់​​​ដែលឥណ្ឌា​អាច​ដណ្តើម​ចំណាត់​ថ្នាក់ ជា​និម្មត្តរូប​​បានពី​មហាអំណាច​ជា​អតីតប្រទេស​​អាណានិគមលើ​ឥណ្ឌា។

ចំណាត់​ថ្នាក់​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោកនេះ ជា​លទ្ធផល​នៃ​ការ​ប្រៀបធៀប​ប្រាក់​ចំណូល​សរុប​របស់​ប្រទេស គិត​ជា​ដុល្លារ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង់គ្លេស​ត្រូវ​ចាញ់​ឥណ្ឌា​ ព្រោះអត្រារូបិយបណ្ណ​ Sterling អង់គ្លេស​ បាន​ធ្លាក់​ថ្លៃ​ខ្លាំង​បើ​ប្រៀប​ទៅ​ប្រាក់​ដុល្លារ​ ដោយហេតុ​វិបត្តិBrexit។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏​ឥណ្ឌា ដែល​មាន​ប្រជាជន​សរុប​ជាង​១៣០០​លាននាក់​ គួរ​តែ​ទទួល​បាន​​ចំណាត់​ថ្នាក់​ខ្ពស់​ឱ្យ​សម​មាឌ​ និងសម​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៧% តាំង​ពី​២០​ឆ្នាំ​មក​ដែរ។

​ឥណ្ឌាមាន​សេដ្ឋកិច្ច​​​បើក​សេរី ! វិស័យ​រ៉ែ ឧស្សាហកម្ម​ផលិត​យានយន្ត ឬ​សេវាកម្ម​ព័ត៌មានវិទ្យា​ លូតលាស់​ខ្លាំង គឺ​ជា​ក្បាលម៉ាស៊ីន​អូសទាញ​សេដ្ឋកិច្ច​ជាតិ និងបាន​បំផ្ទុះ​ឱ្យ​មាន​តម្រូវការ​ចាយវាយ​យ៉ាងខ្លាំង។

ប៉ុន្តែ​ឥណ្ឌា​នៅ​មាន​ចំណុច​ស្រមោល​ខ្មៅ​ប្រឈម​ខ្លាំង​មួយ ៖ នោះ​គឺ​ពលរដ្ឋ​ឥណ្ឌា​ម្នាក់​ក្នុង​ចំណោម​រស់​ក្នុង​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ ១០%​នៃ​ប្រជាជន​សរុប​ក្តោបក្តាប់​ទ្រព្យ​ធន និង​ភាព​មាន​បាន​របស់​ប្រទេស។ វិសមភាព​សង្គម មាន​គម្លាត​ខ្លាំង​ណាស់ ! ខ្លាំង​ជាង​នៅ​ចិន​ទៅ​ទៀត។ ឥណ្ឌា​មិន​ទាន់​អាច​ចែកចាយ​ចំណូល​ប្រទេស​បាន​ត្រឹម​ត្រូវ​ទេ​ ៖ មាន​ពលរដ្ឋ​ពេញ​វ័យ​ប្រមាណមិនដល់​៧%​ផង បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ ! នេះ​ជា​អត្រា​ដ៏ទាប​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ ចំណាយ​សាធារណៈ​លើ​ផ្នែក​សុខភាព និង​ការ​សិក្សា​ មិនគ្រប់គ្រាន់ ជា​ហេតុ​ធ្វើ​ឱ្យគ្រួសារ​ក្រីក្រ​ កាន់​តែ​ក្រនៅ​ពេល​មាន​ជំងឺ​។ ប្រព័ន្ធ​សាលា​រៀន​រដ្ឋ​អន់ខ្លាំង រុញអ្នក​ក្រ​មិន​បាន​ឆ្ងាយ ឱ្យងាយ​ឆាប់​ងើប​រួច​ពី​ទុរគតភាពបានទេ​៕