អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​វាយប្រហារ​លើ​មជ្ឈមណ្ឌល​យោធា​មួយ​នៅ​អាហ្វហ្កានីស្ថាន

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ធ្វើ​ការ​វាយប្រហារ​លើ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​យោធា​មួយ​ក្នុង​ទីក្រុង​កាប៊ូល​នា​ថ្ងៃ​ចន្ទ ទី១៨ ធ្នូ។ ការ​បាញ់​ត​គ្នា​រវាង​ពួកជីហាត និង​កម្លាំង​យោធា​រយៈពេល​ជាង ៤ម៉ោង​បាន​បណ្តាល​ឲ្យ​កម្លាំង​រដ្ឋាភិបាល​រង​របួសស្រាល​មួយ​ចំនួន តែ​សម្លាប់​បាន​ពួកជីហាត​ទាំង​ពីរ​នាក់។

ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​វាយប្រហារ​លើ​មជ្ឈមណ្ឌល​យោធា​មួយ​នៅ​អាហ្វហ្កានីស្ថាន
ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​វាយប្រហារ​លើ​មជ្ឈមណ្ឌល​យោធា​មួយ​នៅ​អាហ្វហ្កានីស្ថាន SHAH MARAI / AFP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​វេលា​ម៉ោង​ជា ១០ព្រឹក​ម៉ោង​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បើក​ការ​វាយប្រហារ​លើ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​យោធា​មួយ​របស់​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាហ្វហ្កានីស្ថាន​ក្នុង​ទីក្រុង​កាប៊ូល។ អ្នក​នំាពាក្យ​ប៉ូលិស​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​យោធា​នោះ​មាន​កម្ពស់ ៤ជាន់ និង​កំពុង​ជួសជុល​ដែល​គ្មាន​មនុស្ស​នៅ​ខាង​ក្នុង​ទេ​ក្នុង​ពេល​រង​ការ​វាយប្រហារ​ពី​ពួក​ជីហាត។ ភ្លាមៗ​នោះ កម្លាំង​រដ្ឋាភិបាល​ក៏​បាន​ចេញ​ប្រតិបត្តិការ​វាយប្រហារ​តប​វិញ​ដោយ​សម្លាប់​បាន​ពួកជីហាត​ទាំង​ពីរ​នាក់ និង​មាន​កម្លាំង​រដ្ឋាភិបាល​ចំនួន ២នាក់​រងរបួស​ស្រាល។

ទន្ទឹម​គ្នា​នោះ កម្លាំង​សន្តិសុខ​ក៏​ត្រូវ​បាន​ដាក់​ឡោមព័ទ្ធ​ជុំវិញ​អាគារ​ដែល​ស្ថិត​ចំ​កណ្តាល​ទីប្រជុំជន​ដោយ​មាន​ដាក់​របាំង​សន្តិសុខ​ព័ទ្ធ​ឆ្ងាយ​ពី​អាគារ​នោះ​ទៀត​ផង។ ប្រភព​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​កម្លាំង​រដ្ឋាភិបាល​បាន​ប្រើ​ពេល​យូរ​មុន​នឹង​សម្លាប់​បាន​ពួកជីហាត​ទាំង​ពីរ​នាក់ គឺ​មក​ពី​ចង់​ចៀសវាង​កុំ​ឲ្យ​មាន​ស្លាប់ និង​របួស​ច្រើន​នៅ​ខាង​កម្លាំង​រដ្ឋាភិបាល។ តាម​ប្រភព​ដដែល ពួក​ជីហាត​ទាំង​ពីរ​នាក់​បាន​ពួន​សំងំ​នៅ​ក្នុង​អាគារ​ដែល​កំពុង​ជួសជុល មុន​នឹង​បើក​ការ​វាយប្រហារ។ គួរ​ជម្រាប​ជូន​ថា អាគារ​ហ្វឹកហ្វឺន​ឈ្មោះ « ៨០ » គឺ​ជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ដ៏​សំខាន់​របស់​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាហ្វហ្កានីស្ថាន ព្រោះ​ជា​ទីកន្លែង​បង្ហាត់បង្រៀន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់។

សូម​ជម្រាប​ជូន​ថា ទីក្រុង​កាប៊ូល​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ញឹកញាប់​ពី​ក្រុម​ឧទ្ទាម​តាលីបង់ ឬ​ពី​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៧ នេះ​មក មាន​អំពើ​ភេរវកម្ម​យ៉ាង​តិច ១៨ដង​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​កាល​ពី​ថ្ងៃទី៣១ ឧសភា​ដោយ​ពួក​ភេរវជន​បាន​បំផ្ទុះ​ឡានកាំមីញ៉ុង​មួយ​គ្រឿង​ផ្ទុក​ជាតិផ្ទុះ​ជាង ១តោន​កន្លះ​នៅ​សង្កាត់​របស់​អ្នក​ការទូត​ដែល​បណ្តាល​ឲ្យ​ស្លាប់ ១៥០នាក់ និង​របួស ៤០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ