អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងត្បូង-អាមេរិក ធ្វើ​សមយុទ្ធ​ផ្លូវអាកាស ទម្រង់​ធំ​បំផុត​មិន​ធ្លាប់​មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ស្ងប់​ស្ងាត់បាន​មួយ​រយៈ​ខ្លី ឧបទ្វីប​កូរ៉េ​កំពុងធ្លាក់​ក្នុង​ភាព​​​ភាព​តាន​តឹងជា​ថ្មី ! កូរ៉េខាង​ត្បូង និងសហរដ្ឋអាមេរិក បាន​ចាប់ផ្តើម​ នៅ​ថ្ងៃ​ចន្ទទី ៤ ធ្នូនេះ សមយុទ្ធផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ​ ដែល​ប្រទេស​ទាំង​ពីរ​​មិន​ធ្លាប់សហការគ្នា​ធ្វើ​ពី​មុន​មក​ទេ។ សមយុទ្ធ​រយៈ​ពេល​៥​ថ្ងៃ ប្រព្រឹត្ត​ទៅ​តែ​៥​ថ្ងៃ​ក្រោយ​ការបាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប និង​ត្រូវបាន​ព្យុងយ៉ាង​ចាត់​ទុក​ថា​ទង្វើ​បង្កហេតុ​យ៉ាង​ពិតៗ។

កូរ៉េខាង​ត្បូង​និង​អាមេរិក​ធ្វើ​សមយុទ្ធ​រួមគ្នា​ជា​ញឹកញយ។ នេះ​ជា​រូបថត​សមយុទ្ធ​ថ្ងៃទី ២៦​មេសា ២០១៧ នៅ​Pocheon
កូរ៉េខាង​ត្បូង​និង​អាមេរិក​ធ្វើ​សមយុទ្ធ​រួមគ្នា​ជា​ញឹកញយ។ នេះ​ជា​រូបថត​សមយុទ្ធ​ថ្ងៃទី ២៦​មេសា ២០១៧ នៅ​Pocheon JUNG Yeon-Je / AFP
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​ទ្វេភាគី កូរ៉េខាង​ត្បូង និងសហរដ្ឋ​អាមេរិក​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​គ្រោង​រៀបចំ​មក​តាំង​ពី​យូរ​ហើយ។ ជា​លំហាត់​យោធាប្រចាំ​ឆ្នាំ ដែល​គេ​ប្រសិទ្ធនាម​ថា "Vigilant Ace » គ្រាន់​តែ​ថា​ឆ្នាំ​នេះ សមយុទ្ធ​មាន​ទ្រង់ទ្រាយ​ធំ​ខ្លាំងជាពិសេស មិនធ្លាប់​មាន​ពី​មុនទេ ! មាន​ទាហានកូរ៉េខាង​ត្បូង​និ​ងអាមេរិក​រាប់​សិប​ពាន់​នាក់ ចូល​រួម ក្នុងនោះ ​១២០០០​នាក់ ជា​ទាហាន​​អាមេរិក​ យន្តហោះ​ជាង​២៣០គ្រឿង និង​ការ​ពង្រាយ​យន្តហោះ​ប្រយុទ្ធ មាន​សមត្ថភាព​កំបាំង​ខ្លួន​ខ្ពស់ F-២២ Raptor ៦គ្រឿង​ផង។ នៅ​ក្នុង​កម្មវិធី​សមយុទ្ធ អាមេរិក-កូរ៉េខាង​ត្បូង​ក៏​មាន​គម្រោង​ហាត់សមវាយលុក​ចូល​ទីតាំង​នុយក្លេអ៊ែរ ឬ​កម្ទេច​ម៉ាស៊ីន​បាញ់​បង្ហោះ ​មីស៊ីល​របស់​កូរ៉េខាង​ជើង​ទៀត។

សម្រាប់​កូរ៉េខាង​ត្បូង​និ​ងអាមេរិក នេះ​ជា​លំហាត់​សម​ “ការពារខ្លួន” សុទ្ធសាធ ក្នុង​ក្រប​ខ័ណ្ឌ​​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ។ ប៉ុន្តែ​ ​ជា​រៀង​រាល់​ឆ្នាំ​​ និងរាល់​លើក ​សមយុទ្ធបែប​​នេះ​ តែង​តែ​បង្កភាព​ក្តៅ​ក្រហាយ​ខ្លាំង​ដល់​របប​ព្យុងយ៉ាង ដែល​យល់ថា​ អាមេរិកហាត់​ត្រៀម​ចូល​ឈ្លានពានទឹក​ដី​របស់​គេ។ ជា​ចម្លើយ​តប កូរ៉េខាង​ជើង តែង​បាន​បាញ់​សាកល្បង​មីស៊ីល​តប​វិញ។ នៅ​លើក​នេះ ព្យុងយ៉ាង​​ធ្វើ​ការ​បរិហារ ​​តាំង​ពី​ម្សិលមិញ​មក​ម្ល៉េះ ថា​លោក ដូណាល់ ត្រាំ ចង់តែ​​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ និង​បាន​ព្រមានថា​សមយុទ្ធ​អាមេរិក-កូរ៉េខាងត្បូង កំពុង​រុញ​ច្រានស្ថានភាព​ក្នុង​ឧបទ្វីប​ដែល​តាន​តឹង​ស្រាប់ ឱ្យ​កាន់​មាត់​ច្រាំង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ។

យន្តហោះ​ចម្បាំង​អាមេរិក F-22 Raptor ហោះមួយម៉ោង​អស់ ៥៣០០០អឺរ៉ូ
យន្តហោះ​ចម្បាំង​អាមេរិក F-22 Raptor ហោះមួយម៉ោង​អស់ ៥៣០០០អឺរ៉ូ US Air Force

ហានិភ័យ​នៃការ​​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ

ល្បែង​បែប​នេះ ងាយ​ធ្លាក់​ផុង​ទៅ​ជា​សង្គ្រាម​ខ្លាំង​ណាស់។ នៅ​កណ្តាល​ក្រុង​សេអ៊ូល ដែល​នៅ​កៀក​ខ្លាំង​នឹង​កូរ៉េខាង​ជើង​ស្រាប់​ផង ប្រជាពលរដ្ឋ​កូរ៉េខាង​ត្បូង​ បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម​តូចៗ ធ្វើ​បាតុកម្ម​ ដោយ​សន្តិវិធី​ ដើម្បី​ប្រឆាំង​និង​រិះគន់​សមយុទ្ធអាមេរិក-កូរ៉េខាង​ត្បូង​នេះ។

ចំណែក​ខាង​ចិន​ លោក វង់ យី រដ្ឋមន្ត្រីការបរទេស​ចិន បានធ្វើ​សន្និសីទ​កាសែត សម្តែង​ការ​សោក​ស្តាយ​ នៅពេល​ឃើញ​ឧបទ្វីប​កូរ៉េ​ធ្លាក់​ក្នុង​ស្ថានភាព​ដុនដាប​ជា​ថ្មី បន្ទាប់​ពី​ស្ងប់​ស្ងាត់​បាន​មួយ​រយៈ​ខ្លី។ បើ​តាមលោក​ប្រមុខ​ការទូត ប៉េកាំង បាន​ប្រឹងប្រែង​ខ្លាំង​វែក​ផ្លូវ រក​ច្រក​ដោះស្រាយ​វិបត្តិ​កូរ៉េខាង​ជើង​តាម​ផ្លូវចរចា​ តែ​អាមេរិក​បែរ​ជា​បំផុស​ភាព​តាន​តឹង​ឡើងវិញ​ទៅវិញ។

នៅ​ឯវ៉ាស៊ីនតោន​ឯណោះ ក្រុម​ជំនិត​ជុំ​វិញ​លោក​ដូណាល់ ត្រាំ កំពុង​គោះធុង​ គោះប៉ោត ទូង​ស្គរ​ចេញ​ធ្វើ​សង្គ្រាម។ អគ្គមេបញ្ជាការកងទ័ព​អាមេរិក​ លោក McMaster បាន​ប្រកាស​ក្តែងៗ​ថា​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ លោក Lindsy Graham សមាជិក​ព្រឹទ្ធសភា ដែល​មាន​បទ​ពិសោធ​ន៍​ខ្លាំង​ផ្នែក​នយោបាយ​ការបរទេស​​ បាន​ស្នើ​សុំ​ឱ្យ​មាន​ជម្លៀស​ក្រុមគ្រួសារទាហាន​​អាមេរិកនៅកូរ៉េខាងត្បូង ឱ្យ​ត្រលប់​ចូល​ស្រុក​វិញ។ បើ​តាម​សមាជិក​ព្រឹទ្ធសភា​រូប​នេះ រដ្ឋបាល​របស់​លោក​ត្រាំ មាន​យុទ្ធសាស្ត្រ​ ទប់​ស្កាត់​របប​ព្យុងយ៉ាង​មិន​មាន​សមត្ថភាព​នុយក្លេអ៊ែរ​អាច​វាយប្រហារ​ដល់​អាមេរិក​បាន។ ហើយ​ពាក្យ​ថា​ ទប់ស្កាត់ គឺ​មាន​ន័យ​ថា​ធ្វើ​សង្គ្រាម​ជាកិច្ចការពារ​ នេះ​ឯង។

តើ​នេះ​ជា​ព័ត៌មាន​បំផ្លើស​ បំភ័យ​​កូរ៉េខាង​ជើងឬយ៉ាងណា​ ?! តែសម្រាប់​អ្នក​វិភាគ​ ពេល​នេះ​លោក​ត្រាំ កំពុង​លេង​ល្បែង​មួយ​ដ៏គ្រោះ​ថ្នាក់ ៖ បើ​ហ៊ាន​គ្រវី​ទង់​ធ្វើ​សង្គ្រាម​ជា​កិច្ច​ការពារ សហរដ្ឋ​អាមេរិក​អាច​នឹង​ធ្វើ​ឱ្យ​កូរ៉េខាងជើងបក​ប្រែខុស ហើយអាច​នឹង​ជួប​គ្រោះ​ កូរ៉េខាង​ជើង​ចេញ​ទ័ព​ចល័ត​មែន។

ជប៉ុន​ ៖ ការចរចាជាមួយ​កូរ៉េខាង​ជើង​គ្មាន​ន័យ

​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​អះអាង​នៅ​ចំពោះ​មុខ​សភាជាតិ​ជប៉ុន នា​ថ្ងៃ​ចន្ទ​នេះថា កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង ​ជា​ការ​គំរាម​កំហែងសន្តិសុខ​តំបន់ និង​ជប៉ុន យ៉ាង​​ពិត​ៗ ក្នុង​ពេល​ដ៏​ឆាប់ៗនេះ​តែ​ម្តង។ ដូច្នេះ​វា​គ្មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​​ការ​ចរចា​ជាមួយ​កូរ៉េខាង​ជើង​ទៀត​ទេ។

ជាមួយ​នឹង​ការ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ លើ​សេចក្តី​សម្រេច​ប្រឆាំង​នឹង​ការ​សាកល្បង​មីស៊ីល​អន្តរទ្វីបរបស់​ព្យុងយ៉ាង កាលពី​ថ្ងៃពុធ​មុន លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​រំលឹក​ឡើង​វិញ​នៅ​ថ្ងៃនេះ ថា​ចង់​ឃើញ​ពិភពលោក​ដាក់គំនាប​លើ​កូរ៉េខាង​ជើង រហូត​ប្រទេស​នេះ​ព្រម​បោះបង់​កម្មវិធីនុយក្លេអ៊ែរ ជា​រៀងរហូត និង​គ្មាន​ថ្ងៃ​ត្រលប់​បាន។ បើ​ចង់​បង្ក្រាប​ប្រទេស​មួយ ហើយលែង​ត្រូវ​ការ​ដំណោះស្រាយ​នយោបាយតើនៅសល់​​ច្រកចេញប៉ុន្មាន​ទៀត​?!​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ