អានតួអត្ថបទ
ភូមា-វ៉ាទីកង់

អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ភូមា​៖សម្តេចប៉ាបជា​ជីងចក់​ដែល​ដូរព័ណ៌​តាម​អាកាសធាតុ

អ្នកប្រើប្រាស់​អ៊ីនធ័រនែត នៅ​ប្រទេស​ភូមា បានផ្ទុះកំហឹង និង​ប្រតិកម្ម​រិះគន់​ខ្លាំង​សម្តេចប៉ាប ហ្វ្រងស័រ ដែល​បាន​លើក និយាយ​ពាក្យ​រ៉ូហ៊ីងយ៉ា។ ប្រមុខ​សាសនា​កាតូលិក បាន​ព្យាយាម​តមពាក្យ​សំដី មិន​បាន​ប្រើ​ពាក្យ​រ៉ូហ៊ីងយ៉ា នៅក្នុង​ទឹកដី ភូមា និង​បង់ក្លាដែស ទៅតាម​ការអំពាវនាវ​សុំ​របស់​ថ្នាក់ដឹកនាំ​កាតូលិក នៅភូមា ប៉ុន្តែ នៅក្នុង​យន្តហោះ សំដៅ​ត្រលប់​ចូល​វិញ បុរី​វ៉ាទីកង់ សម្តេចប៉ាប បាន​មាន​បន្ទូល ប្រើ​ពាក្យ​រ៉ូហ៊ីងយ៉ា ដើម្បី សំដៅ​ដល់​ជនជាតិ​ភាគតិច ដែល​រត់គេច​ចេញពីរដ្ឋរ៉ាឃីន របស់​ភូមា។

សម្តេច​ប៉ាប​ជួប​ជាមួយ​អ្នកតំណាង​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ទីក្រុង​ដាកា នៅថ្ងៃទី ១ ធ្នូ ២០១៧
សម្តេច​ប៉ាប​ជួប​ជាមួយ​អ្នកតំណាង​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ទីក្រុង​ដាកា នៅថ្ងៃទី ១ ធ្នូ ២០១៧ ©Osservatore Romano/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍ នៅក្នុង​សន្និសីទ​កាសែត នៅក្នុង​យន្តហោះ ដែល​ដឹក​ព្រះអង្គ​ចេញ​ពី​ប្រទេស​បង់ក្លាដែស សំដៅ​បុរីវ៉ាទីកង់ ប្រមុខ​សាសនា​កាតូលិក​បាន​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​យំ​នៅក្នុង​ពេល កំពុង​ស្តាប់​ការរៀបរាប់​របស់​ក្រុមជនជាតិ​រ៉ូហ៊ីងយ៉ា នៅក្នុង​ទឹកដី​បង់កា្លដែស។ នេះ​ជា​លើកទី១ ដែល​គេ​លឺ​សម្តេច​ប៉ាប​ហ្រ្វង់ស័រ លើក​បន្លឺ​ឈ្មោះ រ៉ូហ៊ីងយ៉ា សំដៅ​ជនជាតិ​ភាគតិច ដែល​រត់គេច​ពីអំពើ​ហិង្សា​នៅ​រដ្ឋរ៉ាឃីន នៅប្រទេស​ភូមា។

ពាក្យ​រ៉ូហ៊ីងយ៉ា បាន​ស្ងាត់ មិនឃើញ​មាន​នៅក្នុង​ព្រះបន្ទូល របស់​សម្តេចប៉ាប ទេ នៅក្នុង ដំណើរទស្សនកិច្ច​របស់​ព្រះអង្គ នៅ​ភូមា និង​នៅ​បង់ក្លាដែស។ អ្នកទទួល​ខុសត្រូវ​របស់​វិហារ​កាតូលិក នៅ​ភូមា​បាន​ទទូចសុំ​ឲ្យ​ប្រមុខ​សង្ឃ​កាតូលិក កុំ​ប្រើពាក្យ​រ៉ូហ៊ីងយ៉ា និង​ជំនួស​មកវិញ ដោយ​ក្រុមប្រជាជន​កាន់សាសនា​អ៊ីស្លាម​ដើម្បី​សំដៅ​ដល់​ប្រជាជន​ដែល​រត់ភៀសខ្លួន​ពីអំពើហិង្សា នៅ​រដ្ឋរ៉ាឃីន។ ធ្វើដូច្នេះ គឺ​ដើម្បី​ជៀសវាង​កុំ​បង្ក​ភាពតានតឹង និង​ការស្អប់ វាយប្រហារ​របស់​ក្រុមសង្ឃ​ជាតិ​និយម​ភូមា ទៅ​លើ​អ្នកកាន់សាសនា​គ្រឹស្ត នៅ​ភូមា។

នៅ​ភូមា ការប្រើប្រាស់​ពាក្យ​រ៉ូហ៊ីងយ៉ា ជា​រឿងរស៊ើប ព្រោះថា សម្រាប់​ប្រជាជន​ភូមា ដែល​មាន​ជិត ៩០ភាគរយ​ជាអ្នកកាន់​ពុទ្ធសាសនា ការប្រើពាក្យ​ប្រជាជន​រ៉ូហ៊ីងយ៉ា គឺ​ស្មើ​នឹង​ការទទួល​ស្គាល់​ថា ក្រុមនេះ​ជា​ជនជាតិភាគតិច ស្របច្បាប់ នៅ​ភូមា។

ប្រមុខ​កងទ័ព​ភូមា ធ្លាប់​បាន​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់​ជនជាតិ​រ៉ូហ៊ីងយ៉ា ថា ជាជនជាតិ​ភាគតិច នៅភូមា និង​ចាត់ទុក​ក្រុមនេះ ថា ជាជនជាតិ​បង់ហ្កាល មកពី​ប្រទេស​បង់ក្លាដែស។ នៅថ្ងៃ​នេះ នៅក្នុង​បណ្តាញ​សង្គមហ្វេសប៊ុក អ្នកប្រើប្រាស់​អ៊ីនធ័រនែត ជាតិ​ភូមា ជាច្រើន បាន​សរសេរ​រិះគន់​ខ្លាំងប្រមុខ​សង្ឃ​កាតូលិក នៅក្រោយ​ដឹងថា ព្រះអង្គ​បាន​ប្រើ​ពាក្យ​រ៉ូហ៊ីងយ៉ា នៅពេល​ព្រះអង្គ​និយាយ​ពី​ក្រុមជនភៀសខ្លួន​ពី​ប្រទេស​ភូមា។ អ្នកប្រើប្រាស់​អ៊ីនធ័រនែត​មួយចំនួន​បាន​ចោទប្រកាន់​សម្តេចប៉ាប​ថា បាន​និយាយ​បាតដៃ ខ្នងដៃ និង​ជាសត្វ​ “ជីងចក់” ដែល​បាន​ដូរពណ៌ ទៅតាម​ការប្រែប្រួល​អាកាសធាតុ។

មេដឹកនាំ គណបក្ស​ជាតិ​និយម​នៅ​ភូមា​វិញ ធ្លាប់​បាន​កោតសរសើរ​សម្តេច​ប៉ាប ថា បាន​គោរព​ជនជាតិ​ភូមា តាមរយៈ ការមិន​បន្លឺ​ពាក្យ​រ៉ូហ៊ីងយ៉ា នៅក្នុង​ពេល​ព្រះអង្គ​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​ភូមា។ សម្រាប់​មេដឹកនាំ​ជាតិនិយម​ភូមា សម្តេចប៉ាប​បាន​បន្លឺពាក្យ​រ៉ូហ៊ីងយ៉ា នេះ តាមពិត គឺ​ដើម្បី​បំពេញចិត្ត តម្រូវការ​ចង់បាន​របស់​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ