rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បង់ក្លាដែស បុរីវ៉ាទីកង់ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ភូមា សាសនា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សម្តេចប៉ាប​នឹងជួប​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋធានី ដាកា​របស់​បង់ក្លាដែស

media
សម្តេច​ប៉ាប​យាង​ដល់​ទីក្រុង​ដាកា​ប្រទេស​បង់ក្លាដែស នៅថ្ងៃព្រហស្បតិ៍ទី ៣០​វិច្ឆិកា ២០១៧ ©REUTERS/Max Rossi

ប្រមុខ​សង្ឃ​កាតូលិក សម្តេចប៉ាប ហ្វ្រង់ស័រ បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បង់ក្លាដែស ហើយ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ទទួលគារវកិច្ច​ដោយ​ប្រធានាធិបតី​បង់ក្លាដែស សម្តេចសង្ឃ កាតូលិក ហ្រ្វង់ស័រ បាន​អំពាវនាវ​ឲ្យ​សហគម​អន្តរជាតិ​ចាត់វិធានការ “ផ្តាច់ព្រ័ត្រ” ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន នៅក្នុង​ប្រទេស​បង់ក្លាដែស។


វាមាន​សារៈសំខាន់​ណាស់​ដែល​សហគមន៍​អន្តរជាតិ​ត្រូវតែ​ចាត់វិធានការ​ផ្តាច់ព្រ័ត្រ ទាំង​ក្នុង​រឿង​នយោបាយ​ដែល​ជាដើមហេតុ​នៃ​ការផ្លាស់ទី​របស់​មនុស្ស ហើយ​និង​ការផ្តល់ជំនួយ​បន្ទាន់ ខាងផ្នែក​សំភារៈ ដើម្បី ឲ្យ​រដ្ឋាភិបាល​បង់ក្លាដែស អាច​ដោះស្រាយ​វិបត្តិ​មនុស្សធម៌ នៅ​ជំរំជនភៀសខ្លួន។

ជនភៀសខ្លួន ដែល​សម្តេច​ប៉ាប​ចង់សំដៅ គឺ​ជនជាតិ​រ៉ូហ៊ីងយ៉ា ជិត ៩សែន​នាក់ ដែល​បាន​រត់​ចេញ​ពី​ទឹកដី​ភូមា ទៅ​ជ្រកកោន ក្នុង​ជំរំ​ភៀសខ្លួន នៅ​ប្រទេស​បង់ក្លាដែស។ តាំង​ពី​នៅក្នុង​ទឹកដី​ភូមា ម្ល៉េះ សម្តេចប៉ាប បាន​រង​ការរិះគន់ ដោយសារ​តែ​ព្រះអង្គ បាន​អាក់ខាន មិនបាន​និយាយ​ពាក្យ​រ៉ូហ៊ីងយ៉ា នៅក្នុង​ពេល​ថ្លែង ​ក្នុង​សន្និសីទ​កាសែត ជាមួយ​លោកស្រី​អ៊ុងសាន ស៊ូជី។

តាម​បុរីវ៉ាទីកង់ អ្នកទទួលខុសត្រូវ វិហារ​កាតូលិក នៅភូមា បាន​ទទូចសុំ​ឲ្យ​សម្តេចប៉ាប កុំ​និយាយ​ដល់​ឈ្មោះ​រ៉ូហ៊ីងយ៉ា ប៉ុន្តែ ត្រឹមតែ​ក្រុម​អ្នកកាន់សាសនា​អ៊ីស្លាម បានហើយ ដើម្បី ជៀសវាង​កុំ​ដុត​កំហឹង​ក្រុមសង្ឃ​ពុទ្ធសាសនា​ជ្រុលនិយម​នៅ ភូមា។ យ៉ាងណាក៏ដោយ នៅ​បង់ក្លាដែស សម្តេចប៉ាប នៅតែ​ប្រយ័ត្នប្រយែង​ពាក្យសំដី ដដែល ដោយ​បាន​ត្រឹម​ប្រើ​ពាក្យ “ជនភៀសខ្លួន​មក​ពី​រដ្ឋរ៉ាឃីន” សម្រាប់​និយាយ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​កំពុង​ប្រឈម​នឹង​វិបត្តិខ្វះអាហារ​នៅ​បង់ក្លាដែស។

ចំណុច​មួយទៀត ដែល​អាច​ធ្វើ​ឲ្យ​គេ​ខកចិត្ត ដែរ គឺ​ថា សម្តេចសង្ឃ​កាតូលិក​នឹង​មិន​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់ ទៅ​ដល់​ជំរំ​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា នៅ​ព្រំដែនភូមា និង​បង់ក្លាដែស​នោះទេ។ តាម​គម្រោង ព្រះអង្គ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមជនជាតិ​រ៉ូហ៊ីងយ៉ា មួយ​ក្រុមតូច​ប៉ុណ្ណោះ ចូលជួប នៅថ្ងៃ​សុក្រ នេះ នៅ​រដ្ឋធានី​ដាកា។

នៅ​ថ្ងៃ​ពុធ​កន្លងទៅ អ្នកនាំពាក្យ​របស់​សម្តេចប៉ាប បាន​ចេញមុខ​ការពារ នយោបាយ​ការទូត​របស់​សម្តេចប៉ាប។ តាម​អ្នកនាំពាក្យ សម្តេចប៉ាប​មិន​ខ្លាច​នឹង​ដើរ​ក្នុង​ចម្ការមីនទេ។ ប៉ុន្តែ ព្រះអង្គ​ក៏​មិនអាច​ដោះស្រាយ បាន​ភ្លាម ជាពិសេស បញ្ហា ដែល គេ​មិនអាច​ដោះស្រាយ​ទៅរួច នោះដែរ។ អ្នកនាំពាក្យ​របស់​សម្តេចប៉ាប ហ្រ្វង់ស័រ នៅ​បាន​និយាយ​យ៉ាងខ្លី ថា ទោះជា ជោគវាសនា​របស់​ជនជាតិ​ជនភៀសខ្លួន ជាកង្វល់​របស់​សម្តេចប៉ាប ប៉ុន្តែ ជនភៀសខ្លួន មិនមែន​ជា​ប្រធានបទ​សំខាន់ នៃ​ដំណើរទស្សនកិច្ច​របស់​សម្តេចប៉ាប នៅ​បង់ក្លាដែស​លើកនេះ នោះទេ៕