អានតួអត្ថបទ

ចិន ផ្តល់​ជំនួយ​ឥតសំណង​ជិត​បី​ពាន់​លាន​អឺរ៉ូ​ដល់​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត

ក្នុង​ជំនួប​កំពូល ចិន-អឺរ៉ុប​កណ្តាល​និង​ខាងកើត ​China-CEEC នា​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី នៅ​ថ្ងៃ​​ចន្ទទី ២៧ វិច្ឆិកានេះ នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឺឈាំង បាន​ប្រកាស​ ផ្តល់​ជំនួយ​ឥត​សំណង ដល់​ក្រុម​ប្រទេស​​​នៅ​តំបន់​នេះ​ ក្នុង​តម្លៃ​ទឹក​ប្រាក់ទំហំ​ជិត​បីពាន់​លាន​អឺរ៉ូ។ ជា​ជំនួយឧបត្ថម្ភ​គម្រោង​​ដែល​ជា​ចំណែក​មួយ​នៃ​នយោបាយ​ ផ្លូវមួយ​ខ្សែ​ក្រវ៉ាត់​មួយ របស់​លោកស៊ី ជីនពីង។

នាយក​រដ្ឋមន្ត្រី​ចិន លោក​ Li Keqiang និង​សមភាគីហុងគ្រី លោក Orban ក្នុង​ជំនួប​កំពូល China-CEEC ថ្ងៃទី ២៧​វិច្ឆិកា២០១៧
នាយក​រដ្ឋមន្ត្រី​ចិន លោក​ Li Keqiang និង​សមភាគីហុងគ្រី លោក Orban ក្នុង​ជំនួប​កំពូល China-CEEC ថ្ងៃទី ២៧​វិច្ឆិកា២០១៧ © Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ឱកាស​ជួប​ប្រជុំ​រវាង​ចិន និង​ក្រុមប្រទេសនៅ​តំបន់អឺរ៉ុប​ខាង​កើត អឺរ៉ុប​កណ្តាល​ និង​តំបន់​បាល់កង់ ជា​សមាជិក​និង​មិនមែន​ជា​សមាជិក​សហភាព​អឺរ៉ុប ហៅ​កាត់​ថា PECO ជាភាសា​បារាំង ឬ​ CEEC ជាភាសា​អង់គ្លេស ដែល​នាយករដ្ឋមន្ត្រី​ចិន បាន​ប្រកាស​ជូន​ដំណឹង​អំពី​ការ​ផ្តល់​​ជំនួយ​ដោយ​ឥត​សំណង ដល់​ទៅ ជិត​បីពាន់​លាន​អឺរ៉ូ​។ ក្រុមប្រទេស¨Peco​​ទាំង​១៦​ រួមមាន ៖ អាល់បានី បូស្នី-អ៊ែរហ្សេហ្គោវីន ប៊ុលហ្ការី ក្រូអាស៊ី អេស្តូនី ហុងគ្រី ឡេតូនី លីទុយអានី ម៉ាសេដ្វាន ម៉ុងតេណេហ្គ្រោ ប៉ូឡូញ សាធារណរដ្ឋ​ឆែក រ៉ូម៉ានី ស្លូវេនី ស្លូវ៉ាគី និង​ស៊ែរប៊ី។

ធនាគារ​អភិវឌ្ឍន៍​ចិន នឹង​បើក​កញ្ចប់​ថវិកាបំរ៉ុង ២ពាន់​លាន​អឺរ៉ូ សម្រាប់​ឱ្យ​ក្រុមប្រទេស​ នៅ​តំបន់​អឺរ៉ុប​ខាង​កើត​ និង​កណ្តាល​ ​ ប្រើ​ប្រាស់​​ក្នុង​ក្របខណ្ឌ​សមាគម​អន្តរធនាគារ​ Peco ដែល​ទើប​បង្កើត​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ។ ហើយ​១ពាន់​លាន​អឺរ៉ូទៀត ជា​អំណោយ​របស់​​ចិន​ សម្រាប់​ប្រើ​ជា​មូលនិធិ​វិនិយោគ ដែល​មួយ​ភាគ​ធំ​នឹង​បាន​ដល់​ដៃ​Peco​នេះ​ឯង។ នេះ​បើ​តាម​ការ​លម្អិត​របស់​លោក លី​ ខឺឈាំង។

​លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​ក៏​បាន​ធានាអះអាង​ប្រាប់​ ក្រុម​បណ្តា​ប្រទេស​នៅអឺរ៉ុប​ខាង​លិច​ទាំ​ងអស់​ដែរ​ថា កុំ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាពចិន​ដែល​​បង្កើន​ការ​វិនិយោគ​នៅ​អឺរ៉ុប​ខាង​កើត​ ព្រោះ​រាល់​កិច្ចសហប្រតិបត្តិការ​សុទ្ធ​តែ​មាន​តម្លាភាព​ និ​ងការ​បើក​ចំហ ព្រម​ទាំង​ស្រប​តាម​ក្រម​ខណ្ឌ​នៃ​ការ​ពង្រីក​ទំនាក់ទំនង​រវាង​ចិន​និង​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត ជំនួយ​របស់​ចិន ចំពោះ​ក្រុម​ប្រទេស​​Peco ក៏​ជា​ចំណែក​នៃ​មួយ​នៃ​នយោបាយ​ ផ្លូវមួយ​ខ្សែ​ក្រវ៉ាត់​មួយ ផ្តួច​ផ្តើម​ឡើង​ដោយ​លោក​ស៊ី ជីនពីង ដើម្បី​ពង្រឹង​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ភ្ជាប់​បីទ្វីប អាស៊ី-អឺរ៉ុប​-អាហ្វ្រិក។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ នាយករដ្ឋមន្ត្រី​​ហុងគ្រី ដែល​ល្បី​ខ្លាំង​ខាង​ជាតិ​និយម លោក វិចទ័រ អ័របង់ បាន​ចាត់​ទុក​ការ​វិនិយោគ​របស់​ចិន​ ថាជា​ឱកា​ស​ដ៏​ប្រពៃ​របស់​អឺរ៉ុប​ទាំង​មូល​ ដែល​ត្រូវ​ឆក់​យក​ឱ្យ​បាន។ សម្រាប់​លោក អ័របង់ សហភាព​អឺរ៉ុប​មិន​ត្រូវ​ទាញ​បិទ​ទ្វារ​ទេ ! ពិភពលោក​មាន​ការ​ប្តូរ​ផ្លាស់ ចិន​មាន​ប្រភព​ធនធាន​ដែល​អាច​ធានា​ការ​អភិវឌ្ឍន៍ណា​ ដែល​មូលនិធិ​អឺរ៉ុប​​មិន​អាច​ធ្វើ​បាន​តែ​ម្នាក់ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ