អានតួអត្ថបទ
អារ៉ាប៊ី សាអូឌីត

អារ៉ាប៊ី សាអូឌីត​គៀងគរ​ឲ្យ​ប្រទេស​អ៊ីស្លាម ចូលរួម​ក្នុង​សម្ព័ន្ធ​ប្រយុទ្ធប្រឆាំង​ភេរវនិយម

មហាសេដ្ឋី​ប្រេង ប្រទេស​អារ៉ាប៊ី សាអូឌីត នៅ ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ប្រកាស​បង្កើត​សម្ព័ន្ធ​ប្រទេស​អ៊ីស្លាម​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម។ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​អ៊ីស្លាម ចំនួន ៤០ នៅក្នុង​ពិភពលោក រាជបុត្រ​ស្នងរាជ្យ​របស់​អារ៉ាប៊ី សាអូឌីត គឺ ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បិន សាល់ម៉ាន​បាន​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម រហូត​ដល់​ក្រុមនេះ ត្រូវ​”រលាយផុត​បាត់​ពី​ផែនដី”។

រាជបុត្រ​ស្នងរាជ្យ និង​ជា​រដ្ឋមន្រ្តីការពារជាតិ​របស់​អារ៉ាប៊ី សាអូឌីត​នៅក្នុង​ពេលថតរូប​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​អ៊ីស្លាម ផ្សេងទៀត នៅទីក្រុង​រីយ៉ាដ នៅថ្ងៃទី​២៦​វិច្ឆិកា ២០១៧
រាជបុត្រ​ស្នងរាជ្យ និង​ជា​រដ្ឋមន្រ្តីការពារជាតិ​របស់​អារ៉ាប៊ី សាអូឌីត​នៅក្នុង​ពេលថតរូប​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​អ៊ីស្លាម ផ្សេងទៀត នៅទីក្រុង​រីយ៉ាដ នៅថ្ងៃទី​២៦​វិច្ឆិកា ២០១៧ ©Bandar Algaloud/Courtesy of Saudi Royal Court/Handout via REUTE
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​អារ៉ាប់​ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវនិយម បាន​លេច​រូបរាង​ជាផ្លូវការ នៅ​ថ្ងៃ​អាទិត្យ ម្សិលមិញ ជាមួយ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​អ៊ីស្លាម​ចំនួន ៤០​នៅ​លើ​លោក។ ៤០​ប្រទេស ​កាន់​សាសនា​អ៊ីស្លាម មក​ពី​អាស៊ី អាហ្វ្រិក ដើមបូព៌ា ដូចជា​ប៉ាគីស្ថាន តួកគី នីហ្សេរីយ៉ា​ជាដើម បាន​ចូលរួម​នៅក្នុង​សម្ព័ន្ធ​ប្រយុទ្ធប្រឆាំង ភេរវនិយម ដែល​អារ៉ាប៊ី សាអូឌីត ដឹកនាំ​ដោយ​អ៊ីស្លាម​និកាយ​ស៊ុននីត បាន​ផ្តួចផ្តើម​គំនិត បង្កើត​ឡើង តាំង​ពី​ចុង​ឆ្នាំ ២០១៥។ អ៊ីរ៉ាក់ ស៊ីរី និង​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់​អារ៉ាប៊ី សាអូឌីត គ្មាន​មុខ នៅក្នុង​សម្ព័ន្ធ​ប្រយុទ្ធប្រឆាំង ភេរវនិយម ក្នុង​ពេល​ដែល​កាតា ដែល​ធ្លាប់​តែ​មាន​ឈ្មោះ នៅក្នុង​បញ្ជីរាយនាម កាលពី​ឆ្នាំ ២០១៥ គ្មានបាន​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន ទៅក្នុង​កិច្ចប្រជុំ បើក​សម្ពោធ​សម្ព័ន្ធអ៊ីស្លាម នៅ​ថ្ងៃ​ម្សិលមិញ។

ក្រុម​ប្រទេស​អារ៉ាប់ នៅ​សមុទ្រ​ពែរ្ស ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ កាតា ក្នុងបទ​ចោទប្រកាន់​ថា បាន​គាំទ្រ ក្រុមអ៊ីស្លាម​ជ្រុលនិយម។

សម្ព័ន្ធ​ប្រឆាំង​ភេរវនិយម ត្រូវ​បាន​បើកសម្ពោធ ដាក់​ឲ្យ​ដំណើរការ នៅក្នុង​បរិបទ​មួយ ដែល​តំបន់​ដើមបូព៌ា​កំពុង​ជួបភាពតានតឹង ដោយសារ​ការប្រឈមមុខ ចោទប្រកាន់​គ្នា ទៅវិញ ទៅមក រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត គូប្រជែង ដណ្តើម​ឥទ្ធិពលគ្នា​នៅ​ដើមបូព៌ា។ នៅថ្ងៃអាទិត្យ​ម្សិលមិញ សម្ព័ន្ធប្រឆាំង​ភេរវនិយម ត្រូវ​បាន​បើក​សម្ពោធ​ដោយ​រាជបុត្រ​ស្នងរាជ្យ ម៉ូហាម៉េដ បិន សាល់ម៉ាន បុរស​ខ្លាំង​របស់​អារ៉ាប៊ី សាអូឌីត ដែល​មានជំហរ​តឹង ខ្លាំង​ជាមួយ អ៊ីរ៉ង់ និង​ដែល​កំពុង​បើក​ប្រតិបត្តិការ​បោសសម្អាត​ក្រុមប្រឆាំង​នៅក្នុង​ប្រទេស។ អារ៉ាប៊ី សាអូឌីត​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch នៅ​ខែ​វិច្ឆិការិះគន់ បន្ទាប់ពី អារ៉ាប៊ី សាអូឌីត​ទើប​បាន​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​ប្រឆាំង​ភេរវកម្ម ដែលនៅក្នុង​នោះ ការជេរប្រមាថ ព្រះមហាក្សត្រ និង​រាជបុត្រ​ស្នងរាជ្យ​ត្រូវ​ចាត់ទុក​ជា​បទល្មើស​បង្ក​អំពើភេរវកម្ម។

អារ៉ាប៊ី សាអូឌីត​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ភេរវនិយម នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ ប៉ុន្តែ អារ៉ាប៊ី សាអូឌីត បាន​សម្រេច​បង្កើត​សម្ព័ន្ធ​ប្រទេស​អ៊ីស្លាម ដើម្បី​ប្រឆាំង​ភេរវនិយម ផ្សេងមួយទៀត នៅ​ឆ្នាំ ២០១៥ នៅក្នុង​កាលវេលា​ដែល​អារ៉ាប៊ី សាអូឌីត មិន​សប្បាយចិត្ត​នឹង​រដ្ឋបាល​លោកអូបាម៉ា ដែល​បាន​សម្រេច​ចុះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ អ៊ីរ៉ង់ ដែល​ជាគូសត្រូវ​របស់​ក្រុង​រីយ៉ាត។

តាំង​ពី​មាន​បដិវត្តអារ៉ាប់ ជាពិសេស នៅក្នុង​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី មហាសេដ្ឋី​ប្រេង អារ៉ាប៊ី សាអូឌីត​មិន​បាន​លាក់​ពី​មហិច្ឆតា ចង់​ធ្វើ​ជាមេដឹកនាំ ក្រុម​ប្រទេស​អ៊ីស្លាម នៅក្នុង​លោក​នោះទេ។ រាជ្យបុត្រ​ស្នងរាជ្យ មហាមេដ បិន​សាល់ម៉ាន អាច​ជាតួអង្គ​ដែល​អាច​សម្រេច​គោលដៅ របស់​អារ៉ាប៊ី សាអូឌីត។ នៅក្នុង​កិច្ចប្រជុំ នៅថ្ងៃ​អាទិត្យ ព្រះអង្គ​បាន​បញ្ជាក់​យ៉ាងដាច់ណាត់​ថា ក្រុមភេរវនិយម​នឹង​លែង​អាច​ធ្វើ​សកម្មភាព​គំរាមកំហែង​ប្រទេស​អ៊ីស្លាម​បានទៀតហើយ ព្រោះថា សម្ព័ន្ធ​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត នឹង​សហការ ចាប់ដៃ​គ្នា ទាំង​ផ្នែក​យោធា ហិរញ្ញវត្ថុ នយោបាយ ហើយ​និង​ព័ត៌មានសម្ងាត់ ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។

ទីស្នាក់ការ​កណ្តាល​របស់​សម្ព័ន្ធ ប្រទេស​អ៊ីស្លាម នឹង​ស្ថិត​នៅក្រុង​រីយ៉ាដ ប៉ុន្តែ ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ការពារជាតិ​ប៉ាគីស្ថាន។ នៅថ្ងៃ​អាទិត្យ ប្រមុខការពារជាតិ​ប៉ាគីស្ថាន លោក​Raheel Sharif បានលើក​ឡើង​ពី​បេសកកម្ម​របស់​លោក ក្នុង​ការ​ប្រមូល ចែកចាយ ប្រភព​ធនធាន​ព័ត៌មាន ដើម្បី​ជួយ​ឲ្យ​ប្រទេស​សមាជិក អាច​បង្កើត​បណ្តាញ​ប្រយុទ្ធប្រឆាំង​ភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ