អានតួអត្ថបទ

ប៉ាគីស្ថាន ៖ ប៉ូលិស​និងបាតុករ​អ៊ីស្លាម​ជ្រុលនិយម​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​​ដល់​មាន​ស្លាប់

ការ​គាស់​បំបែក​ហ្វូង​បាតុករ ដោយ​សន្តិវិធី កំពុងរាលដាល​​ក្លាយ​ជា​ការ​ប៉ះទង្គិច​គ្នា​ដ៏​ហិង្សា​មរណៈ។ មាន​ប៉ូលិស​ម្នាក់​បាន​ស្លាប់ និងមនុស្ស​​ជា​ច្រើន​នាក់បាន​​រង​របួស នៅ​ថ្ងៃសៅរ៍​ទី ២៥ វិច្ឆិកា នេះ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំង​ប៉ូលិស​ និង​ក្រុម​បាតុករអ៊ីស្លាម​ជ្រុលនិយម​រាប់​រយ​នាក់ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​បិទ​ខ្ទប់​ច្រក​ផ្លូវ​ចូល​រដ្ឋ​ធានី​អ៊ីស្លាម៉ាបាដ។

សកម្មភាព​របស់​ប៉ូលិស​កំពុង​បំបែក​ហ្វូង​បាតុករ​នៅ​ច្រក​ចូល​ក្រុង​អ៊ីស្លាម៉ាបាដ
សកម្មភាព​របស់​ប៉ូលិស​កំពុង​បំបែក​ហ្វូង​បាតុករ​នៅ​ច្រក​ចូល​ក្រុង​អ៊ីស្លាម៉ាបាដ © Reuters
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​និង​កង​ស្វ័យត្រាន​ប្រមាណ​ជាង​៨៥០០​នាក់ បាន​ដាក់​ពង្រាយ​នៅ​តាំង​ពី​ព្រលឹម និង​បាន​ទទួល​បញ្ជា​ឱ្យ​​ធ្វើ​ប្រតិបត្តិជម្លៀស​​​ហ្វូង​​បាតុករ​ ដោយ​សន្តិវិធី។ ប៉ុន្តែ​គ្រាន់​តែ​ប៉ូលិស​គប់​គ្រាប់​បែក​ផ្សែង​ និង​បាញ់​គ្រាប់​កៅស៊ូសំដៅ​​​ហ្វូង​បាតុករភ្លាម ពួក​គេ​បាន​នាំ​គ្នា​គប់​ដុំ​ថ្ម និង​វត្ថុ​ផ្សេង​ៗ​មកលើ​ប៉ូលិស​វិញ។ ជា​លទ្ធផល​ ប៉ូលិស​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ដុំ​គប់​ត្រូវ​ចំ​ក្បាល និង​មនុស្ស​១៣៩​នាក់​រង​របួស ក្នុង​នោះ​៩៣​នាក់​ជា​ប៉ូលិស ព្រម​ទាំង​ចាប់​ខ្លួន​ជា​ច្រើននាក់​ផ្សេង​ទៀត។ នេះ​បើ​តាម​សំដី​របស់​អ្នក​នាំ​ពាក្យប៉ូលិស។

សូម​បញ្ជាក់​ថា តាំង​ពី​ថ្ងៃ​ទី ៦ វិច្ឆិកា​មក បាតុករ​ដែល​​ជា​សកម្មជនអ៊ីស្លាម​ជ្រុល​និយម ​នៃ​ចលនា​Tehreek-i-Laback Yah Rassool Allah Pakistan បាន​ប្រមូល​ផ្តុំ​គ្នា​បិទ​ខ្ទប់​ផ្លូវ​ ជា​ច្រក​ចូល​ដ៏​សំខាន់​មក​កាន់​រដ្ឋ​ធានី អ៊ីស្លាម៉ាបាដ ដើម្បី​ទាមទារ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចុះ​ចេញ​ពី​តំណែង​បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ប៉ះពាល់​ដល់​សាសនា​អ៊ីស្លាម។ ការ​បិទ​ខ្ទប់​​នេះ​បាន​ធ្វើ​ឱ្យ​រំខាន​ជីវិត​រស់​នៅ​របស់​ប្រជាពលរដ្ឋ​​រាប់​ពាន់​នាក់​ និង​បាន​ធ្វើ​កុមារ​ម្នាក់​ស្លាប់​ព្រោះ​ដឹក​ទៅ​ពេទ្យ​មិន​ទាន់។ មិន​តែ​ប៉ុណ្ណោះ​ ចលនា​​បាតុកម្ម​នេះបាន​ទទួល​ការ​គាំទ្រ​ច្រើន​ឡើងៗ​ និង​បន្ត​រីករាលដាល ជា​រៀង​រាល់​ថ្ងៃ នៅ​តាម​បណ្តា​​​ក្រុង​​សំខាន់ៗ និង​ធំៗ​របស់​ប៉ាគីស្ថាន ដូច​ជា​ក្រុង​សេដ្ឋកិច្ច​ការ៉ាឈី ឡាអ័រ ជា​ច្រើន​ ។ល។ ក្រុមបាតុករ​រាប់​រយ​នាក់ បាន​នាំ​ដាក់​របាំង ឃាំង​ផ្លូវចូល​ក្រុង ផ្លូវ​នាំ​ទៅ​កាន់​កំពង់​ផែ ដែល​សុទ្ធ​ជា​ច្រក​យុទ្ធសាស្ត្រ​របស់​ប្រទេស។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប៉ូលិស​សម្រេច​ចិត្ត​ចេញ​ធ្វើ​ប្រតិបត្តិការ​បំបែក។

តាម​ការ​ពិត​ តុលាការ​ប៉ាគីស្ថាន បាន​បញ្ជា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ឱ្យ​ប៉ូលិស គាស់​រំលើងបញ្ចេញ​ពួក​បាតុករ​មិន​ឱ្យកាន់​កាប់​​​បិទ​ខ្ទប់​ផ្លូវ​​ តាំង​ពី​ដំបូង​​ភ្លាម​ម៉្លេះ ប៉ុន្តែ​​រដ្ឋាភិបាល​​​ចង់ចៀស​មិន​ប្រើ​កម្លាំង ព្រោះ​ខ្លាចខាត​ប្រយោជន៍​នយោបាយ ​ដោយ​​ការ​បោះឆ្នោត​សភា​កាន់​តែ​ខិត​ជិត​ចូលមក​ដល់។ រដ្ឋាភិបាល​សុខចិត្ត​ទៅ​​និយាយ​ចរចា​ អស់​រយៈ​ពេល​បី​សប្តាហ៍ នៅ​តែ​មិន​បាន​សម្រេច។

អ្នក​វិភាគ​ជា​ច្រើន​យល់​ថា ទង្វើ​ឆ្គាំឆ្គង និង​ទន់​ទ្រាយ​​របស់​រដ្ឋាភិបាល​ ពី​ដំបូង​នេះ អាច​ជា​គ្រោះថ្នាក់​​ នាំ​ឱ្យ​ពួក​អ្នក​ប្រឆាំង​​កាន់​តែ​ឡើង​ដៃ​ចង់ផ្ចាញ់​អាជ្ញាធរ​វិញទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ