rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បង់ក្លាដែស ភូមា ជនជាតិ​ភាគតិច ជនភៀសខ្លួន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បង់ក្លាដែសនិងភូមា ព្រមឱ្យHCRជួយ រៀបចំ​ដំណើរ​មាតុភូមិ​និវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា

media
ជនជាតិ​រ៉ូហ៊ីយ៉ា​ នៅ​ជំរំ ប្រទេស​បង់ក្លាដែស ថ្ងៃទី ២៤ វិច្ឆិកា ២០១៧ REUTERS/Susana Vera

បន្ទាប់​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​​ធ្វើ​មាតុភូមិ​និវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បង់ក្លាដែស​និង​ភូមា បាន​យល់​ព្រម​ទទួល​ជំនួយ​ពី​ភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​​របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា HCR ក្នុង​ការ​រៀប​ចំ​ដំណើរ​វិល​ត្រលប់​របស់​ពលរដ្ឋ​សហគមន៍​រ៉ូហ៊ីងយ៉ានេះ។ នេះ​បើ​​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បង់ក្លាដែស ដែល​អះអាងទៀតថា នៅ​ពេល​ទៅ​ដល់​ភូមា​ ពួក​គេ​​ ត្រូវ​រស់​នៅ​ក្នុង​ជម្រក​បណ្តោះអាសន្ន ឬ​ជំរំ​សិន។


បង់ក្លាដែស​និង​ភូមា ព្រម​ឱ្យ​អង្គការ HCR ជួយ​រៀប​ចំ​ដំណើរ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា​ហើយ ! ហើយ​ក្រុមការងារ​ទាំង​បី​ភាគី នឹង​ត្រូវ​ជួប​​ប្រជុំ​ការងារ នៅ​បី​សប្តាហ៍​ខាង​មុខ ដើម្បីកំណត់​បេសកកម្ម និង​​​រៀប​ចំ​លក្ខខណ្ឌ​​ចុងក្រោយ​នៃ​ការ​វិល​ត្រលប់​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រមុខ​ការ​ទូត បង់ក្លាដែស នៅ​ក្នុង​សន្និសីត​កាសែត ថ្ងៃ​សៅរ៍​ទី ២៥​វិច្ឆិកា។

បើតាម​លោក​រដ្ឋមន្ត្រី ​បង់ក្លាដែល-ភូមា ដែល​ទើប​ចុះ​កិច្ចព្រមព្រៀងកាលពី​ថ្ងៃ​ព្រហស្បតិ៍ ធ្វើ​មាតុភូមិ​និវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា ត្រូវ​ធ្វើការ​រួម​គ្នា​ ដើម្បី​រៀប​ចំដំណាក់កាល​បន្ត​បន្ទាប់​ទៀត ធ្វើ​យ៉ាង​ណា​ឱ្យ​ខាង​តែ​ធានា​បាន​ការ​វិល​ត្រលប់​​ប្រកប​ដោយ​សុវត្ថិភាព​និង​​ភាព​ថ្លៃថ្នូរ។ ជនជាតិ​រ៉ូហ៊ីងយ៉ាដែល​រត់​ភៀស​ខ្លួន​មក​បង់ក្លាដែស នឹង​ត្រលប់​ទៅ​ភូមាវិញ ស្រប​តាម​កិច្ច​ព្រមព្រៀង ប៉ុន្តែ​មិន​មែន​ទៅ​នៅ​ក្នុង​ផ្ទះ​សម្បែង​ដើម​ទេ ! ជា​បឋម​ ពួក​គេ​ត្រូវ​ស្នាក់​​នៅក្នុង​ជម្រក​បណ្តោះ​អាសន្ន ឬ នៅ​ក្នុង​ជំរំ​​បណ្តោះអាសន្ន មួយ​រយៈ​សិន ! និង​ជា​រយៈ​ពេល​ដែល​មាន​កំណត់ច្បាស់​លាស់។ ព្រោះ​ផ្ទះ​សម្បែង​ពួក​គេ ត្រូវ​បាន​ដុត​បំផ្លាច និង​ខូច​ខ្ទេច​ខ្ទី​ហើយ។ នេះ​បើ​តាម​ការ​លម្អិត​របស់​លោក​ប្រមុខ​ការទូត​បង់ក្លាដែស។

​តាម​ធម្មតា ដំណើរ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នឹង​ត្រូវ​ផ្តើម​អនុវត្ត​នៅរវាង​ពីរខែ​ទៀត ប៉ុន្តែ​​អង្គការ​HCR ​យល់​ថា​គេ​​គ្មាន​ហេតុផល​អ្វី​ត្រូវ​ប្រញាប់​ប្រញាល់ពេក​ទេ ព្រោះ​លក្ខខណ្ឌ​ធានា​សុវត្ថិភាព​មិន​ទាន់មាន​​គ្រប់​គ្រាន់​និង​ជា​លក្ខណៈ​យូរ​អង្វែង​។

នៅ​ក្នុង​កិច្ចព្រមព្រៀង ផ្សព្វផ្សាយ​ដោយ​ក្រុង​ដាកា នៅ​ថ្ងៃសៅរ៍​នេះ ​បាន​បញ្ជាក់​ថា​ភូមា ត្រូវ​ចាត់​វិធានការ​យ៉ាងណា ផ្តល់​សុវត្ថិភាព តំបន់​ភាគ​ខាង​ជើងរដ្ឋ​រ៉ាឃីន និង​លើក​ទឹក​ចិត្ត​អ្នក​ដែល​ចាកចេញ​ពី​ភូមា ឱ្យ​ចង់​ត្រលប់​មក​វិញ​ ដោយ​ស្ម័គ្រចិត្ត។ ភូមា​ក៏​ត្រូវមាន​វិធានការ​ច្បាស់​លាស់​ មិន​បណ្តោយ​ជនរ៉ូហ៊ីងយ៉ា​រត់​បណ្តែត​ ក្នុង​ស្ថានភាព​បណ្តោះអាសន្នយូរ និង​មាន​សេរីភាព​ដើរហើរ​ តាម​ច្បាប់៕