អានតួអត្ថបទ

Apple ទទួល​ស្គាល់​ថា​មាន​ការរំលោភ​ច្បាប់​ការងារ​ដើម្បី​បង្កើន​ផលិតផល​ Iphone X

តើ​ទូរស័ព្ទ​ដែល​អ្នក​កាន់​នឹង​ដៃ មាន​តម្លៃពលកម្ម​ប៉ុន្មាន ? ដើម្បី​បង្កើន​ល្បឿន​ផលិតផល​ ក្រុមហ៊ុន​ចិន អ្នក​ទទួល​ការងារ​បន្ត​ ​មិន​ខ្លាច​នឹង​បង្ខំ​​និសិ្សត​ឱ្យ​មក​ធ្វើការ​បន្ថែម​ម៉ោង​ ដោយ​ខុស​ច្បាប់ នៅ​ក្នុង​រោងចក្ររបស់​ខ្លួន​ទេ។ ក្រុមហ៊ុន​អេផល​អាមេរិក បាន​ប្រកាស​ទទួល​ស្គាល់​នៅថ្ងៃ​ពុធ​នេះ ថា​ពិត​ជា​មាន​ករណី​​រំលោភ​ច្បាប់​ការងារ​បែប​នេះ​មែន នៅ​ក្នុងក្រុមហ៊ុន​ទទួល​ការងារ​បន្ត​នៅ​​ប្រទេស​ចិន ហើយ​បាន​ចាត់​វិធានការ​ប្រឆាំង​ភ្លាម​ហើយ។

ដើម្បី​បង្កើន​ល្បឿន​ផលិត​ ក្រុមហ៊ុន​ចិន​មិន​ខាត​នឹង​បង្ខំ​និស្សិត​ឱ្យ​ធ្វើការ​ថែមម៉ោង
ដើម្បី​បង្កើន​ល្បឿន​ផលិត​ ក្រុមហ៊ុន​ចិន​មិន​ខាត​នឹង​បង្ខំ​និស្សិត​ឱ្យ​ធ្វើការ​ថែមម៉ោង © Reuters
ផ្សាយពាណិជ្ជកម្ម

បើ​តាម​Financial Times និស្សិត​ចិន​ប្រមាណ​បីពាន់​នាក់ ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ ១១​ម៉ោង​ក្នុង​ថ្ងៃ នៅ​ក្នុង​រោង​ចក្រ​តៃវ៉ាន់ Foxconn ដែល​ជា​​ក្រុមហ៊ុន​យក្ស​ផ្នែក​អេឡិចត្រូនិក​ លំដាប់​ទី​មួយ​ពិភពលោក ខាង​ទទួល​ការងារ​បន្ត​។ និស្សិត​កម្មករ​ទាំង​នោះ ជា​សិស្ស​នៃ​សាលា​ឯកទេស​ផ្លូវដែក ដែល​បង្ខំចិត្ត​ត្រូវ​​ធ្វើការយក​បទ​ពិសោធន៍​​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ ​អាច​ទទួល​សញ្ញាប័ត្របញ្ចប់​ការ​សិក្សា បើ​ទោះ​ការងារ​នោះ​​​គ្មាន​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​គ្នា​ក៏​ដោយ។

ក្រុមហ៊ុន​ដើមអេផល បាន​ធានា​អះអាង​ថា និស្សិត​ទាំង​នោះបាន​​មក​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ទេ និង​បាន​ទទួល​ប្រាក់​ខែ​តិច​តួច​ តែ​ពិត​ជា​មិនអាច​ធ្វើ​ការ​បន្ថែម​ម៉ោង​បាន​ឡើយ។ នៅពេល​បាន​ទទួល​ដំណឹង​នេះ​ភ្លាម ក្រុមហ៊ុន​បាន​បញ្ជូន​អ្នក​ជំនាញ​ទៅ​​ផ្ទាល់​កន្លែង​ដើម្បី​ពិនិត្យ​មើល​និង​រៀប​ចំ យន្តការ​ការ​ងារ​ឱ្យ​ស្រប​តាម​បទដ្ឋាន​ច្បាប់​ត្រឹមត្រូវ។

ទង្វើ​បែប​នេះ​ក៏​ខុស​នឹង​ច្បាប់ការងារ​​នៅ​ក្នុង​ប្រទេស​ចិនដែរ ហើយ​នេះ​មិន​មែន​ជារឿង​អាស្រូវ​រំលោភ​ច្បាប់​ការងារ​​លើក​ទី​មួយ​ឡើយ។ ​​​ក្រុមហ៊ុន​តៃវ៉ាន់ Foxconn​ ធ្លាប់​ជាប់​ត្រូវ​បាន​គេ​ចង្អុល​មុខ​ជា​ច្រើន​លើក​ច្រើន​សា នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​ អំពី​លក្ខខណ្ឌការងារ​របស់​កម្មករ​ រហូត​ធ្វើ​ឱ្យ​មាន​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​ការ​ផលិត​ទូរស័ព្ទ​iphone។ ជា​ញឹកញយ ដើម្បី​ពន្លឿន​ផលិតផល​ទូរស័ព្ទ ត្រៀម​​ម៉ូដែល​ចេញ​ថ្មី ក្រុមហ៊ុន​តែងរក​ពឹង​កម្លាំង​ពលកម្ម​និស្សិត។ នៅ​ឆ្នាំ​២០១០ សិស្ស​សាលា​វិទ្យាល័យ​ជំនាញ​ ២៥០០០​នាក់ ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​កម្មសិក្សា​នៅ​ក្នុង​ក្រុមហ៊ុន​Foxconn ជា​ដាច់​ខាត បើ​ចង់​បាន​សញ្ញាប័ត្រ ជា​ថ្នូរ​នឹង​ប្រាក់​ឧបត្ថម្ភ​តិចតួច។ នេះ​បើ​ការ​រំលើក​ក្នុង​ទំព័រ​កាសែត​ប៉េកាំង។ ដូចគ្នា​នេះ​ដែរ នៅ​ឆ្នាំ​២០១៣ កាសែត​ចិន​បាន​បំផុស​រឿងអាស្រូវ​​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​Xian ដែល​បង្ខំ​និស្សិត​ឱ្យធ្វើ​កម្មសិក្សា​ ​ហ្វឹកហ្វឺនខ្ចប់​ហ្គេមPlayStation ដាក់​ប្រអប់ ឱ្យ​ក្រុមហ៊ុន​Foxconn មួយ​ថ្ងៃ​១១​ម៉ោង បើ​ចង់​បាន​សញ្ញាប័ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ