ហ្វីលីពីនលុបបម្រាមដែលហាមឃាត់ការពន្យារកំណើត
បន្ទាប់ពីបានតស៊ូតាមផ្លូវច្បាប់អស់រយៈពេលជាងពីរឆ្នាំ នៅទីបំផុត ហ្វីលីពីន សម្រេចលើកចេញ បម្រាមមិនឱ្យប្រើមធ្យោបាយពន្យារកំណើត។ ថ្នាំពន្យារកំណើតនឹងត្រូវចាប់ធ្វើចរាចរណ៍ និងផ្តល់ជូនដោយឥតគិតថ្លៃដល់ពលរដ្ឋក្រីក្រនៅក្នុងពេលឆាប់ៗនេះ។ នៅហ្វីលីពីន ការពន្យារកំណើតជាប្រធានបទដែលគ្មាននរណាហ៊ានលើកមកជជែកទេ ការរម្លូតកូនជាទង្វើខុសច្បាប់ និងតំបន់ខ្លះទៀតច្បាប់រម្លូតកូនមានភាពចម្រូងចម្រាសមែនទែន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៧
ហ្វីលីពីន ជាប្រទេសកាតូលិកធំជាងគេប្រចាំតំបន់អាស៊ី។ ស្ថាប័នវិហារកាតូលិក ដ៏មានឥទ្ធិពល ប្រឆាំងដាច់ខាតនឹងរាល់គ្រប់មធ្យោបាយពន្យារកំណើតបែបសប្បនិម្មិត និងបានប្រើគ្រប់មធ្យោបាយ ដើម្បីបង្កើតជាច្បាប់ហាមឃាត់ការប្រើថ្នាំពន្យារកំណើត ជាថ្នាំលេប ជាកងដាក់ក្នុងស្បូន ជាការចាក់ថ្នាំអ័រម៉ូន ... ដោយយល់ថា មធ្យោបាយពន្យារកំណើតទាំងនោះអាចនឹងធ្វើឱ្យមានរម្លូតកូន (ប៉ះពាល់ដល់ជីវិត)។
វិហារកាតូលិកការធ្វើការប្តឹងផ្តល់ទៅតុលាការ ហើយក្នុងរយៈពេលនៃដំណើរការក្តី ពីរឆ្នាំ ថ្នាំពន្យារកំណើតគ្រប់ប្រភេទ តម្លៃប្រមាណ ជាងបួនលានដុល្លារ ត្រូវបិទខ្ទប់ទុកក្នុងឃ្លាំង និងជាប់បម្រាមហាមឃាត់មិនឱ្យធ្វើចរាចរណ៍លើទីផ្សារទេ។ ថ្នាំខ្លះដល់ពេលបោះចោលផង ព្រោះខ្លះហួលកាលកំណត់ប្រើប្រាស់ នៅឆ្នាំក្រោយទៅហើយ។
ប៉ុន្តែនៅថ្ងៃនេះ ខុសពីថ្ងៃម្សិលមិញ ដោយគ្មានភស្តុតាងបច្ចេកទេសវិទ្យាសាស្ត្រណាបញ្ជាក់ថា ថ្នាំពន្យារកំណើតជាដើមហេតុនាំឱ្យរលូតកូន អាជ្ញាធរសុខភាពហ្វីលីពីនបានសម្រេចលើកបម្រាមហាមឃាត់ការចរាចរណ៍ថ្នាំពន្យារកំណើត និងបើកផ្លូវឱ្យមានការអនុវត្តច្បាប់ស្តីអំពីសុខភាព អនុម័តកាលពីបួនឆ្នាំមុន។
ហ្វីលីពីន មានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោកលំដាប់ទី១២ និងមានកំណើនពលរដ្ឋ១,៧% ក្នុងមួយឆ្នាំៗ ហើយស្ត្រីម្នាក់បង្កើតកូន៣,៤៥នាក់ជាមធ្យម។ ថ្វីបើមានអនុសាសន៍ណែនាំឱ្យកាត់បន្ថយកំណើតតាំងពីឆ្នាំ១៩៧០មកក្តី ក៏នយោបាយពន្យារកំណើតនៅក្នុងប្រទេសនេះមានការយឺតយ៉ាវខ្លាំង។ គេត្រូវរង់ចាំដល់ឆ្នាំ ២០១៤ ទើបហ្វីលីពីនសម្រេចបង្កើតច្បាប់ពន្យារកំណើតបាន តែត្រូវព្យួររហូតមក។
តែសម្រាប់លោកឌុយទែរតេ បង្កើតកូនច្រើនពេកប្រទេសក្រ ! គ្រាន់តែបានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន នៅខែមិថុនា២០១៦មកភ្លាម លោក ឌុយទែរតេ បានប្រកាសចាត់ទុកច្បាប់សុខភាពពន្យារកំណើតជាអាទិភាព និងគំរាមឱ្យគ្រួសារមួយមានកូនបីនាក់យ៉ាងច្រើនបំផុត ដោយដេញមនុស្សប្រុសឱ្យទៅគ្រៀវ តាមគំរូកម្មវិធីពន្យារកំណើតនៅក្រុងDavao។ ក្រុងដែលលោកឌុយទែរតេធ្លាប់ធ្វើជាចៅហ្វាយក្រុង និងដែលមានផ្តល់កម្មវិធីពន្យារកំណើត វះកាត់ចងប្រដាប់បន្តពូជបុរសដោយឥតគិតថ្លៃ ជាថ្នូរនឹងជំនួយឧបត្ថម្ភពីរដ្ឋ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ