អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​​និង​​វៀតណាម​​ព្រមព្រៀងគ្នា​​​មិន​​បន្ថែម​​ភាព​ស្មុគស្មាញ​​ក្នុង​​ជម្លោះ​​ដែនទឹក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន​បាន​បិទបញ្ចប់​ កាលពី​ថ្ងៃ​អង្គារ​១៤វិច្ឆិកា។ ​ចិន​​មានជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ​​ជាមួយ​ប្រទេស​អាស៊ាន​​មួយចំនួន ដូចជា​វៀតណាម រឺ​ក៏​ម៉ាឡេស៊ី​ តែ​ចិន​និង​វៀតណាម​បានធ្វើអោយ​គេ​​ចាប់អារម្មណ៍​ដោយសារ​តែ​ប្រទេស​ទាំង២​បានធ្វើ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ ព្រមព្រៀង​មិន​អោយ​​​ជម្លោះ​ដែនទឹក​ កាន់តែ​មានភាព​ស្មុគស្មាញ។

ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​ប្រធានាធិបតី​វៀតណាម​ Trần Đại Quang
ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​ប្រធានាធិបតី​វៀតណាម​ Trần Đại Quang REUTERS/Luong Thai Linh/Pool
ផ្សាយពាណិជ្ជកម្ម

តើ​សេចក្តីថ្លែងការណ៍​រួម​រវាង​ចិន​និង​វៀតណាម មាន​ខ្លឹមសារ​ដូចម្តេច ? ចិន​និង​វៀតណាម​ព្រមព្រៀង​គ្នា​​ថា មិន​អោយ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​មានភាព​ស្មុគស្មាញ​ថែមទៀតទេ។ ចិន​និង​វៀតណាម ព្រមព្រៀង​គ្នា​ថា ​នឹង​រក្សា​សន្តិភាព​និង​ស្ថិរភាព នៅ​សមុទ្រ​ចិន​ខាងត្បូង។ ​សេចក្តីថ្លែងការណ៍រួម​រវាង​ប្រទេស​ទាំង២​​​​​បាន​សម្រេចឡើង​ ក្នុង​ពេល​​ប្រធានាធិបតី​ចិន​ លោក​ស៊ី ជីនពីង ​បាន​ជួប​ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម លោក​ ង្វៀន ភូត្រុង ​នៅ​ទីក្រុង​ហាណូយ កាលពី​ពេលថ្មីៗ​នេះ។ ​​​ប្រធានាធិបតី​ចិន​បាន​​បញ្ចប់​ទស្សនកិច្ច​នៅ​វៀតណាម កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ។ ​ ​

ខណៈចិន​និង​​​វៀតណាម​ព្រមទាំង​​ប្រទេស​នៅ​អាស៊ី​​មួយចំនួន​ដូចជា​ ម៉ាឡេស៊ី ព្រុយណេ ​ហ្វីលីពីន មានជម្លោះ​ដណ្តើមដែនកោះ​នៅ​សមុទ្រចិន​ខាងត្បូង វៀតណាម​បែរជា​ព្រមសម្រួល​ឥរិយាបថ​ជាមួយចិន សន្យា​មិន​បន្ថែមភាព​តានតឹង​ក្នុង​ជម្លោះ​នេះ​ទៅវិញ។ វៀតណាម​កំពុង​ដើរ​តាម​ហ្វីលីពីន របស់​លោក​ឌុយទែរតេ​ ដែល​សុខចិត្ត​មិនធ្វើដឺងមិន​លឺ​រឿង​ជម្លោះដែនទឹក ដើម្បី​ទទួលបាន​ប្រយោជន៍​ពី​ការវិនិយោគ​ចិន​ទេដឹង ?

គ្រប់គ្នា​ដឹង​ថា ​ជម្លោះ​​​​រវាង​ចិន​និង​វៀតណាម​ ទាក់ទង​នឹង​ដែនទឹក​នៅ​សមុទ្រចិន​ខាងត្បូង ដូចជា​ភ្លើង​ឆេះសន្ធោរសន្ធៅ​អញ្ចឹង។ ប្រទេស​កុម្មុយនិស្ត​ទាំង២​សុទ្ធតែ​អះអាងថា ប្រជុំ​កោះ​ជម្លោះ​នៅ​សមុទ្រ​ចិន ជា​កម្មសិទ្ធិ​ទឹកដី​ខ្លួន ផ្អែក​​​តាមប្រវិត្តសាស្ត្រ​។ ​គេនៅចាំ​ថា កាលពី​ឆ្នាំ​២០១៤ ​ចិន​បាន​បោះទីតាំង​ចម្រាញ់​យកប្រេង​នៅ​ប្រជុំ​កោះជម្លោះ​​ប៉ារ៉ាសែល ធ្វើអោយ​វៀតណាម​ជំទាស់ រហូត​ផ្ទុះ​រាលដាល​​មាន​ ​ការ​ប៉ះទង្គិច​នៅតាម​ផ្លូវទឹក និង​ក្នុងស្រុក​វៀតណាម​ទៀតផង។ ​កាលនោះ ​រដ្ឋាភិបាល​វៀតណាម​បាន​គាំទ្រ​បាតុកម្ម​ប្រជាជន​ក្នុងស្រុក​ ប្រឆាំង​នឹង​ចិន។ បាតុករ​វៀតណាម​បាន​បំផ្លិចបំផ្លាញ​​ទីតាំង​រោងចក្រ​ចិន​ ក្នុងស្រុក។ ពលរដ្ឋ​ចិន​២រូប​ត្រូវបាន​ស្លាប់។ កប៉ាល់​ចិន​បាន​ប៉ះទង្គិច​ជាមួយ​កប៉ាល់​វៀតណាម ធ្វើអោយ​កប៉ាល់​វៀតណាម​លិច​ទៅ។ ភាពតានតឹង​ដូចនេះ ប្រជាជន​វៀតណាម​ប្រហែល​ជា​មិនភ្លេច​ងាយៗទេ ប៉ុន្តែ ពេលនេះ​រដ្ឋវៀតណាម​បែរជា​ព្យាយាម​បន្ធូរ​បន្ថយ​​ភាពតានតឹង​ជាមួយ​ចិន​ដោយបាន​ចេញ​​សេចក្តីថ្លែងការណ៍​រួម​ជាមួយ​ចិន ព្រមព្រៀង​គ្នា​មិនបង្កើន​ភាព​ស្មុគស្មាញ​ក្នុង​ជម្លោះ​ដែនទឹក​​។​

តាម​រយៈ​សេចក្តី​ថ្លែងការណ៍រួមនេះ វៀតណាម​​ហាក់ដូចជា​ដើរតាមយុទ្ធសាស្ត្រ​ចិន ដែល​ចង់​អោយ​អាស៊ាន​យល់ស្រប​តាមចិន​ថា ​​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន ត្រូវតែ​ឆ្លងកាត់​ដំណោះស្រាយ​តាម​បែបទ្វេភាគី​​ ​ជាជាង​​តាមបែប​អន្តរជាតិ​រួមគ្នា​នោះ។ ​ចិន​មិនចង់​អោយ​គោលការណ៍​រួមគ្នា​របស់​ប្រទេស​អាស៊ាន​ទាក់ទង​ជម្លោះ​សមុទ្រ​ចិន​ ប្រឆាំង​នឹង​​បំណង​របស់​ចិន​មួយនេះ​ទេ។ តាំងពី​លោក​ស៊ី ជីនពីង ឡើងគ្រប់គ្រង​ចិន​នៅ​ឆ្នាំ​២០១២​មក ចិន​បាន​ព្យាយាម​បោះទីតាំងផ្សេងៗ មានទាំង​ទីតាំង​យោធា ​​នៅ​ដែនជម្លោះ​នៅ សមុទ្រ​ចិន​ ធ្វើអោយ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដែលមានជម្លោះដែនទឹក​​កាន់តែ​តានតឹង។

​អាមេរិ​កដែល​ចង់​ដាក់​ឥទ្ធិពលនៅ​អាស៊ី​ក៏បាន​ព្រមាន​ចិន​ដែរពីភាពតានតឹង​ទាំងនេះ ប៉ុន្តែ​ ចិន​បាន​ព្រមាន​ទៅអាមេរិក​ញយដង​ហើយដែរថា ជម្លោះ​ដែនទឹក​មួយនេះ ត្រូវតែ​ធ្វើការ​ដោះស្រាយ​បែប​ទ្វេភាគី អាមេរិក​មិនត្រូវ​លូកដៃ​ចូលទេ។​ លោក​ដូណាល់ ត្រាំ ​ជា​ប្រធានាធិបតី​អាមេរិក​អាណត្តិថ្មីវិញ ក៏ដូចជា​មិនបាន​ធ្វើអោយ​ចិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ដែរ ព្រោះ​មុន​ចិន​ប្រកាស​ថា បាន​សម្រេច​សេចក្តីថ្លែងការណ៍​រួម​ជាមួយ​វៀតណាម លោក​ដូណាល់ ត្រាំ បាន​ខ្លួន​ធ្វើជា​អន្តរការី ក្នុង​ជម្លោះ​ជាមួយចិន។

បើ​អាមេរិក​សុំខ្លួន​ដោះស្រាយ​ជម្លោះ​ចិន​និង​វៀតណាម ហេតុអ្វី​ក៏​វៀតណាម​បែរជា​ព្រម​ចេញ​សេចក្តីថ្លែងការណ៍​រួម​ជាមួយ​ចិនទៅវិញ? វៀតណាម​និង​អាមេរិក​ធ្លាប់​ជាអតីត​​​សត្រូវ​សង្គ្រាម​នឹងគ្នា ដូច្នេះ វៀតណាម​ក៏​ប្រហែល​ពិបាក​ទុកចិត្ត​អាមេរិកក្នុង​ជម្លោះ​ជាមួយ​ចិន​​ដែរ។ វៀតណាម​ដឹងថា ​​អាមេរិក​ក៏កំពុង​ដណ្តើមទីផ្សារ​នៅចិន​ ជាមួយ​អឺរ៉ុបដែរ ដូច្នេះ អាមេរិក​ប្រហែល​មិនធ្វើអ្វី​ផ្តេសផ្តាស​ជាមួយ​ចិន​ទេ។ ​វៀតណាម​មានតែ​បន្ទន់​ឥរិយា​បថជាមួយ​ចិន​វិញទេ ម្យ៉ាង​ក៏​ដើម្បី​រក្សា​ទំនាក់ទំនង​ទ្វេភាគី និង​ផលប្រយោជន៍​​សេដ្ឋកិច្ច​ដែរ។ ​​

ដោយឡែក ​សេចក្តីថ្លែងការណ៍​រួមគ្នារវាង​ចិន​និង​វៀតណាម​ព្រមព្រៀង​គ្នា​មិន​បង្កើន​ភាព​ស្មុគស្មាញ​ក្នុង​ជម្លោះ​ដែនទឹក នៅ​សមុទ្រ​ចិន​ ក៏​អាច​ជា​សញ្ញាប្រាប់ទៅ​អាមេរិក​ថា កុំអោយ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៅ​អាស៊ី ​រឿង​អាស៊ី គឺ​អាស៊ី​ជា​អ្នកដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ