អានតួអត្ថបទ
ចិន-កូរ៉េខាងជើង​

ចិន​​នឹង​បញ្ជូន​​​ប្រេសិត​​​​ពិសេស​​ទៅ​​កូរ៉េខាងជើង​​​​

ថ្ងៃសុក្រ​១៧​វិច្ឆិកា​​ខានស្អែកនេះ លោក​ សុង តៅ Song Tao ជា​បេសកជន​​ពិសេស​របស់​ចិន​ នឹង​​ទស្សនកិច្ច​នៅ​​កូរ៉េខាងជើង​។ ទិសដៅ​គឺ​ដើម្បី​ផ្តល់ដំណឹង​ដល់​ក្រុងព្យុងយ៉ាង​ ពី​ដំណើរការ​​ទាក់ទង​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ពាក់​កណ្តាល​ខែ​តុលា។ ​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង​​​​ក៏បាន​គូសបញ្ជាក់​ពី​ទស្សនកិច្ច​របស់​​​លោក​សុង តៅ ដែរ។​

ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង
ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង Reuters
ផ្សាយពាណិជ្ជកម្ម

ដ្បិតថា​ ទស្សនកិច្ច​​​របស់​តំណាងពិសេស​ចិន​នៅ​កូរ៉េខាងជើង​​​ផ្តោត​លើ​ការ​ផ្តល់ដំណឹង​ពី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​​​​ ទៅ​អោយ​កូរ៉េខាងជើង​​ក៏ដោយ​ចុះ ក៏​​គេ​​មើលឃើញ​​ថា តំណាង​ពិសេស​ចិន​ លោក​សុង តៅ ​​ក៏​អាច​នឹង​លើកឡើង​​​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ ជាមួយ​ថ្នាក់ដឺកនាំ​កូរ៉េខាងជើង​​ដែរ។

ដោយសារ​​​រឿង​នុយក្លេអ៊ែរនេះ​ សប្តាហ៍​មុន ​​​ប្រធានាធិបតី​​អាមេរិក​ លោកដូណាល់ ត្រាំ ទើប​តែ​ស្នើ​អោយ​លោក​ស៊ី ជីនពីង បន្ថែម​សម្ពាធ​ទៅលើ​ក្រុងព្យុងយ៉ាង​ប៉ុណ្ណោះ។ ម្សិលមិញ លោក​ត្រាំ​បាន​បញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅ​អាស៊ី ជាទស្សនកិច្ច​ជំរុញ​អោយ​រក​ដំណោះស្រាយប្រឈម​នឹង​មហិច្ឆតា​យោធា​​ក្រុងព្យុងយ៉ាង។

​ថ្ងៃសុក្រ​ខាងមុខ​ ​តំណាងពិសេស​ចិនប្រហែល​ជា​អាច​ជំរុញ​អោយ​កូរ៉េខាងជើង​​ចូលតុ​ចរចា​ឡើងវិញ។​ ​​ទស្សនកិច្ច​របស់​លោក​សុង តៅ ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​មន្ត្រី​ជាន់ខ្ពស់​ចិន​នៅ​កូរ៉េខាងជើង គិតតាំង​ពីទស្សនកិច្ច​របស់​​អនុរដ្ឋមន្ត្រី​ការបរទេសចិន ​លោក​លីវ ហ្សិនមីង នៅ​​​កូរ៉េខាងជើង​កាលពី​ខែ​តុលា​ឆ្នាំ​២០១៦។ ​​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េខាងជើង​ធ្លាក់ចុះដោយសារ​តែ​បញ្ហា​នុយក្លេអ៊ែរ​របស់​ក្រុងព្យុងយ៉ាង។ ប្រធានាធិបតី​ចិន​ លោក​ស៊ី ជីនពីង​ មិន​ទាន់បាន​ជួបផ្ទាល់​ជាមួយ​លោក​គឹម ជុងអ៊ុន ទេ គិត​តាំងពី​លោក​គឹម ជុងអ៊ុន ឡើង​ដឹកនាំ​កូរ៉េខាងជើង​នៅ​ចុងឆ្នាំ​២០១១មក។ ​

ដោយឡែក ទោះបី​ជា​លោក​ដូណាល់ ត្រាំ ប្រាប់ថា ចិន​ព្រម​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​​​លោកគឹម ជុងអ៊ុន ក៏​ថ្មីៗ​នេះ គេ​មិនទាន់ឃើញ​ចិន​​បញ្ចេញ​ទណ្ឌកម្ម​អ្វី​ថ្មី​ទៀត​ដែរ ក្រៅតែ​ពី​ទណ្ឌកម្ម​កន្លងមក ដែល​ស្ថិត​ក្នុង​ក្របខណ្ឌ​​នៃ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។ ​ ​​​

កន្លងមក ស្របតាម​សេចក្តីសម្រេច​អង្គការ​សហប្រជាជាតិ ​ចិនបានចេញ​ទណ្ឌកម្ម​​ទាក់ទង​នឹង​ការទិញ​រ៉ែនិង​ធ្យូងថ្ម​កូរ៉េខាងជើង​រួចហើយដែរ។ ចិន​នៅតែ​ប្រកាន់​ជំហរ​​ការទូត និងភាព​អត់ធ្មត់ ក្នុង​ការ​ដោះស្រា​យបញ្ហា​កូរ៉េខាងជើង​។ ដោយឡែក លោក​ដូណាល់ ត្រាំ និង​លោក​គឺម ជុងអ៊ុន នៅ​តែ​បន្ត​ត្មះតិះដៀល​គ្នា​ទៅវិញទៅមក​ដូច​កូនក្មេង។ ​កាលពី​ពេល​ទស្សនកិច្ច​នៅ​សេអ៊ូល សប្តាហ៍​មុន​នេះ​ លោក​ត្រាំ ​ចោទ​លោ​ក​គឺម ថា​ជា​មេដឹកនាំ​ផ្តាច់ការ។ ខាង​សារព័ត៌មាន​កូរ៉េខាងជើង​វិញ បាន​តប​ថា លោក​ត្រាំ សម​តែ​នឹង​ស្លាប់​ដែល​ហ៊ាន​​ប្រមាថ​លោក​គឹម ជុងអ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ